រដ្ឋ​៖ មន្ត្រី​មាន​លុយ​ច្រើន តែ​រដ្ឋ​ខ្វះ​ថវិកា​អភិវឌ្ឍន៍​ជាតិ​
Posted On : វិច្ឆិកា, 24, 2016 | By Vantha

ភ្នំពេញ៖ មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល មានលុយ មានឡាន មានវិឡា នោះជារឿងគួរឲ្យសសើរ ដែលមន្ត្រីធំៗ ពូកែរកស៊ីមានបាន ដែលខុសពីកសិករ ខំព្រឹកខ្វះល្ងាច។ ចំណែករដ្ឋខំប្រឹងទាំងលំបាក តាមរយៈការទាញប្រយោជន៍ពីធនធានធម្មជាតិផង ពន្ធដារផង សម្បត្តិវប្បធម៌ ព្រមទាំងខ្ចីបរទេសផង នៅតែទ្រាំទ្រមិនចង់រួចក្នុងការរៀបចំសង្គម និងអភិវឌ្ឍន៍ប្រទេស។ ភាពខុសគ្នារវាងភាពមានបានរបស់មន្ត្រីធំ ការលំបាករបស់ប្រជាពលរដ្ឋក្រីក្រជាច្រើន និងភាពខ្វះខាត់របស់រដ្ឋ ក្នុងការស្ទុះស្ទារកសាងជាតិ បានក្លាយជាចម្ងល់ប្រចាំថ្ងៃរបស់បញ្ញវន្ត និងប្រជាជនទូទៅ។

ពេលមន្ត្រីធំ ដើរចែកអំណោយ ដល់រាស្ត្រនោះគឺជាផ្នែកមួយដែលជួយសម្រួលស្ថានភាពរបស់ប្រជាជនបានមួយគ្រា នៅពេលដែលរាស្ត្រទាំងនោះជួបទុក្ខលំបាក និងត្រូវការជំនួយ។ បន្ថែមពីនេះ គឺជារូបភាពបញ្ជាក់ថា អ្នកមាន អ្នកធំ លោកមានចិត្តល្អ ចិត្តសប្បុរស ដែលចេះជួយទុក្ខលំបាក់ពលរដ្ឋខ្លួន និងនាំសង្គមឲ្យរីកចម្រើន។  ទង្វើនេះនាំឲ្យមានការកោតសរសើរដល់មន្ត្រីធំទាំងនោះដែលមានឆន្ទៈគិតគូរដល់ប្រជារាស្ត្រ ក្នុងទិសដៅជួយអភិវឌ្ឍន៍ជាតិ។

ស្របពេលជាមួយគ្នានេះ មន្ត្រីធំៗទាំងនោះ ឆ្លៀតលើកឡើងថាប្រទេសខ្លួនរីកចម្រើន កំណើនសេដ្ឋកិច្ចល្អ រហូតមានការចាត់ចំណាត់ថ្នាក់ទៀតផង។ ពាក់ព័ន្ធជាមួយការលើកឡើងរបស់មន្ត្រីមានលុយ អ្នកមានស្ដុកស្ដម្ភ វាសមតែរាជការ មួយនេះ អាចរស់បានដោយខ្លួនឯង ដោយមិនចាំបាច់ សុំលុយបរទេស សុំជំនួយអន្តរជាតិ ទៀតទេព្រោះខ្លួនមានហើយ។ ចំណែកឯប្រជាជនវិញនោះ សមតែមានស្ថានភាពគ្រួសារសមរម្យច្រើន ដោយមិនចាំបាច់លើកដៃទទួលអំណោយនោះដែរ។

ផ្ទុយមកវិញមួយឆ្នាំៗរាជការត្រូវប្រឹងប្រែងរកលុយពីគ្រប់ច្រក ដើម្បីយករៀបចំជាតិ បើកប្រាក់ខែឲ្យមន្ត្រីរាជការ កសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ អភិវឌ្ឍន៍ក្រសួងស្ថាប័នផ្សេងៗ និងប្រើប្រាស់គ្រប់តម្រូវការចំណាយរបស់រដ្ឋក្នុងមួយឆ្នាំៗ។ បន្ថែមពី រហូតសុំលុយជំនួយ និងទទួលជំនួយបរទេសស្ទើររាល់ឆ្នាំ ទាំងមានសំណង និងឥតសំណង ក៏នៅតែស្ថានភាពរដ្ឋនៅតែត្រូវបានគេមើលឃើញថា រដ្ឋមួយនេះនៅក្រនៅឡើយ។ ចំណែកឯប្រជារាស្ត្រវិញនោះ បើនិយាយពីជីវភាព ប្រហែលជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អច្រើនជាងអ្នកមាន។ ហេតុផលនេះ តើការប្រឹងប្រែងសរសើរថារដ្ឋមួយនេះ ប្រជាពលរដ្ឋក្នុងរដ្ឋមានលក្ខណៈល្អប្រសើរដូចការវាយតម្លៃគុណភាពកំណើនសេដ្ឋកិច្ច ជារឿងត្រឹមត្រូវឬក៏អត់?

សរុបទៅ ពេលខ្លះមានភាពផ្ទុយគ្នារវាងការលើកអះអាង និងតថភាពពិតជាក់ស្ដែងនៅក្នុងសង្គម។ ពលរដ្ឋនៅក្នុងសង្គមមួយនេះសំណាងណាស់ដែលមានមន្ត្រីល្អ ចេះជួយចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួន។ ប៉ុន្តែរាស្ត្រក្នុងសង្គមមួយនេះ ក៏មិនអាចចាំតែទទួលអំណោយបន្តិចបន្តួច ដែលអាចដោះស្រាយជីវភាពបានតែមួយគ្រា។  ចំណែកការអួតសរសើរពីរដ្ឋ គួរណាស់មន្ត្រីមួយចំនួនត្រូវស្វែងយល់ពីតថភាពទូទៅ ជាជាងការសំឡឹងមើលតែមួយផ្នែកនៃសង្គម ព្រោះរដ្ឋខ្លួនឯងមិនទាន់អាចនិយាយបានថា ជារដ្ឋទំនើប ដែលមានសមត្ថភាពអភិវឌ្ឍន៍ជាតិបានដោយខ្លួនឯងនៅឡើយទេ៕

ប្រភព៖ thmeythmey.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!