រដ្ឋាភិបាល​នឹង​ទម្លាក់​ថ្លៃ​អគ្គិសនី​តាម​ផែនការ
Posted On : កុម្ភៈ, 27, 2018 | By Vantha

មន្ដ្រី​រដ្ឋាភិបាល​បាន​អះអាង​ថា តម្លៃ​អគ្គិសនី​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ​នឹង​ធ្លាក់​ចុះ​បន្តិច​ចាប់ពី​ខែ​មេសា​ទៅ​ដែល​ជា​ការអនុវត្ត​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​។

តម្លៃ​ថ្មី​នេះ​ស្ថិត​នៅ​ក្នុង​ផែនការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​រយៈពេល​ ៥ ​ឆ្នាំ ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​ ២០១៥ ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ហើយ​វា​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទេ​។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​នៅ​ក្រសួង​រ៉ែ និង​ថាមពល​។

លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ដើម​ខែ​នេះ​ថា​គ្រួសារ​នៅ​តាម​ខេត្ត ក្រុង ចំនួន​ ១៤ ដែល​ប្រើប្រាស់​អគ្គិសនី​ជាតិ​នឹង​មើល​ឃើញ​ការ​ធ្លាក់​ចុះ​តម្លៃ​អគ្គិសនី​រហូត​ដល់ ២០ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ ( kWh) ដែល​ចាប់ផ្ដើម​នៅ​ខែ​មេសា​ឆ្នាំ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹង​ថា​៖ «​សហគ្រាស​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នឹង​មើល​ឃើញ​តម្លៃ​អគ្គិសនី​ធ្លាក់​ចុះ​តិច​ជាង​​ ២០ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។

សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការអត្ថាធិប្បាយ​របស់​លោក នរិន្ទ ​កាលពី​ខែ​មុន ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​អគ្គិសនី​ថា ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ប្រចាំ​ឆ្នាំ​នឹង​ទំនង​ជា​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ​មុន​ពេល​បោះឆ្នោត​ជាតិ​។ វិធានការ​នេះ​ត្រូវ​បាន​បង្ហាញ​ជា​មធ្យោបាយ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ការ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​មុន​ពេល​បោះឆ្នោត​ខែ​កក្កដា​។

លោក ទី នរិន្ទ មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក វិចទ័រ ចូណា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តម្លៃ​នឹង​បន្ត​ធ្លាក់​ចុះ​បន្តិច​ម្តងៗ​តាម​ផែនការ ដោយសារ​តែ​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការផលិត​អគ្គិសនី​កើនឡើង​។

លោក​ថ្លែង​ថា​៖ «[​ផែនការ​សម្រាប់​ការកាត់បន្ថយ​តម្លៃ​នេះ​] គឺជា​អ្វី​ដែល​យើង​បាន​ពិចារណា​តាំងពី​ឆ្នាំ​ ២០១៥»​។ លោក​បន្ថែម​ថា តម្លៃ​អគ្គិសនី​ត្រូវ​បាន​ធ្លាក់ចុះ​បន្តិច​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​កន្លង​មក​។

លោក​បញ្ជាក់​ថា​៖ «​ការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​នឹង​ផែនការ​ប្រចាំ​ឆ្នាំ​ដ៏ច្បាស់លាស់​របស់​យើង​»​។

ខណៈ​លោក​កត់សម្គាល់​ថា ការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​នេះ​មាន​តិចតួច​បំផុត ប្រសិទ្ធភាព​នៃ​ការ​កាត់បន្ថយ​តម្លៃ​ល្អ​បំផុត​អាច​ត្រូវ​បាន​មើលឃើញ​នៅ​ពេល​ណា​មួយ​។

លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​យើង​ប្រៀបធៀប​ការ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៧ យើង​មើល​ឃើញ​ថា វា​មាន​បន្តិចបន្តួច ប៉ុន្តែ​បើ​យើង​មើល​ពី​និន្នាការ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​»​។

លោក​បន្ថែម​ថា សម្រាប់​ឧស្សាហកម្ម​ទាំងឡាយ​ដែល​ប្រើប្រាស់​អគ្គិសនី​ច្រើន​បំផុត​នៅ​កម្ពុជា តម្លៃ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ ៣៥០ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ចាប់ពី​ឆ្នាំ​ ២០១០ ​មក​។

វិស័យ​ឯកជន​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បន្ទាប​តម្លៃ​អគ្គិសនី​ដើម្បី​ភាព​ប្រកួត​ប្រជែង និង​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!