រដ្ឋបាល​ក្រុង​ព្រះសីហនុ ចាត់​វិធានការ​៩​ចំណុច ពន្លឿន​ការ​ប្រមូល​សំរាម
Posted On : កញ្ញា, 25, 2018 | By សំឡេងទីក្រុង

ឆ្លើយតប​ទៅ​នឹងកំណើនទេសចរ ការ​អភិវឌ្ឍឥតឈប់ឈរ និងកំណើន​សេវាកម្មផ្សេងៗ នៅ​ក្រុង​ព្រះសីហនុ ដែល​ជាហេតុធ្វើឲ្យ​សំរាម កើន​ឡើងពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​យ៉ាង​គំហុកនោះ លោក អ៊ី សុខឡេង អភិបាល​ក្រុងព្រះ​សីហនុ បាន​ចាត់វិធានការ​៩​ចំណុច ដាក់​ឲ្យក្រុមហ៊ុនប្រមូល​សំរាម អនុវត្ត​ដើម្បីពន្លឿន ក្នុង​ការប្រមូល និង​ដឹក​ជញ្ជូនសំរាម។ វិធានការ​ទាំង​៩​ចំណុច ដែល​រដ្ឋបាលក្រុង​ព្រះសីហនុ ដាក់​ឲ្យក្រុមហ៊ុនប្រមូល​សំរាម​អនុវត្ត​ ​មានដូចខាង​ក្រោម ៖

១/ បង្កើន​ឡាន​ដឹកសំរាម មុន​ដំណាច់​ឆ្នាំ២០១៨ ឲ្យ​បាន​៣៥​គ្រឿង និង​កម្មករ​២០០​នាក់។

២/ នៅ​ឆ្នាំ២០១៩ ត្រូវ​បង្កើន​ឡាន​ដឹកសំរាម​ឲ្យ​បាន ៧០-៨០​គ្រឿង (ដោយ​មួយ​ត្រីមាស ត្រូវ​បន្ថែម​ឡាន​១០​គ្រឿង ) និង​កម្មករ ៣៥០-៤០០​នាក់ និង​សម្ភារៈ​គាំទ្រ​ផ្សេងៗ​ទៀត។

៣/ ត្រូវ​បែងចែក​ឡាន​ដឹកសំរាម និង​កម្មករតាម​សង្កាត់​នីមួយៗ ឲ្យ​សមាមាត្រ​នឹង​ទំហំ​សំរាម ហើយ​លេខ​ទូរសព្ទ តៃកុង​ឡាន​ដឹកសំរាម និង​កម្មករប្រមូល​សំរាម និង​លេខទូរសព្ទ​មេភូមិ ត្រូវ​ប្រាប់​គ្នាទៅ​វិញទៅ​មក ដើម្បី​មេភូមិ​ងាយស្រួល ទាក់ទង​និង​ផ្តល់ដំណឹង ពី​សំរាមកកស្ទះ​នៅភូមិសាស្រ្ត​ទៅ​តៃ​កុងឡាន​ដឹក​សំរាម។

៤/ ក្រុមហ៊ុន​ត្រូវធ្វើ​ការងារ ដោយ​ផ្ទាល់ជាមួយភូមិ ដើម្បី​សិក្សាពី​ភូមិសាស្រ្ត បើផ្លូវ​ណាលំបាក និង​តូច ឡាន​សំរាមចូលពុំរួច ក្រុមហ៊ុន និង​ភូមិ ត្រូវ​សិក្សាកន្លែង​ដើម្បី​ដាក់​ធុង​សំរាម ដើម្បី​យក​សំរាម ទៅ​បោះចូល​ធុង​នោះ និង​ពេល​ពេញ ក្រុមហ៊ុន​ដឹក និង​ដូរធុង​សំរាម​ថ្មី។

៥/ ក្រុមហ៊ុន​ត្រូវសហការ ជាមួយ​រដ្ឋបាលក្រុង និង​មន្ទីរបរិស្ថាន ដើម្បី​ធ្វើប័ណ្ណព័ត៌មាន ​៤​ពណ៍ ( ក្រហម ទឹក​ក្រូច លឿង និ​ងបៃតង )។ ប័ណ្ណ​ព័ត៌មាននេះ គឺ​កំណត់ពេល​វេលា ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​សំរាម និង​កំណត់​ពេលវេលា​ក្រុមហ៊ុន ទៅប្រមូល​និង​ដឹកសំរាម។ ករណី​ប្រជាពលរដ្ឋ មិន​អនុវត្តតាម​ពេលវេលា​កំណត់ ត្រូវ​ពិន័យ​តាម​ខ្លឹមសារ នៃ​អនុក្រឹត្យ​១១៣ ​រីឯ​ក្រុមហ៊ុន​បើមិន​អនុវត្ត ត្រូវ​ពិន័យ​គុណ​នឹងពីរ នៃ​ប្រជាពលរដ្ឋ។

៦/ ក្រុមហ៊ុន​ត្រូវបង្កើន ពេល​វេលាប្រមូល និង​ដឹកជញ្ជូនសំរាម ទាំង​វេន​ថ្ងៃ និង​យប់។

៧/ ក្រុមហ៊ុន​ត្រូវ​ទិញ ធុង​សំរាម ដាក់​តាម​ទីតាំងបង្កើត​សំរាម និង​ទីសាធារណៈ​ឲ្យបាន ១០០០​ធុង ជា​ជំហាន​ដំបូង។

៨/ ក្រុមហ៊ុន ត្រូវ​រកដី​ធ្វើ​ទីលាន ផ្ទេរ​សំរាម​បណ្តោះអាសន្ន បន្ថែម​មួយ​ទៀត យ៉ាង​យូរត្រឹម​ដំណាច់ ឆ្នាំ​២០១៨ ពី​ព្រោះទីលាន​ផ្ទេរសំរាម សព្វ​ថ្ងៃ​ទំហំ​ត្រឹម ៨០០០​ម៉ែត្រ​ការ៉េ មិន​ទាន់​សមាមាត្រ នឹង​ទំហំ​សំរាម ៦៥០​តោន​/ថ្ងៃ​ទេ។

៩/ ក្រុមហ៊ុន​ត្រូវមាន​កម្មករដើរ​ប្រមូល និង​រើសសំរាម តាម​ទីសាធារណៈ ដែល​ប្រជាពលរដ្ឋ​បោះចោល និងផែន​ការថ្ងៃមុខ​ក្រុមហ៊ុន ត្រូវទិញ​ឡានសម្អាត​ផ្លូវ យ៉ាង​ហោច​មួយ​ឆ្នាំ ១-២​គ្រឿង។

សូមរំលឹកថា សំរាមនៅ​ក្នុងក្រុងព្រះសីហនុ បាន​កើនឡើង ចាប់​ពី១២០​តោន ទៅ៣៧០​តោន ឬ ៤០០តោន ក្នុង​មួយ​ថ្ងៃៗ ខណៈ​ឡាន ដឹក​សំរាម​មាន​តែ១៧​គ្រឿង ប៉ុណ្ណោះ៕

ប្រភព៖ ខ្លីៗ 

សំឡេងទីក្រុង!

សំឡេងទីក្រុង!