រដ្ឋាភិបាល​ដាក់​ដី​មាត់ទន្លេ​ទៅ​ជា​ឯកជន​របស់​រដ្ឋ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ដី​សាធារណៈ​របស់​រដ្ឋ​តាម​បណ្ដោយ​មាត់​ទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ដែល​អាច​បើក​ផ្លូវ​សម្រាប់​ការវិនិយោគ ឬ​ការជួល​រយៈពេល​វែង​។

ផ្ទៃដី​លាត​សន្ធឹង​តាម​បណ្ដោយ​មាត់​ទន្លេ​ប្រវែង ៩២ ៥៣៨ ម៉ែត្រក្រឡា​ចាប់ពី​ផ្សារ​រាត្រី​រហូត​ដល់​ស្ពាន​ជ្រោយ​ចង្វារ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ជា​ដីឯកជន​របស់​រដ្ឋ​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ មីនា និង​បាន​ចេញ​ផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​ប្រចាំ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​។

អនុក្រឹត្យ​ដែល​មាន​ ៤ ​មាត្រា​បង្ហាញ​ថា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​ការ​ផ្លាស់ប្តូរ​នេះ​។

លោក នុប សុធនវិចិត្រ អ្នក​​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក​ កែន រដ្ឋា ​អនុប្រធាន​ខុទ្ទកាល័យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​នេះ​បាន​បញ្ជាក់​ថា​លោក​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​គម្រោង​នេះ​ទេ​។

លោក វ៉ា ស៊ឹមសូរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ថ្លែង​ថា​លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​អំពី​អ្វី​នឹង​កើតឡើង​ចំពោះ​តំបន់​មាត់​ទន្លេ​នេះ​ទេ​។ លោក​ថ្លែង​ថា​៖ «​កាលពី​មុន​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ពេល​នេះ​វា​បាន​ក្លាយ​ជា​ដីឯកជន​របស់​រដ្ឋ​ដែល​នឹង​បើកចំហ​ដើម្បី​ការវិនិយោគ​»​។

ការធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​គឺជា​ជំហាន​ដ៏សំខាន់​មួយ​ឆ្ពោះ​ទៅ​ការផ្ដល់​ការជួល​រយៈពេល​វែង ឬ​ដី​សម្បទាន​សេដ្ឋកិច្ច (ELC)​។ ផ្នែក​នៃ​តំបន់​ដែល​កំណត់​នេះ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​។

តាម​អនុក្រឹត្យ​ផ្ទៃដី​ដែល​ត្រូវ​បាន​ធ្វើ​អនុបយោគ​ដូច​កំណត់​ក្នុង​មាត្រា​ ១ ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​នីតិវិធី​បន្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រម​ទាំង​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ស្រប​តាម​ច្បាប់​បទប្បញ្ញត្តិ​ពាក់ព័ន្ធ និង​គោលការណ៍​កំណត់​របស់​រាជ​រដ្ឋាភិបាល​។ អនុក្រឹត្យ​បន្ត​ថា​បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ទុក​ជា​និរាករណ៍​។

លោក ហ៊ឺ បាវី អគ្គនាយក PPAP មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

អចលនទ្រព្យ​តាម​មាត់​ទន្លេ​ទំនង​ជា​មាន​តម្លៃ​ចន្លោះ​ពី ៤ ០០០ ​ដុល្លារ​ទៅ​ដល់​ ៦ ០០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា​តាម​ទីផ្សារ​បើកចំហ​។ នេះ​បើ​តាម​លោក​ ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Mekong​។ តំបន់​នោះ​នឹង​ធ្វើឲ្យ​សក្ដានុពល​តម្លៃ​ដី​នេះ​មាន​តម្លៃ​រហូត​ទៅ​ដល់ ៥៥០ លាន​ដុល្លារ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *