រដ្ឋាភិបាល​គ្រោង​ដាក់​ពង្រាយ​មន្ត្រី​ឲ្យ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យ​អ្នក​ចោល​សំរាម​​​អំឡុង​​បុណ្យ​អុំទូក​
Posted On : វិច្ឆិកា, 15, 2018 | By សំឡេងទីក្រុង

ក្រសួង​បរិស្ថាន​នឹង​ដាក់​ពង្រាយ​មន្ត្រី ឲ្យ​​បណ្ដុះបណ្ដាល​ពល​រដ្ឋ​ ឲ្យ​យល់​ដឹងពី​ផល​ប៉ះពាល់​នៃ​ថង់​ប្លាស្ទិក​ទៅ​លើ​បរិស្ថាន ខណៈ​អ្នក​ចោល​សំរាម​ពាសវាលពាសកាល​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក អាច​ប្រឈម​នឹង​ការ​​ផាក​ពិន័យ​ផង​ដែរ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្រ្តា​ បាន​ឲ្យ​VODដឹង​ថា ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ខាង​មុខ ​ក្រសួង​បាន​រៀប​ចំ​មន្ត្រី​ដើម្បី​ចុះ​ផ្សព្វ​ផ្សាយ និង​អប់រំ​​ពលរដ្ឋ​ ​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សំរាម និង​ថង់​ប្លាស្ទិក ទៅ​លើ​បរិស្ថាន ខណៈ​ក្រសួង​ក៏​មាន​វិធានការ​បន្ត​បន្ទាប់​លើ​អ្នក​ដែល​​បោះ​សំរាម​ចោល​គ្មាន​សណ្ដាប់​ធ្នាប់​ផង​ដែរ ប៉ុន្តែ លោក​ថា ​ការ​ផាក​ពិន័យ​ គឺ​ជា​វិធានការ​ចុង​ក្រោយ​ប៉ុណ្ណោះ។
លោក​ថា៖ «ប្រជាពលរដ្ឋ​យើង​មាន​ចំនួន​ច្រើន ការ​ផាក​ពិន័យ ​គឺ​ជា​វិធានការ​មួយ​ហើយ តែ​យើង​ត្រូវ​ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ណែនាំ​ពួក​គាត់ ដើម្បី​ឲ្យ​ចូលរួម​ក្នុង​ការ​សម្អាត ​ព្រោះ​បងប្អូន​យើង​មួយ​ចំនួន​ដែល​គាត់​អញ្ជើញ​មក​ពី​ជនបទ ពួកគាត់​ខ្លះ​គាត់​មិន​បាន​ដឹង​អំពី​វិធានការ​ច្បាប់​ការ​ផាក​ពិន័យ​ក្នុង​ការ​បោះ​សំរាម​ដោយ​ផ្ដេសផ្ដាស​ទេ​! អញ្ចឹង​ គឺ​យើង​ប្រើប្រាស់​ក្នុង​រូបភាព​នេះ​ ​គឺ​ធ្វើការ​ណែ​នាំ​ច្រើន​ជាង​ផាក​ពិន័យ»។

ទោះ​ជា​យ៉ាង​ណា ​លោក ភក្ត្រា មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ​ក្រសួង​ និង​ដាក់​ពង្រាយ​មន្ត្រី​ប៉ុន្មាន​នាក់​ដើម្បី​អនុវត្ត​វិធានការ​នេះ​នោះ​ទេ។

VOD មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក ម៉េត មាសភក្ដី ដើម្បី​បញ្ជាក់​បន្ថែម​ពី​វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​លើ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ​។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម ​លោក សន ជ័យ ​យល់​ថា​ វិធានការ​របស់​ក្រសួង​បរិស្ថាន​​នេះ​ គ្មាន​​ប្រសិទ្ធិ​ភាព​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា​ វិធានការ​នេះ​ថ្មី​ទើប​យក​មក​អនុវត្តន៍ ​មនុស្ស​ចូល​រួម​ច្រើន​ ហើយ​ការ​អនុវត្តន៍​ច្បាប់​នៅ​ខ្សោយ។

លោក​បន្ថែម​ថា៖ «ការ​អប់រំ​ក្នុង​បរិយាកាស​ដូច​ជា​មាន​ក្នុង​ពិធីបុណ្យ​អី​ធំៗ គ្រាន់​តែ​ផ្នែក​មួយ​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ​ហើយ​ក៏​មិន​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ដែរ ​ហើយ​ខ្ញុំ​ក៏​មិន​សង្ឃឹម​ឃើញ​ថា អ្នក​ដើរ​លេង​ទាំង​អស់​នោះ ​គេ​នឹង​ស្ដាប់​ការ​អប់រំ​ទូន្មាន​ដែរ! តែ​ការ​រៀប​ចំ​ឲ្យ​មាន​ច្បាប់​ដើម្បី​ធ្វើការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ចោល​សំរាម​ផ្ដេសផ្ដាស​ គឺ​ជា​រឿង​មួយ​ល្អ»។

បើ​តាម​លោក សន ជ័យ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចោល​សំរាម​ពាសវាលពាសកាល​របស់​ពលរដ្ឋ​នេះ​ រដ្ឋាភិបាល​គួរ​តែ​ដាក់​បញ្ចូល​ការ​សិក្សា​ពី​បញ្ហា​នេះ​ទៅ​ឲ្យ​ពលរដ្ឋ​បាន​យល់​ដឹង​ចាប់​តាំង​ពី​ក្មេង​មក ខណៈ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ឲ្យ​ខ្លាំង​ក្លា​។

ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១៧​កន្លង​ទៅ​ អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ដាក់​ពង្រាយ​ធុង​សំរាមជាង ២៤០០​ធុង នៅ​តាម​ទីកន្លែងដែលប្រារព្វពិធី ប៉ុន្តែ សំរាម​នៅ​តែ​ត្រូវ​បាន​បោះ​ចោល​តាម​ទីសាធារណៈ​ដដែល។

យោង​តាម​មាត្រា​៤២ នៃ​អនុក្រឹត្យ​ស្ដីពី​«ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន» អ្នក​ដំណើរ អ្នក​ទេសចរណ៍ ដែល​បោះ​ចោល​សំរាម​នៅ​ទី​សាធារណៈ តាម​ដង​ផ្លូវ ទីវាល ដី​កម្មសិទ្ធិ ឬ​ទី​ដែល​រដ្ឋបាល​រាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ២ម៉ឺន​រៀល​ ហើយ​ត្រូវ​ប្រមូល​សំអាត​សំរាម​ដែល​ខ្លួន​ចោល​នោះ​ យក​ទៅ​ដាក់​ក្នុង​ធុង​សំរាម ហើយ​បើ​មិន​រាងចាល ត្រូវ​ទទួល​ការ​ពិន័យ​ប្រាក់​ទ្វេ​ដង​នៃ​ប្រាក់​លើក​មុន៕
ប្រភព៖ VOD

សំឡេងទីក្រុង!

សំឡេងទីក្រុង!