នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​គម្រោង និង​ទំហំ​ទឹក​ប្រាក់​ជា​ច្រើន​លាន​បាន​ចាក់​ចូល​ទៅ​ក្នុង​វិស័យ​អចលទ្រព្យ តើ​នៅ​ឆ្នាំ​២០១៧ សញ្ញាណ​កំណើន​នេះ​នឹង​នៅ​បន្ត​ដូច​ការ​អះអាង​របស់​អ្នក​ជំនាញ​ឬ​យ៉ាង​ណា? មឿន ញាណ

រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ថា​ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០១៧ នឹង​នៅ​បន្ត​កើន​ឡើង

មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ នៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០១៧ ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយពួកគេរំពឹងថា កំណើននៃការវិនិយោគក្នុងវិស័យសំណង់នៅតែបន្តកើនឡើង បើទោះជាទុនវិនិយោគក្នុងវិស័យនេះនៅឆ្នាំនេះមានកំណើនស្ទើរមិនគួរឲ្យជឿក្តី។

លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន Easy Property Investment បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា ទោះបីជាឆ្នាំបោះឆ្នោតជិតចូលមកដល់ក៏អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស នឹងនៅតែបន្តការបោះទុនវិនិយោគដោយអាចរក្សាបានកំណើន ខណៈកម្ពុជា បានធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់អាស៊ាន ដូច្នេះសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានកំណើនល្អប្រសើរ ពិសេសតម្លៃដីនៅកម្ពុជាមានតម្លៃទាបបើប្រៀបធៀបជាមួយប្រទេសជិតខាង។

លោកបន្តថា ៖ «តាមការចុះស្រាវជ្រាវ និងសង្កេតរបស់ខ្ញុំ អ្នកវិនិយោគក្នុងស្រុក និងបរទេស។ ពួកគេមិនព្រួយបារម្ភពីការបោះឆ្នោតនោះទេ ពួកគេនៅតែបន្តវិនិយោគ»។ លោកបន្តថា ៖ «ខ្ញុំគិតថា ទុនវិនិយោគក្នុងវិស័យនេះ នឹងបន្តកើនឡើងនៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំនេះ»។

លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបាន និងកំពុងបោះទុនវិនិយោគលើគម្រោង The Bridge និងគម្រោង The Peak មានតម្លៃរាប់រយលានដុល្លារក៏នៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០១៧ខាងមុខ ដោយលោកបានថ្លែងយ៉ាងខ្លីថា ៖ «ខ្ញុំគិតថាទុនវិនិយោគក្នុងវិស័យនេះ នឹងនៅតែមានកំណើនបន្ថែមទៀត ដោយសារទីផ្សារកម្ពុជា កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគបរទេស»។

យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា គិតត្រឹមរយៈពេល១១ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ ៨២០០លានដុល្លារអាមេរិក គឺមានកំណើនកើនឡើង ១៧៦,៩៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងមាន ទំហំផ្ទៃក្រឡាសំណង់១៤លានម៉ែត្រការ៉េ។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា លោកគិតថា សន្ទស្សន៍នៃការវិនិយោគឆ្នាំ២០១៦ និងឆ្នាំ២០១៧ មិនថមថយនោះទេ កំណើនវិស័យនេះនៅរក្សាលំនឹងដោយសារគម្រោងដែលបានអនុម័តនៅឆ្នាំ២០១៦ នឹងបន្តសកម្មភាពសាងសង់នៅឆ្នាំ២០១៧ ប៉ុន្តែទុនវិនិយោគនៅក្នុងវិស័យនេះនឹងកើនឡើងបន្តទៀតដោយសារមានគម្រោងមួយចំនួនកំពុងរៀបចំឯកសារដាក់ឆ្លងមកកាន់ក្រសួង ដើម្បីអនុម័តនៅឆ្នាំ២០១៧។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ មឿន ញាណ

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ មឿន ញាណ

 

លោកបន្តថា ៖ «ឆ្នាំ២០១៧-២០១៨ នៅតែជាឆ្នាំដ៏ល្អសម្រាប់ការវិនិយោគកំណើននឹងបន្តកើនឡើង វានឹងមិនថមថយចុះនោះទេ»។

លោកបន្តថា ៖ «កំណើនវិស័យសំណង់ឆ្នាំនេះ ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច សន្តិសុខល្អប្រសើរ និងឯកសារច្បាប់ បទដ្ឋានគតិយុត្តិនានាមានភាពងាយស្រួល»ជាងមុន។

លោកបន្តថា ៖ «ការពន្លឿនការអនុម័ត និងត្រួតពិនិត្យគម្រោងបានថយចុះពី៤៥ថ្ងៃ មក២៥ថ្ងៃ ក៏ជាផ្នែកសំខាន់ក្នុងការលើកទឹកចិត្តអ្នកវិនិយោគផងដែរ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានលើកជាសំណួរថា តើទំហំទឹកប្រាក់ក្នុងវិស័យនេះនៅឆ្នាំ២០១៦ ជាការពិត តើមានលុយប៉ុន្មានពិតប្រាកដដែលបានហូរចូលមកកាន់ប្រទេសនេះ ដោយពិតប្រាកដ? ទឹកប្រាក់ ៨២០០លានដុល្លារ មិនមែនជាទឹកប្រាក់ហូរចូលពីបរទេសមកក្នុងវិស័យ នេះនោះទេ វាជាតួលេខ ប៉ុន្តែទឹកប្រាក់ប៉ុន្មានពិតប្រាកដហូរចូលមកស្រុកខ្មែរ យើងមិនទាន់ដឹងនោះទេ។

លោកបន្តថា ៖ «ទំហំទឹកប្រាក់រាប់លានដុល្លារ ដែលបានចុះបញ្ជី វាជាទិន្នន័យ មិនមែនជាទឹកលុយទេប៉ុន្តែបើទុនហូរចូលមកក្នុងវិស័យនេះ នោះវានឹងបន្តសកម្មភាពសម្រាប់ឆ្នាំ២០១៧»។

លោកបន្ថែមថា ៖ «ឆ្នាំ២០១៧ ជាឆ្នាំបន្តគម្រោងដែលបានអនុម័តនៅឆ្នាំ២០១៥- ២០១៦ មិនមានគម្រោងថ្មីៗច្រើននោះទេ ព្រោះឆ្នាំ២០១៥-២០១៦ ទុនវិនិយោគធំៗបានហូរចូលច្រើនរួចមកហើយ»៕

Leave a Reply