រដ្ឋមន្ត្រី​មហាផ្ទៃ​រិះគន់​រដ្ឋមន្ត្រី​បរិស្ថាន ​ជុំវិញ​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទន្លេ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងបរិស្ថានវ័យក្មេងលោក សាយ សំអាល់ ដែលជាកូនប្រុសប្រធានព្រឹទ្ធសភាលោក សាយ ឈុំ ពាក់ព័ន្ធនឹងរឿងការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេដោយលោកបង្ហាញពីការព្រួយបារម្ភដែលអាចនឹងបង្កជាបញ្ហាធំនាពេលអនាគត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល ៣ ឆ្នាំពី ២០១៤-២០១៧ និងទិសដៅការងារបន្តនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២២ ខែមករាលោក ស ខេង ដែលក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា៖ «ទឹកហ្នឹងគឺចេញពីភ្នំពេញ។ ដូចអត់បានដាក់ចម្រោះ ឬមិនបានចម្រោះហើយមិនបាច់និយាយណាទេគឺនៅនឹងកន្លែងក្រសួងបរិស្ថានតែម្តង។ ចុះបើគាត់ធ្វើសម្អាតកន្លែងហ្នឹងមិនស្អាតផង តើទៅសម្អាតកន្លែងណាទៀត។ តើពេលអនាគតទៅវាយ៉ាងម៉េច? រឿងនេះគឺជារឿងធំណាស់ មិនមែនជារឿងតូចទេ»។

លោក ស ខេង បានថ្លែងថាទឹកទន្លេដែលនៅផ្នែកខាងក្រោមភ្នំពេញមានភាពកខ្វក់គឺបណ្តាលមកពីការដែលនៅភ្នំពេញបានបញ្ចេញទឹកកខ្វក់ដោយមិនបានចម្រោះ ហើយថា៖ «ក្រសួងបរិស្ថានមិនបានទទួលខុស-ត្រូវ និងបានដោះស្រាយបញ្ហាចំពោះករណីការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេដែលនឹងធ្វើឲ្យមានបញ្ហាដ៏ធំនៅពេលខាងមុខ»។

លោករដ្ឋមន្ត្រីបានប្រៀបធៀបទឹកទន្លេនៅផ្នែកខាងក្រោមភ្នំពេញដូចជាព្រែកឯង និងខាងលើភ្នំពេញ ទឹកគឺមានភាពខុសគ្នាស្រឡះនេះគឺជាបញ្ហា ព្រោះឥឡូវផ្ទះធ្វើ ១០ ជាន់ ២០ ជាន់ និង ៣០ ជាន់ តើទឹកស្អុយទាំងនោះគេបញ្ចេញទៅណា?

លោក សៅ សុភាព ទីប្រឹក្សាក្រសួង និងជានាយកខុទ្ទកាល័យឲ្យដឹងថាបញ្ហានៃទឹកកខ្វក់គឺក្រសួងបានខិតខំធ្វើការងារនេះជាមួយនឹងខាងរដ្ឋបាលរាជធានីភ្នំពេញពីព្រោះកិច្ចការពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំណល់រឹងរាវ ជាពិសេសសំណល់រឹងសំរាមនៅតាមទីប្រជុំជន និងសំណល់រាវដែលចេញពីគេហដ្ឋានគឺរដ្ឋបាលថ្នាក់ក្រោមជាតិមានន័យថាសាលារាជធានីជាអ្នកទទួលបន្ទុកលើការងារនេះ។ ឯក្រសួងបានខិតខំធ្វើការងារនេះដោះជាបន្ទាន់នូវវិធានការមួយចំនួនពាក់ព័ន្ធនឹងការហូរចេញតាមផ្ទះ។

លោកនិយាយថា៖ «ករណីខ្លះក៏មានការចន្លោះប្រហោងហើយយើងនឹងបន្តធ្វើការងារហ្នឹងបន្ថែមទៀតជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ បើនៅរាជធានីភ្នំពេញគឺសាលារាជធានីភ្នំពេញដែលលោកត្រូវអនុវត្តគោលនយោបាយ និងគោលការណ៍ច្បាប់មួយចំនួនដែលរដ្ឋាភិបាលបានដាក់ចេញ»។

លោក សន ជ័យ នាយកប្រតិបត្តិអង្គការគណនេយ្យភាព សង្គម និងអាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថាបញ្ហានេះគឺជាបញ្ហារបស់ថ្នាក់រាជធានីជាជាងសមត្ថកិច្ចរបស់ក្រសួងទោះបីក្រសួងមានទីតាំងនៅទីនោះក៏ពិតមែនព្រោះប្រព័ន្ធទឹក និងលូផ្សេងៗវាគឺជាថា្នក់ក្រោម។

លោកថ្លែងថា៖ «វាគ្រាន់តែជាការរិះគន់ដាស់តឿនដើម្បីជួយរំឭកគ្នាទៅវិញទៅមកខ្ញុំមិនគិតថាវាជាការទះកំផ្លៀង ឬទាត់កំប៉េះគូទទេ។ យើងឃើញទឹកភាគច្រើនគឺហូរចេញពីក្រុងភ្នំពេញទៅទន្លេច្រើនជាងដោយសារតែការលុបបឹងដែលគ្មានកន្លែងស្តុប និងហូរទៅកន្លែងចម្រោះមិនទាន់»៕

ប្រភព៖ ភ្នំពេញប៉ុស្តិិ័

Leave a Reply

Your email address will not be published. Required fields are marked *