1491321618-jpg

រក​ឃើញ​​ជិត​១៧​ម៉ឺននាក់ ធ្វើចំណាក​​ស្រុក​​មករាជ​ធានី​

ប្រជាពលរដ្ឋខ្មែរប្រមាណជិត១៧ម៉ឺននាក់ កាលពីឆ្នាំ២០១៦ បានសម្រេចចិត្តបោះបង់ចោលភូមិឋាន ស្រុក
កំណើត បងប្អូន សាច់ញាតិ និងមិត្តភក្តិពីទីជនបទដាច់ស្រយាល ឬតាមបណ្តាខេត្ត-ក្រុងនានា នាំគ្នាធ្វើចំណាកស្រុកស្វែងរកការងារ និងប្រកបរបរអាជីវកម្មផ្សេងៗនៅរាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។
នេះមិនទាន់គិតពីពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅក្រៅប្រទេស និងចំណាកស្រុកពីខេត្តមួយទៅខេត្តមួយទៀតនោះទេ ។
អាជ្ញាធររាជធានីភ្នំពេញបានអះអាងថា ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៦ មានចំនួន៥០.៣៣៤គ្រួសារ ឬប្រហាក់ប្រហែលជាង១៥ម៉ឺននាក់ បើគិតជាមធ្យមក្នុងមួយគ្រួសារមានមនុស្ស៣នាក់ និងពលរដ្ឋចំនួន១៧.២៦៧នាក់ផ្សេងទៀត មិនមានលិខិតស្នាមអ្វីទាំងអស់ គឺសរុបប្រមាណជិត១៧ម៉ឺននាក់បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅរាជធានីភ្នំពេញ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញមានចំនួន១.៤៦១.៨៥៣នាក់ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ សូមមិនបញ្ចេញឈ្មោះបានឲ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នរាជធានីភ្នំពេញមានប្រជាពលរដ្ឋរស់នៅចំនួន១.៤៦១.៨៥៣នាក់ ស្មើនឹង២៨៩.៤៥៨គ្រួសារ ស្ត្រី៧៦៦.១១៨នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន៨៨១.០២០នាក់ ក្នុងនោះគ្រួសាររស់នៅអចិន្ត្រៃយ៍មានចំនួន២៣៩.២២៤គ្រួសារ ចំណែកគ្រួសាររស់នៅបណ្តោះអាសន្ន មានចំនួន៥០.៣៣៤គ្រួសារ និងពលរដ្ឋចំណាកស្រុកមានចំនួន១៧.២៦៧នាក់ផងដែរ ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា កាលពីពេលកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលទូទាំងរាជធានីភ្នំពេញ ជាពិសេសតំបន់ស្មុគស្មាញចំនួន១០៩គោលដៅ ។

ជាលទ្ធផល សមត្ថកិច្ចរកឃើញមនុស្សជាង១ម៉ឺននាក់ដែលបន្លំខ្លួនរស់នៅដោយមិនមានចុះបញ្ជីស្នាមស្នាក់នៅ ឬមានការទទួលស្គាល់ ដោយអាជ្ញាធរមូលដ្ឋានឡើយ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរូបនោះបានឲ្យដឹងទៀតថា ក្នុងចំណោមប្រជាពលរដ្ឋជាង១ម៉ឺននាក់ដែលបន្លំខ្លួនមករស់នៅក្នុងរាជធានីភ្នំពេញនោះ ភាគច្រើនពួកគាត់បានចំណាកស្រុកមកពីតាមខេត្ត ឬតំបន់ជនបទដាច់ស្រយាល អត់ការងារធ្វើ និងមានស្ថានភាពគ្រួសារក្រលំបាកផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបានតម្រូវឲ្យពួកគាត់បំពេញបែបបទ និងធ្វើលិខិតស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរមូលដ្ឋានជាមុនសិន ។

មន្ត្រីដដែលបានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ស្មុគស្មាញច្រើន នៅពេលចុះត្រួតពិនិត្យរដ្ឋបាលនៅតាមតំបន់ស្មុគស្មាញទាំងនោះ សមត្ថកិច្ចបានរកឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ស្ត្រី និងខ្ទើយរកស៊ីផ្លូវភេទ និងជនអនាថាជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងបន្ថែមថា កាលពីឆ្នាំ២០១៥ រាជធានីភ្នំពេញមានប្រជាពលរដ្ឋរស់នៅចំនួន១.៤៤៧.០៨៥នាក់ស្មើនឹង២៨២.០២៤គ្រួសារ ស្ត្រី៧៦០.៧៤៤នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន៨៨៥.៩៦៩នាក់ ក្នុងនោះគ្រួសាររស់នៅអចិន្ត្រៃយ៍មានចំនួន២៣៥.៤៣៤គ្រួសារ ចំណែកគ្រួសាររស់នៅបណ្ដោះអាសន្នមានចំនួន៤៦.៥៩០គ្រួសារ៕

ប្រភព៖ kohsantepheapdaily.com.kh

Leave a Reply