រថភ្លើង​ភ្ជាប់​ព្រលាន​យន្តហោះ​នឹង​ដំណើរការ​ខែ​ ៤

ផ្លូវដែក​ថ្មី​តភ្ជាប់​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ស្ថានីយ​រថភ្លើង​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​ ១០ ខែ​មេសា​។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល និង​មន្ដ្រី​ក្រុមហ៊ុន Royal Railways​។

លោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គម្រោង​នេះ​ភាគច្រើន​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​​នៅ​មាន​ភារកិច្ច​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់​។ ​លោក​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​៖ «​វា​នឹង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​កណ្ដាល​ទីក្រុង​ទៅ​ព្រលានយន្តហោះ​»​។

សេវា​នេះ​នឹង​មិន​គិត​ប្រាក់​ក្នុង​រយៈពេល​ ២ ​ខែ​កន្លះ​ដំបូង​។ នេះ​បើ​តាម​លោក John Guiry អគ្គនាយក​ក្រុមហ៊ុន Royal Railways ដែល​បាន​បដិសេធ​ផ្ដល់​តម្លៃ​នៅពេល​អនាគត ប៉ុន្តែ​ថ្លែង​ថា​វា​នឹង​មាន​តម្លៃ​ទាប​ជាង រ៉ឺម៉ក​ម៉ូតូ ឬ​តាក់ស៊ី​។

លោក John Guiry ថ្លែង​ថា​៖ «​យើង​នឹង​ព្យាយាម​ធ្វើឲ្យ​ប្រជាជន​ប្រើប្រាស់​វា និង​មើល​អ្វី​ដែល​ខ្លូន​ចូលចិត្ត និង​ទទួល​បទពិសោធ​ពី​វា​»​។ លោក​បន្ថែម​ថា ការ​ធ្វើ​ដំណើរ​ចម្ងាយ​ ១០ គីឡូម៉ែត្រ​នឹង​ត្រូវ​ការ​ពេលវេលា​នៅ​ចន្លោះ​ពី​ ២២ ​ទៅ​ ៣០ ​នាទី តិច​ជាង​ជា​មធ្យម​នៃ​ការ​ជិះ​រ៉ឺម៉ក​ម៉ូតូ ឬ​ការ​ជិះ​រថយន្ត​ពី​កណ្ដាល​ទីក្រុង​ទៅ​ព្រលាន​យន្តហោះ​។

ក្នុង​ដំណាក់កាល​សាកល្បង​នេះ​ក្រុមហ៊ុន Royal Railways នឹង​ប្រើប្រាស់​រថភ្លើង​ដែល​មាន​ស្រាប់​របស់​ខ្លួន មុនពេល​រថភ្លើង​ដែល​នាំចូល​ពី​ម៉ិកស៊ិក​ដឹក​មក​ដល់​។ រថភ្លើង​ដែល​មាន​ស្រាប់​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ១១០ ​ទៅ ១៣០ នាក់​។ នៅពេល​ប្រតិបត្តិការ​ចាប់ផ្ដើម​រថភ្លើង​នឹង​ចេញ​ដំណើរ​ពី​ស្ថានីយ​រៀងរាល់ ២៥ ​នាទី​ម្ដង​។ នេះ​បើ​តាម​លោក Guiry​។ លោក​ថ្លែង​ថា​៖ «​យើង​ដំណើរការ​សាកល្បង​រថភ្លើង​រយៈពេល​ប្រហែល ៣ ​ទៅ​ ៤ ​សប្ដាហ៍ បន្ទាប់មក​រថភ្លើង​នាំចូល​មកពី​ប្រទេស​ម៉ិកស៊ិក​នឹង​ដាក់​ដំណើរការ​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply