5-story-1_0

រដ្ឋាភិបាល​សម្រេច​កំណត់​តម្លៃ​អគារ​ប៊ូឌីង​១​ម៉ែត្រ​ការ៉េ​១.​៤០០​​ដុល្លារ​ជា​កំហិត

ប្រភព៖ វិទ្យុអាស៊ីសេរី

រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា សម្រេចដាក់តម្លៃទិញផ្ទះពីពលរដ្ឋរស់ក្នុងអគារប៉ូឌីង ឬអគារស ក្នុង១ម៉ែត្រការ៉េ ចំនួន ១.៤០០ដុល្លារអាមេរិក ជាកំហិត។

ការសម្រេចនេះធ្វើឡើងក្នុងពិធីជួបជាមួយអ្នកប៊ូឌីង នាទីស្ដីការក្រសួងដែនដី នៅព្រឹកថ្ងៃទី១២ ឧសភា។ ទោះយ៉ាងណា តំណាងពលរដ្ឋប្រមាណ៥០០នាក់ ដែលចូលរួម អ្នកខ្លះសម្ដែងការសាទរ ទទួលយកការកំណត់តម្លៃនេះ តែអ្នកខ្លះទៀតមិនព្រមទទួលយកការកំណត់តម្លៃក្រោមការចង់បានរបស់ពួកគេទេ។

លោក ជា សុផារ៉ា បញ្ជាក់ថា ចំពោះអ្នកយល់ព្រមតាមការកំណត់នេះ អាចមកបំពេញបែបបទជាបណ្ដើរ ដើម្បីទទួលប្រាក់នៅពេលខាងមុខ ហើយលោកទុកពេល១ខែសម្រាប់រើផ្ទះ ដោយកំណត់ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧តទៅ។ លោកបន្តថា លោកនឹងជួយ១គ្រួសារ ១០០ដុល្លារ សម្រាប់រើអីវ៉ាន់។

ចំពោះអ្នកមិនយល់ព្រម លោក ជា សុផារ៉ា អះអាងថា ទុករឿងនេះសិន ចាំដោះស្រាយតាមក្រោយទៀត។

កាលពីថ្ងៃទី៧ ខែមេសា ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងដែនដី និងក្រុមពលរដ្ឋពលរស់នៅក្នុងអគារប៊ូឌីង បានឈានការដល់យល់ព្រមទទួលយកលុយ ហើយចាកចេញពីអគារដើម្បីឲ្យក្រុមហ៊ុនឯកជនរបស់ជប៉ុន សាងសង់អគារទំនើបនៅទីនោះ ក្រោយពីគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងបរាជ័យ។

បើទោះបីជា ពលរដ្ឋយល់ព្រមទទួលប្រាក់ជាថ្នូរនឹងការចាកចេញពីអគារប៊ូឌីងក្ដី ប៉ុន្តែកាលនោះពលរដ្ឋទាមទារតម្លៃ ២.២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈរដ្ឋមន្ត្រីក្រសួងដែនដី ហ៊ានផ្ដល់ឲ្យត្រឹម ១.២៦៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

Leave a Reply