រដ្ឋាភិបាល​ ជំរុញ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ​និង​ទំនិញ​តាម​ទន្លេ​នៅ​ឆ្នាំ​ក្រោយ​
Posted On : ធ្នូ, 29, 2016 | By Vantha

រដ្ឋាភិបាលកំពុងជំរុញឲ្យដំណើរការឡើងវិញនូវការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមទន្លេនៅឆ្នាំក្រោយនិងគម្រោងសាងសង់ស្ថានីយអ្នកដំណើរតាមទន្លេនិងកំពង់ផែឲ្យកាន់តែច្រើនដើម្បីសម្រួលដល់អ្នកធ្វើដំណើរនិងការដឹកជញ្ជូនទំនិញ។ នេះបើយោងតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន។ 

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូន បាននិយាយក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកាលពីម្សិលមិញថា កម្ពុជាសម្បូរទន្លេ ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់និងទន្លេផ្សេងៗនៅតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែកម្ពុជាមិនទាន់ប្រើប្រាស់ធនធានទន្លេទាំងអស់នោះឲ្យអស់សក្តានុពលនៅឡើយទេ។ដូច្នេះនៅឆ្នាំក្រោយរដ្ឋាភិបាលនឹងធ្វើឲ្យមានការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមទន្លេឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។

លោកចាន់ថុលបន្តថា ទូកដឹកអ្នកដំណើរអាចចេញពីព្រែកព្នៅ មកភ្ជាប់ស្ថានីយ៍មុខផ្សារចាស់ឬកំពង់ផែភ្នំពេញនឹង ភ្ជាប់ទៅតាខ្មៅ គៀនស្វាយ និងស្អាង ខេត្តកណ្តាល ដូច្នេះប្រជាពលរដ្ឋអាចមកធ្វើការតាមផ្លូវទឹកបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។

លោករដ្ឋមន្រ្តីថា៖«ខ្ញុំបានស្នើឲ្យកំពង់ផែភ្នំពេញសិក្សាពីការតភ្ជាប់និងសាងសង់ស្ថានីយ៍អ្នកដំណើរ និងស្ថានីយ៍បន្តឲ្យបានច្រើន ព្រមទាំងពង្រីកកំពង់ផែតាមដងទន្លេឲ្យបានច្រើនសម្រាប់ដឹកជញ្ជូនផលិតផលកសិផលមកភ្នំពេញរបស់ប្រជាជននៅតាមបណ្តាខេត្តនានាឬដឹកបន្តទៅបរទេសតាមរយៈកំពង់ផែស្វ័យ័តភ្នំពេញ»។

លោកថា៖«នាពេលនេះទន្លេយើងមិនមានសកម្មភាពអ្វីទេ ប៉ុន្តែដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាជន យើងត្រូវតែធ្វើកិច្ចការនេះ ដើម្បីឲ្យគាត់ជិះទូកមកធ្វើការ ហើយចង់ឲ្យមានស្ថានីយសំចត់ឲ្យបានច្រើនងាយស្រួល គាត់ចុះនិងឡើងពីទូកទៅធ្វើការ»។

លោកចាន់ថុលថាគម្រោងនេះនឹងចាប់ផ្តើមនៅឆ្នាំ២០១៧ខណៈក្រសួងនិងភាគីពាក់ព័ន្ធកំពុងតែសិក្សាលម្អិតពីកម្រោងនេះ។ លោកថាកំពង់ផែស្វ័យ័តក្រុងភ្នំពេញនិងសហការជាមួយនឹង វិស័យឯកជន។

លោកថា៖«ខ្ញុំមិនអាចនិយាយពីទំហំទឹកប្រាក់វិនិយោគប៉ុនណានោះទេ ហើយចំនួនទូកមានប៉ុន្មានដែរ និងមានអ្នកធ្វើដំណើរប៉ុន្មាន ប៉ុន្តែយើងកំពុងសិក្សាថាត្រូវតែមានរថយន្ត២០កៅអីប៉ុន្មានគ្រឿងដើម្បីដឹកជញ្ជូនអ្នកដំណើរពីចំណតទូកមកកាន់ចំណតរថយន្តក្រុងសាធារណៈហើយយើងនឹងពិចារណាថាទូកនីមួយៗគួរចេញដំណើរក្នុងរយៈពេលប៉ុន្មានឧទាហរណ៍៥នាទីម្តងឬកន្លះម៉ោងម្តង យើងមិនដែលមានទេ តែសង្ឃឹមថាឆ្នាំ២០១៧មានហើយ»។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានស្វាគមន៍ចំពោះគម្រោងនេះ ដោយលោកនិយាយថាការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលតាមផ្លូវទឹក។ លោក មាសភក្តី ថា៖ «គម្រោងនេះនិងជួយច្រើនដោយវាកាត់បន្ថយការចំណាយ និងការកកស្ទះនៅពេលមានការធ្វើដំណើរតាមផ្លូវទឹក»។

