construction_0

រដ្ឋាភិបាល​ផ្តល់​ការ​អនុគ្រោះ​គម្រោង​ផ្ទះ​តម្លៃ​ទាប

រដ្ឋាភិបាលកាលពីថ្ងៃចន្ទបានសម្រេចផ្តល់គោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យដើម្បីជំរុញការអភិវឌ្ឍគម្រោងនេះនៅកម្ពុជា។

គោលនយោបាយលើកទឹកចិត្តទាំងនោះរួមមាន ការផ្តល់អនុគ្រោះផ្នែកសារពើពន្ធ ដូចជាពន្ធប្រថាប់ត្រា ពន្ធលើប្រាក់ចំណេញ ពន្ធលើអចលនទ្រព្យ អាករលើតម្លៃបន្ថែម និងការសម្រួលនូវនីតិវិធីក្នុងការទទួលបានអាជ្ញាប័ណ្ណសាងសង់ជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីម្សិលមិញ។

គោលនយោបាយនោះក៏បានបញ្ជាក់ពីអាទិភាពរបស់រដ្ឋាភិបាលថានឹងជួយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ បណ្តាញទឹក ភ្លើង សាលារៀន និងមន្ទីរពេទ្យដើម្បីភ្ជាប់ឆ្ពោះទៅតំបន់អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនោះដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចឲ្យដឹងថា៖ «តាមការប៉ាន់ស្មាន ទៅដល់ឆ្នាំ ២០៣០ កម្ពុជាមានតម្រូវការលំនៅឋានថ្មីប្រមាណជាង៨ម៉ឺនខ្នងបន្ថែមទៀតជាមធ្យមជារៀងរាល់ឆ្នាំ ដោយមិនរាប់បញ្ចូលកង្វះលំនៅឋាននាពេលបច្ចុប្បន្នទេ»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត និងប្រាក់បៀវត្សរ៍មន្ត្រីរាជការ គ្រូបង្រៀនទាហាន និងប៉ូលិស មានការកើនឡើង ដូច្នេះការគិតគូរអំពីគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជាអាទិភាពមួយរបស់រដ្ឋាភិបាល ដើម្បីឲ្យប្រជាជនមានលទ្ធភាពទិញផ្ទះបាន។

ការជូនដំណឹងនេះមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទថា ការផ្តល់គោលនយោបាយលើកទឹកចិត្តនេះនឹងចាប់ផ្តើមមានប្រសិទ្ធភាពអនុវត្តនាពេលណានោះទេ ហើយក៏មិនបានបញ្ជាក់ពីអត្រាពន្ធកម្រិតណាដែលត្រូវបានរដ្ឋាភិបាលផ្តល់ការអនុគ្រោះនោះដែរ។

មន្ត្រីរដ្ឋាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងកាលពីម្សិលមិញថា គោលនយោបាយលើកទឹកចិត្តដែលទើបនឹងសម្រេចនេះនឹងដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឯកជនពីរបានដាក់សំណើអភិវឌ្ឍន៍គម្រោងនេះរួចហើយ។ មន្ត្រីរូបនោះបានបន្ថែមថា ការផ្តល់ការអនុគ្រោះពន្ធមិនបានកំណត់ជាក់លាក់នោះទេ គឺអាស្រ័យលើការវាយតម្លៃពីឥទ្ធិពលនៃការជួយសង្គមរបស់គម្រោងដែលស្នើសុំជាក់ស្តែង។

គិតមកទល់ពេលនេះមានគម្រោងសាងសង់ផ្ទះតម្លៃទាបយ៉ាងហោចពីរត្រូវបានក្រុមហ៊ុនឯកជនលើកឡើងដើម្បីសុំកិច្ចសហការពីខាងរដ្ឋាភិបាល។

គម្រោងដំបូងគេត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Worldbridge Land ដែលគ្រោងសាងសង់ផ្ទះសរុប ២ ២៩៧ ខ្នងលើផ្ទៃដីសរុប ៤៥ ហិកតា នៅភូមិទួលក្រសាំង ខេត្តកណ្តាល ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីក្រុងតាខ្មៅ។ ផ្ទះនេះមានតម្លៃចន្លោះពី ២៥ ០០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ។

កាលពីខែមីនា ក្រុមហ៊ុន Bun Ches Groups Co ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នរដ្ឋាភិបាលដើម្បីដំណើរការគម្រោងសាងសង់ផ្ទះតម្លៃទាបនេះនៅភូមិ ស្លែងដីដុះ ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ៨៨ លានដុល្លារ។ គម្រោងនេះនឹងមានផ្ទះសរុប ៥៣៤០ ខ្នង ដែលគ្រោងដាក់លក់ក្នុងតម្លៃចន្លោះពី ២៣ ៥០០ ដុល្លារ ដល់ ២៤ ៨០០ ដុល្លារក្នុងមួយខ្នង។

លោក សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land កាលពីម្សិលមិញបានចាត់ទុកការសម្រេចរបស់រដ្ឋាភិបាលនេះជាការបើកភ្លើងខៀវដើម្បីជំរុញល្បឿនអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃទាបនៅកម្ពុជា។

លោកបានបញ្ជាក់ថា៖«បើរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តបែបនេះវាជាដំណឹងល្អ អ៊ីចឹងគម្រោងនេះនឹងទៅមុខហើយ ព្រោះថាបើមានការលើកទឹកចិត្តនេះ ខ្ញុំអាចរួចដើម»៕

ប្រភព៖ Postkhmer

Leave a Reply