រថយន្ត​ក្រុង​សាធារណៈ នឹងត្រូវ​ផ្អាក​ដំណើរការ​ក្នុង​ថ្ងៃ​បោះឆ្នោត
Posted On : កក្កដា, 25, 2018 | By សំឡេងទីក្រុង

សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង របស់​រដ្ឋាករ​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) នឹង​ត្រូវ​ផ្អាក​ រយៈពេល ១ថ្ងៃ គឺ​នៅអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦។ នេះ​បើ​យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី២៤ ខែកក្កដា​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការ​ផ្អាក​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​ក្នុង​ថ្ងៃ​បោះឆ្នោតនេះ គឺអនុវត្ត​តាម​សេចក្ដី​អំពាវនាវ​របស់​ គ.ជ.ប និងលិខិត​ជូនដំណឹង​ក្រសួង​ការងារ​ ដើម្បី​ឲ្យ​បុគ្គលិក​ City Bus បាន​អនុវត្ត​សិទ្ធិក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ពោល​គឺ​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ជូនដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញនោះ បាន​បញ្ជាក់ថា សេវា​រថយន្ត​ក្រុង​សាធារណៈ នឹង​ដំណើរការ​ជា​ធម្មតា​វិញ នៅ ថ្ងៃ​ចន្ទ ទី៣០ ខែកក្កដា​ ឆ្នាំ២០១៨៕

ប្រភព៖ ខ្លីៗ

សំឡេងទីក្រុង!

សំឡេងទីក្រុង!