លោកបានបន្ថែមថាបច្ចុប្បន្នសាលារាជធានីភ្នំពេញបាននឹងកំពុងផ្សព្វផ្សាយជាសាធារណៈពីអត្ថប្រយោជន៍នៃការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដូច្នេះការផ្លាស់ប្តូផ្នត់គំនិតប្រជាជនកម្ពុជាដើម្បីឲ្យគាត់ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនឹងមិនអាចធ្វើបានតែថ្ងៃនោះទេ ដោយសារតែទស្សនៈបងប្អូនប្រជាជនកម្ពុជាមួយចំនួនចង់ឲ្យសេវារថយន្តក្រុងសាធារណៈចេញពីមាត់ទ្វារផ្ទះគាត់និងដល់គោលដៅដែលគាត់ចង់បានដោយឡែកសាលារាជធានីស្នើរឲ្យគាត់ចូលរួមបន្តិចដោយធ្វើដំណើរមកកាន់ស្ថានីយ៍សំចតនីមួយៗនិងធ្វើដំណើរពីស្ថានីយ៍សំចតនីមួយៗទៅកាន់គោលដៅគាត់។

លោក ហូ វណ្ឌី អគ្គលេខាធិការនៃសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបាននិយាយថាលោកគាំទ្រពេញទំហឹងលើគម្រោងនេះ ពីព្រោះវាជួយកាត់បន្ថយការកកស្ទះ និងធ្វើឲ្យផ្លូវទឹករបស់កម្ពុជាមានភាពរស់ឡើងវិញម្តងទៀត។

លោកវណ្ឌីថា៖«ដើម្បីឲ្យប្រជាជនកម្ពុជាចូលរួមច្រើនលើការធ្វើដំណើរតាមផ្លូវទឹកគួរធានាពីសុវត្ថិភាពអ្នកដំណើរតាមផ្លូវទឹកឲ្យបានល្អ ជាពិសេសរដ្ឋាភិបាលគួរតែមានកំពង់ផែ សម្រាប់ដឹកទំនិញផ្សេង ដឹកអ្នកដំណើរផ្សេង និងដឹកអ្នកទេសចរណ៍ផ្សេង ហើយរដ្ឋាភិបាលគួរតែពង្រឹងនូវកំពង់ផែនីមួយៗឲ្យបានល្អ»។

ដោយឡែក លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និយាយថាគម្រោងត្រូវបានគេលើកមកជជែកជាយូរមកហើយ ដែលមិនមានសកម្មភាពណាមួយកើតឡើង ប៉ុន្តែលោកស្វាគមន៍បើសិនជាគម្រោងកើតឡើងមែននោះ។ លោកថាវាពិតជាមានសារៈប្រយោជន៍ណាស់ចំពោះមធ្យោបាយតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក។

លោកកល្យាណបន្ថែមថាកម្ពុជាត្រូវការជាចាំបាច់នូវការតភ្ជាប់ការដឹកជញ្ជូនទូទាំងប្រទេសដូច្នេះកម្ពុជាអាចទាញយកអត្ថប្រយោជន៍ច្រើនពីធន ធានទាំងអស់ដែលមានស្រាប់ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

លោក កល្យាណពន្យល់ថា៖«កម្ពុជាគួរតែប្រើប្រាស់ធនធានឲ្យអស់សមត្ថភាព ជាពិសេសទន្លេពីព្រោះកម្ពុជាមានទន្លេច្រើន ប៉ុន្តែយើងមិនប្រើប្រាស់វា»។ លោកថាបញ្ហាគឺត្រង់ថាកម្ពុជាមិនមានកំពង់ផែគ្រប់គ្រាន់សម្រាបសម្រួលពាណិជ្ជកម្មនិងការដឹកជញ្ជូន។ លោកបន្តថាវានឹងជួយកាត់បន្ថយការចំណាយបើសិនជាយើងមានមធ្យោបាយដឹកជញ្ជូនតភ្ជាប់គ្នារវាងដីគោក ទឹកនិងអាកាស៕

ប្រភព៖ khmertimeskh.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!