រដ្ឋបាលរាជធានីភ្នំពេញស្នើរឱ្យរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ប្តូរទៅតំបន់ជាយក្រុងវិញ
Posted On : កុម្ភៈ, 27, 2019 | By សំឡេងទីក្រុង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុល រថយន្តធំៗ ពីតំបន់ទីប្រជុំជនទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។​  បើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា៖

 

ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងក្រុង ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើរឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងក្នុងតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនឱ្យទៅស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣វិញ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន​ បានកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះៗ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់រួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ។ ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធ្ងន់ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឲ្យចរាចរណ៍ ចូលរាជធានីភ្នំពេញទៀតឡើយ។

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!