យ៉ាង​តិច​ក្រុម​ហ៊ុន​ចំនួន​២នៅ​កម្ពុជា​បញ្ចុះតម្លៃ​ប្រេង​សាំង​​២០០​រៀល​
Posted On : January, 9, 2015 | By សំឡេងទីក្រុង

ដោយ សំឡេងប្រជាធិបតេយ្យ VOD ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៥

យ៉ាងតិច​ក្រុម​ហ៊ុនប្រេងសាំង​ចំនួន២នៅ​កម្ពុជា ​ចាប់​​ផ្តើម​បញ្ចុះ​តម្លៃ​ប្រេងសាំង​ និង​ប្រេង​ម៉ាសូត ២០០​រៀលបន្ថែម​ទៀត គឺ​មក​ត្រឹម​តម្លៃ​ប្រហែល​៤២០០រៀល ចាប់​ពី​​ថ្ងៃ​សុក្រ​នេះ ខណៈ​​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កំពុង​ធ្លាក់​ចុះមក​ក្រោម​៥០ដុល្លារក្នុង​មួយ​បារ៉ែល(ធុងចំណុះ១៥៩លីត្រ)។

តាមតារាងតម្លៃប្រេងសាំងរបស់​ក្រុម​ហ៊ុន​កាល់​តិច និង​ការ​អះអាង​របស់​បុគ្គលិក​ ឲ្យ​ដឹងថា​តម្លៃ​សាំង​ធម្មតាបាន​ចុះ​មក​ត្រឹម​៤២៥០រៀល គឺ​ចុះ​ពី៤៤៥០រៀល​ ចាប់​ពី​ថ្ងៃ​សុក្រនេះ​។ ចំណែកក្រុម​ហ៊ុន​សូគីមិច ក៏​បាន​បញ្ចុះ​តម្លៃ​ប្រេងសាំង​ធម្មតាមក​ត្រឹម​៤២០០រៀល ដែល​បុគ្គលិក​ចាក់សាំង​អះអាង​ថា​ចុះ​ពី​៤៤០០​រៀល ចាប់​ពីថ្ងៃ​សុក្រនេះ។ ចំណែកក្រុម​ហ៊ុន​តូតាល់វិញនៅតែ​រក្សា​​តម្លៃ​ប្រេងសាំង៤៤០០រៀលនៅ​ថ្ងៃ​សុក្រនេះ។​

​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ចន្លោះ​ពី​២៥០​រៀល​ទៅ​ដល់​៦០០​រៀល​ក្នុង​១​លីត្រ។

គួរ​រំឮកថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​មើល​លទ្ធភាព​ បន្ថែមទៀត​ក្នុងការ​បញ្ចុះ​តម្លៃ​ប្រេង​នៅ​កម្ពុជា ឲ្យស្រប​តាម​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​លោក​ច្រាន​ចោល​ការលើកឡើង​ថា​រដ្ឋាភិបាល​នៅ​តែ​រក្សា​តម្លៃ​ប្រេង​ខ្ពស់ បើ​ប្រៀបធៀប​នឹង​ទីផ្សារ​អន្តរជាតិ។

ចំណែកប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថាអត្រាពន្ធលើប្រេងសាំងគឺប្រមាណ១០០០រៀលក្នុងមួយលីត្រ ហើយ​បើកម្ពុជា​បញ្ចុះពន្ធនេះមកត្រឹមតែ៥០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃប្រេងសាំងឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេសដែលបានចុះថ្លៃយ៉ាងគំហុក ពេលនោះតម្លៃប្រេងសាំងលក់រាយនៅប្រទេសកម្ពុជានឹងមិនលើសពី៣៥០០រៀលក្នុងមួយលីត្រ។

ទីផ្សារ​ប្រេងសាំងពិភពលោក​បាន​ចុះថ្លៃចាប់តាំងពី​ខែ​តុលា​ឆ្នាំ២០១៤ ។ ប៉ុន្តែមូលហេតុដែល​នាំ​ឲ្យ​ប្រេងសាំ​ងចុះថ្លៃ​យ៉ាង​គំហុកនេះ ត្រូវបានក្រុមហ៊ុន​ប្រេងសាំងមួយចំនួននៅលើពិភពលោកទទួលស្គាល់ថា មកពីការប្រែប្រួល​នយោបាយ​សេដ្ឋកិច្ចរបស់​អាមេរិក ហើយ​ជាពិសេស គឺ​អាមេរិកចាប់ផ្ដើមបញ្ចេញប្រេង​ឆៅ​ដែលបាន​ស្តុក​ទុក​តាំងពី​ឆ្នាំ២០០៩ ហើយម្យ៉ាងទៀត​អាមេរិក ចាប់ផ្ដើម​ផលិត​ប្រេង​របស់ខ្លួន ដែល​ទើប​រុករក​ឃើញថ្មីៗ​នេះ ។​

លោក សម រង្ស៊ី ឲ្យ​ដឹង​ថា​ប្រេងកាតឆៅលើទីផ្សារអន្តរជាតិបាន​ធ្លាក់​ចុះ ដោយសារមូលហេតុ៣យ៉ាង គឺ​ទី​១ កំណើនសេដ្ឋកិច្ចក្នុងពិភពលោកចុះល្បឿន ជាពិសេសនៅប្រទេសចិន ទី២ គេបានរកឃើញប្រភពថ្មី ដើម្បីទាញយកប្រេងកាតពីជាតិថ្ម និងខ្សាច់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា និង​ទី​៣ សង្រ្គាមសេដ្ឋកិច្ច ដើម្បីដាក់ទណ្ឌកម្មលើប្រទេសដែលប្រឆាំងនយោបាយសហរដ្ឋអាមេរិក​​(ប្រទេសរុស្ស៊ី ប្រទេសអ៊ីរ៉ង់ និងប្រទេសវេណេហ្ស៊ុយអេឡា)។

​គេហទំព័រ​(www.globalpetrolprices.com)បង្ហាញ​ថាតម្លៃ​សាំង​នៅ​​ប្រទេស​វៀតណាម​មាន​តម្លៃ០,៩៩ដុល្លារ ឡាវ១,២៩ដុល្លារ ថៃ១,២៧​ដុល្លារ ហ្វីលី​ពីន ១,០៥​ដុល្លារ និង​សហរដ្ឋ​អាមេរិក ០,៨២​ដុល្លារ​ក្នុង​មួយ​លីត្រ៕

Urban Voice Cambodia

Urban Voice Cambodia