រដ្ឋាភិបាល​កំពុង​សិក្សា​ពី​សមត្ថភាព​ប្រមូល​សំរាម​​របស់​ក្រុមហ៊ុន​ស៊ីនទ្រី
Posted On : កុម្ភៈ, 12, 2015 | By សំឡេងទីក្រុង

ដោយ ឆាយ ច័ន្ទនីដា, ភ្នំពេញបុស្តិ៍, ថ្ងៃទី ១២ កុម្ភៈ​​២១០៥

ភ្នំពេញៈ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី កំពុង​ពិនិត្យ​មើល​​កិច្ច​សន្យា​ប្រមូល​សំរាម​​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល ៥០ ឆ្នាំ ​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ហើយ​អាច​នឹង​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ចូល​រួម​ប្រមូល​សំរាម ខណៈ​ដែល​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រមូល​សំរាម ធ្វើ​ឲ្យ​​គំនរ​សំរាម​ នៅ​តែ​មាន​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន​នៅ​ឡើយ។

យោងតាម​​របាយ​ការណ៍​របស់​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ចេញ​កាល​ពី​​ថ្ងៃទី​១០ កុម្ភៈ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​អន្តរ​ក្រសួង និង​មាន​ចំណារ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ កាលពី​ថ្ងៃទី​ ៤ កុម្ភៈ បាន​ពិនិត្យ​ថា៖ «ក្រុមហ៊ុន​ ស៊ីន​ទ្រី មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់​រឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​រីក​ចម្រើន​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ទោះបី​ជា​ក្រសួង​ និង​សាលា​រាជធានី​បាន​ទុក​ពេល​វេលា​ឲ្យ​ធ្វើការ​កែ​លម្អ​ការ​គ្រប់គ្រង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅក្តី»។

មេធាវី​របស់​រដ្ឋាភិបាល ​ក្រសួង​ បរិស្ថាន​ និង​សាលារាជធានី​ភ្នំ​ពេញ នឹង​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សន្យា ដែល​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន​ ស៊ីនទ្រី ដើម្បី​កែ​សម្រួល​ការ​ទទួល​ខុស​ត្រូវ ហើយ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត ចូលរួម​ធ្វើ​សេវា​នេះ នៅ​តាម​បណ្តាខណ្ឌ​នានា​ជំនួស​ឲ្យ​ក្រុម​ហ៊ុន​ផ្តាច់មុខ​មួយ។

របាយការណ៍​របស់​គណៈរ​ដ្ឋមន្ត្រីក៏​មើល​ឃើញដែរ​ថា បញ្ហា​ថ្លៃ​សំរាម​ដែល​មាន​ក្នុង​វិក្កយបត្រ​ភ្លើង ក៏​នឹង​ត្រូវ​ក្រសួង​ហិរញ្ញ​វត្ថុ សិក្សា​ពីនីតិវិធី​ប្រមូល​សេវា​សំរាម​ឡើង​វិញ «ជំនួស​ឲ្យ​ការ​បង់​ថ្លៃ​តាម​រយៈ​វិក្កយ​បត្រ​អគ្គិសនី»។

លោក អៀង អូននី អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​នៃ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ពី​គណៈ​រដ្ឋមន្ត្រី​នេះ​ទេ តែលោក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ីន​ទ្រី ពិត​ជា​មាន​បញ្ហា​ក្នុង​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ហើយ​ក្រសួង​នានា​នឹង​សិក្សា​ពី​កិច្ច​សន្យា​រយៈ​ពេល ៥០ ​ឆ្នាំ​ជាមួយ​ក្រុម​ហ៊ុន​ឡើងវិញ។

លោក​បន្ត​ថា៖ «យើង​ត្រូវ​ពិចារណា​លើ​លទ្ធភាព​របស់​គាត់ (ស៊ីន​ទ្រី) សិន។ ដោយ​ឡែក មិន​ដឹង​​ដើរ​ផ្លូវ​ណាទៀត​ យើង​មិន​ទាន់​សម្រេចចិត្ត​បាន ដោយសារ​ចុះ​កុង​ត្រា​ជាមួយ​ស៊ីនទ្រី ដែល​មាន​រយៈ​ពេល​ ៥០ ​ឆ្នាំ។ យើង​ចុះ​កុង​ត្រា​តាំងពី​ ឆ្នាំ ២០០២​ មក។

នៅពេល​​សួរ​ថា តើ​​រដ្ឋាភិបាល​អាច​នឹង​ឈាន​ទៅ​បញ្ចប់​កុងត្រា​ ក្រុម​ហ៊ុន​ ស៊ីនទ្រី ដែរ​ឬទេ? លោក​អភិបាលរង​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​ទាន់​ហ៊ាន​និយាយ​​បាន​ទេ​ បើ​សិន​សមត្ថភាព​គាត់​មិន​ដល់ យើង​នឹង​ពិចារណា។ តែ​យើង​ត្រូវ​និយាយ​គ្នា​ឡើង​វិញ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រមូល​សំរាម​របស់​គាត់។ យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​កែ​លម្អ​សេវា»។

លោកស្រី សេង សូរីដា អនុប្រធាន​ក្រុម​ហ៊ុន​ស៊ីនទ្រី បដិសេធ​មិន​ផ្តល់​អធិប្បាយ​ ដោយ​ថា​ ចាំ​ពិនិត្យ​មើល​ឯកសារ​ពី​គណៈរដ្ឋ​មន្ត្រី​ជាមុន​សិន។

លោក​ស្រីនិយាយ​ថា ៖ «ខ្ញុំមិន​ទាន់​និយាយ​បាន​ទេ។ …យើង​បាន​ធ្វើការ​លើ​គ្រប់​ខណ្ឌ​ទាំងអស់​»។

ជារឿយៗជា​ពិសេស​នាឱកាស​បុណ្យ​ទាន​ផ្សេងៗ គេ​ឃើញ​គំនរ​សំរាម​ស្អុយ​រលួយ​ត្រូវ​បាន​គេ​គរ​ទុក​ចោល​ជា​ច្រើន​​ថ្ងៃ ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​ជា​ច្រើន​ ស្តី​បន្ទោស​ក្រុម​ហ៊ុន​ស៊ីន​ទ្រីថា ពុំ​មាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​សំរាម​ដើម្បី​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ស្រស់​ស្អាត​ និង​មាន​បរិស្ថាន​ល្អ។

បើតាម​មន្ត្រី​​សាលា​រាជធានី​សំរាម​ដែល​ប្រមូល​យក​ទៅ​ចាក់​ចោល​ក្នុង​ទីលាន​ចាក់​សំរាម​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ មាន​ប្រមាណ​ជាង ១៦០០ តោន​ ក្នុង​មួយ​ថ្ងៃ ហើយ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​​ស៊ីន​ទ្រី​នេះ គួរ​តែ​ប្រមូល​​ឲ្យ​​បាន ២២០០ តោន​ក្នុង​មួយ​ថ្ងៃ ទើប​គ្រប់​គ្រាន់​៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!