photo_2017-07-03_15-59-58

រដ្ឋា​ភិ​បាល​ជំរុញ​ឲ្យ​កាត់​​បន្ថយ​​ប្រើ​​ថង់​​ផ្លាស្ទិក​តាម​រយៈ​អនុ​ក្រឹត្យ​ថ្មី

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ថ្មីៗនេះ បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ផ្លាស្ទិកក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត និងការប្រើប្រាស់ថង់ផ្លាស្ទិក សំដៅកាត់បន្ថយផលប៉ះពាល់សុខភាព និងបរិស្ថាន។តាមការសិក្សា កម្ពុជាត្រូវចំណាយលុយជាង៥ម៉ឺនដុល្លារក្នុងមួយឆ្នាំទៅលើការសំអាតថង់ផ្លាស្ទិកតែក្នុងខេត្តក្រុងធំៗចំនួន៣ប៉ុណ្ណោះ។

 

អនុក្រឹត្យដែលចេញដោយក្រសួងបរិស្ថាននេះមានគោលដៅសំខាន់ៗដូចជាកំណត់តួនាទីនិង ការទទួលខុសត្រូវរបស់ ស្ថាប័នជំនាញ លើការនាំចូល ការផលិត ការចែកចាយ ការប្រើប្រាស់ និងការកែច្នៃសំណល់ថង់ប្លាស្ទិក។ ជាមួយគ្នានោះ អនុក្រឹត្យដដែលក៏កំណត់ពីការគិតកម្រៃបន្ថែមលើការប្រើប្រាស់ថង់ផ្លាស្ទិករបស់អតិថិជន និងអប់រំឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ព្រមទាំង លើកទឹកចិត្តដល់វិស័យឯកជនឲ្យកែច្នៃសំណល់ថង់ផ្លាស្ទិកនៅក្នុងស្រុក និងការផលិតសម្ភារផ្លាស្ទិកដែលងាយពុកផុយ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន លោក ហេង ណារ៉េត មានប្រសាសន៍ថា អនុក្រឹត្យនេះគឺមានបំណងលើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់ស្លឹករុក្ខជាតិដូចជាស្លឹកឈូក និងស្លឹកចេក មកវេចខ្ចប់ចំណីអាហារឬទំនិញជំនួសឲ្យការប្រើប្រាស់ថង់ផ្លាស្ទិក។លោកថាបើពលរដ្ឋកាត់បន្ថយប្រើថង់ផ្លាស្ទិកបាននោះ វាមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាជួយលើកស្ទួយសេដ្ឋកិច្ចដល់កសិករ។

បើតាមអគ្គនាយកបរិស្ថានរូបនេះ ការប្រើប្រាស់ថង់ផ្លាស្ទិកមិនបានថយចុះនោះទេ ដោយសារវាមានភាពងាយស្រួល និងចាំបាច់លើការវេចខ្ចប់ទំនិញមួយចំនួន។

តាមការសិក្សារបស់អង្គការមូលនិធិអករា (ACRA Foundation) បង្ហាញថា នៅឆ្នាំ២០១៦ កាកសំណល់ និងសំរាមដែលប្រមូលបានជារៀងរាល់ឆ្នាំនៅតាមផ្លូវក្នុងក្រុង គឺមាន ៣០០តោននៅខេត្តសៀមរាប ចំនួន ៣៧០តោនក្នុងខេត្តព្រះសីហនុ និង ១៧.៨០០តោននៅភ្នំពេញ ។

ការសិក្សានេះក៏ឲ្យដឹងថា កម្ពុជា ត្រូវចំណាយលុយប្រចាំឆ្នាំជាង៥ម៉ឺនដុល្លារ លើសម្ភារៈសម្អាតថង់ផ្លាស្ទិកក្នុងនោះ ៤.៥០០ដុល្លារក្នុងខេត្តព្រះសីហនុ ១៥.០០០ដុល្លារ នៅខេត្តសៀមរាប និង៣១.០០០ដុល្លារនៅភ្នំពេញ។ការសិក្សាលើប្រជាពលរដ្ឋជាង ២០០នាក់ បញ្ជាក់ថា ពួកគេត្រូវបាត់បង់ចំណូលជាមធ្យម ១០៣ដុល្លារក្នុងមួយខែដោយសារស្ទះលូ ដែលជាមូលហេតុពីថង់ផ្លាស្ទិក។

មាត្រា៤៨ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន ចែងថា បុគ្គលដែលធ្វើការទុកដាក់ វេចខ្ចប់ ឬប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន លាយឡំជាមួយសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្ត្រ ឬសំណល់គ្រោះថ្នាក់ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀលសម្រាប់អាជីវកម្មសិប្បកម្ម មន្ទីរពេទ្យ និងសម្ភព។ហើយត្រូវពិន័យ ៨សែនរៀលសម្រាប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១លានរៀលសម្រាប់ក្រុមហ៊ុនសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជន៕

ប្រភព៖ RFI

Leave a Reply