e28a831f-47be-4d7f-b575-028e8414e1a8_cx0_cy1_cw0_w1023_r1_s

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​​ជា​លើក​ដំបូង​ឱ្យ​មាន​ការ​យក​​កម្រៃ​បន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​របស់​អតិថិជន

ខណៈដែលថង់ប្លាស្ទិកជាផលិតផលវេចខ្ចប់ដ៏ពេញនិយមនៅកម្ពុជា និងត្រូវបានគេដឹងថា ជាផលិតផលដែលធ្វើឲ្យប៉ះពាល់បរិស្ថានផងនោះ រដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យថ្មីមួយ ដើម្បីគ្រប់គ្រងការប្រើប្រាស់ថង់ប្លាស្ទិក។ ក្នុងនោះ ក៏មានការកំណត់ពីការយកតម្លៃប្រើប្រាស់ថង់ប្លាស្ទិកពីអ្នកប្រើប្រាស់ជាលើកដំបូងផងដែរ។

រដ្ឋាភិបាលកម្ពុជាបង្កើតបទបញ្ញត្តិថ្មីបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការអប់រំ លើកទឹកចិត្ត និងជំរុញឱ្យមានការយកកម្រៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជននៅតាមទីផ្សារ។ នេះបើតាមការផ្សព្វផ្សាយ និងការបញ្ជាក់របស់មន្ត្រីនៃក្រសួងបរិស្ថាននៅសប្តាហ៍នេះ។

ក្នុងអត្ថបទព័ត៌មានមួយ ដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងបរិស្ថានកាលពីថ្ងៃច័ន្ទ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យស្តីពី «ការគ្រប់គ្រងថង់ប្លាស្ទិក» ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភ័ណភាព។

អត្ថបទព័ត៌មានរបស់ក្រសួងបរិស្ថានដដែលត្រូវបានសរសេរក្នុងន័យដើមថា៖

«អនុក្រឹត្យដែលមាន៣២មាត្រានេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៣ គឺទី១ ការកំណត់ប្រភេទទំហំ កម្រាស់លើថង់ប្លាស្ទិកស្តើង មានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និងការប្រើប្រាស់ ទី២ ការលើកទឹកចិត្តដល់ការកែច្នៃថង់ប្លាស្ទិក និងការផលិតថង់ ឬសម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ ឬជីវប្លាស្ទិកដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ និងទី៣ ការគិតកម្រៃបន្ថែមដល់អតិថិជនដែលចង់ប្រើប្រាស់ថង់ប្លាស្ទិក»។

លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា អនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី១០ ខែតុលា ត្រូវចាប់ផ្តើមអនុវត្តនៅតាមផ្សារទំនើបគ្រប់រាជធានីខេត្តមុននឹងអនុវត្តនៅតាមគ្រប់កន្លែងលក់ទំនិញទូទាំងប្រទេសក្នុងឆ្នាំ២០២០ខាងមុខ។ លោកបន្ថែមថា អនុក្រឹត្យនោះមានកំណត់ពីទំហំថង់ប្លាស្ទិកដែលត្រូវប្រើមិនឲ្យតូចជាង ២៥សង់ទីម៉ែត្រ ចំណែកកម្រាស់មិនឲ្យស្តើងជាង០.៣ មីលីម៉ែត្រ ព្រមទាំងត្រូវកំណត់តម្លៃបន្ថែមសម្រាប់អ្នកដែលប្រើប្រាស់ថង់ប្លាស្ទិកនានា។ ទោះជាយ៉ាងណាលោកថា ក្រសួងកំពុងរៀបចំសេចក្តីប្រកាសផ្សេងមួយទៀតក្នុងការកំណត់តម្លៃបន្ថែមនេះ។

លោក ហេង ណារ៉េត បញ្ជាក់ថា៖

«តម្លៃហ្នឹងគឺយើងអត់ទាន់បានកំណត់ទេ យើងនឹងរៀបចំជាប្រកាសអន្តរក្រសួងមួយទៀត ដើម្បីកំណត់ថ្លៃនៃការយកកម្រៃបន្ថែមទៅលើថង់ប្លាស្ទិក។ ការងារនេះមិនមែនជារឿងមួយថ្មីទេ បើយើងទៅស្រុកគេគឺយើងបានដឹងហើយ យើងចូលក្នុងផ្សារទំនើប កាលណាយើងទិញសម្ភារៈហើយ គេអត់ឲ្យថង់យើងទេ ហើយបើយើងចង់បានថង់ យើងត្រូវបង់លុយបន្ថែមដើម្បីទិញថង់»។

លោក បន្ថែមថា ថង់ប្លាស្ទិកជាផលិតផលដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ដូច្នេះលោកថា អនុក្រឹត្យនេះនឹងជួយជំរុញឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានកាន់តែច្រើន។

លោកមានប្រសាសន៍ថា៖

«ថង់ប្លាស្ទិកគឺជាសារធាតុមួយដែលវាមិនងាយពុកផុយនៅក្នុងបរិស្ថានធម្មជាតិ វាអាចនៅរហូតដល់រាប់រយឆ្នាំ អញ្ចឹង បើសិនយើងកប់ គឺវាអត់ពុកទេ គឺវានៅទ្រង់ទ្រាយថង់ហ្នឹងរហូត។ ហើយបើយើងបោះចោលទៅក្នុងទឹក ជាពិសេសនៅតាមទីក្រុង យើងឃើញហើយកន្លងមក ការលិចផ្លូវលិចអីដោយសារការស្ទះលូ ហើយយើងទៅបារលូហ្នឹងទៅ ភាគច្រើនគឺប្លាស្ទិកហ្នឹងតែម្តង ដែលវាទៅគាំងនៅតាមរន្ធលូហ្នឹង។ ហើយមួយទៀត បើសិនយើងយកប្លាស្ទិកហ្នឹងទៅដុត វានឹងបំភាយឧស្ម័នពុល គ្រោះថ្នាក់បំផុតទៅដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន»។

បើតាមការស្ទង់មតិមួយកាលពីចុងឆ្នាំ២០១៥ ស្ដីអំពីការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដោយអង្គការ ACRA ដែលធ្វើការប្រឆាំងនឹងភាពក្រីក្រ បង្ហាញថា ប្រជាជនកម្ពុជាម្នាក់ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកចំនួន២០០ថង់ក្នុងមួយខែ និងជាង២.០០០ថង់ក្នុងមួយឆ្នាំ។

ការស្ទង់មតិនោះបញ្ជាក់ថា ថង់ប្លាស្ទិកមួយគីឡូមានតម្លៃជាមធ្យម៨.០០០រៀល និងថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានខាតបង់ថវិកាអស់រាប់រយលានដុល្លារពីកាកសំណល់ថង់ប្លាស្ទិកនេះ៕

ប្រភព៖ VOA 

Leave a Reply