រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ២ កន្លែង នៅ​ជ្រោយចង្វារ និង​នៅ​ក្តី​តាកុយ
Posted On : August, 12, 2014 | By សំឡេងទីក្រុង

 CEN ដោយ: លី សិលា ថ្ងៃទី ១១​ សីហា ឆ្នាំ ២០១៤

ភ្នំពេញ: រាជរដ្ឋាភិបាល តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ចំនួន ២ កន្លែង ក្នុង​តំបន់​ជ្រោយចង្វារ និង​តំបន់​ក្តី​តាកុយ​។ ស្ពាន​ទាំង​ពីរ​នោះ គ្រោង​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ស្ពាន​ថ្នល់​ចិន ( CRBC )​។​

​លិខិតអនុញ្ញាត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យ​ក្រុមហ៊ុន​ចិន​សាងសង់​ស្ពាន ២ ឆ្លងកាត់​ទន្លេមេគង្គ ចេញ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៤ ហើយ​ទើបតែ​គេ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១​សីហា​នេះ​។ ការអនុញ្ញាត​នោះ បាន​ធ្វើឡើង​តាម​ចំណារ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​។​

​លិខិត​លើកឡើងថា រាជរដ្ឋាភិបាល បាន​ឯកភាព​តាម​សំណើ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន អនុញ្ញាត​ឲ្យ​សាជីវកម្ម​សំណង់​ស្ពាន​-​ថ្នល់​ចិន ( CRBC ) ធ្វើការ​សិក្សា​អំពី​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ចំនួន ២ កន្លែង ដែល​ស្ពាន​ទី​១ គ្រោង​សាងសង់​នៅ​ចំណុច​ភូមិ​ស្វាយជ្រុំ សង្កាត់​ស្វាយជ្រុំ ខណ្ឌ​ឫស្សីកែវ ឆ្លងកាត់​ទៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ស្ពាន​ទី​២ គ្រោង​សាងសង់​នៅ​ចំណុច​ភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ឆ្លង​ទន្លេ​មេគង្គ​ក្រោម ភ្ជាប់​ទៅ​ភូមិ​ក្តី​តាកុយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ បដិសេធ មិន​ឲ្យ​ក្រុមហ៊ុន 7NG សាងសង់​ស្ពាន ឆ្លងកាត់​ទន្លេមេគង្គ ពី​អរិយ​ក្សត្រ មកកាន់​សួនច្បារ​សម្តេច​ហ៊ុន​សែន នៅ​ម្តុំ​កោះ​ពេជ្រ នោះទេ​។ ក្រុមហ៊ុន 7NG មាន​ដី​អភិវឌ្ឍន៍ នៅ​ខាង​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​នោះ​៕​

Urban Voice Cambodia

Urban Voice Cambodia