យុវជន​និង​ព្រះសង្ឃ​សំអាត​​បរិវេណ​វត្ត​ភ្នំ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ
Posted On : April, 6, 2015 | By សំឡេងទីក្រុង

ដោយ ឡេង ម៉ាលី 2015-04-05

 

យុវជន យុវនារី​ប្រមាណ ៣០​នាក់ និង​ព្រះសង្ឃ​ផង នាំ​គ្នា​រើស​សំរាម និង​សំអាត​នៅ​បរិវេណ​វត្ត​ភ្នំ ដើម្បី​ធ្វើ​បរិស្ថាន​ល្អ​សម្រាប់​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៥ មេសា ថា ក្រុម​យុវជន​ទាំង​នេះ ជា​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នានា ដែល​ស្រឡាញ់​ព្រៃ​ឈើ និង​បរិស្ថាន​ល្អ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​សកម្មភាព​សម្អាត​សំរាម​នៅ​បរិវេណ​វត្ត​ភ្នំនេះ គឺ​មាន​គោល​បំណង ៣​យ៉ាង​ចង់​បង្ហាញ​សាធារណជន និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ៖ «ទី​១ យើង​ចង់​សម្អាត​បរិស្ថាន​ទីលាន​វត្ត​ភ្នំ ហើយ​យើង​ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ​មើល​ឃើញ​សកម្មភាព​ហ្នឹង គាត់​យក​គំរូ កុំ​ឱ្យ​មាន​ការ​បោះចោល​សំរាម ឱ្យ​គាត់​យល់​ដឹង​ពី​បរិស្ថាន។ ទី​២ គឺ​យើង​ចង់​ផ្សព្វផ្សាយ​ពី​មូលនិធិ​សង្គ្រោះ​ព្រៃ​ឈើ ដោយ​យើង​មើល​ឃើញ​ថា បច្ចុប្បន្ន​ត្រូវ​បាន​កាប់​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់​ហើយ នៅ​សល់​ប្រហែល ៣០% ទេ បូករួម​ទាំង​ព្រៃ​កៅស៊ូ។ អ៊ីចឹង​វា​សល់​តិច​បំផុត។ អ៊ីចឹង​យើង​ចង់​ផ្សព្វផ្សាយ​ពី​មូលនិធិ​ហ្នឹង ដើម្បី​យើង​កៀរគរ​រក​ថវិកា​មូលនិធិ ដើម្បី​យើង​យក​ទៅ​ធ្វើ​សកម្មភាព​នានា សង្គ្រោះ​ព្រៃ​ឈើ​យើង ដូច​ជា​ការ​បំបួស​ដើម​ឈើ ការ​តស៊ូ​មតិ ការ​អប់រំ ឬ​ការ​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ការពារ​ព្រៃឈើ​យើង ដែល​យើង​យក​គំរូ​តាម​លោក ឈុត វុទ្ធី។ ចំណុច​ទី​៣ គឺ​យើង​នឹង​លេង​ល្បែង​ប្រជាប្រិយ ដើម្បី​អភិរក្ស​វប្បធម៌​ប្រពៃណី​របស់​យើង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ»

ប្រធាន​គ្រប់គ្រង​មូលនិធិ​សង្គ្រោះ​ព្រៃ​ឈើ​ខ្មែរ កញ្ញា កែវ ស្រីនាង បញ្ជាក់​ថា សកម្មភាព​របស់​មូលនិធិ​នេះ មិន​ធ្វើ​តែ​ការ​រើស​សំរាម​នៅ​ទីក្រុង​ទេ គឺ​នឹង​មាន​ការ​ដាំ​កូន​ឈើ​នៅ​តាម​សាលា និង​វត្ត​អារាម​នៅ​តាម​តំបន់​រងគ្រោះ​ផ្សេងៗ។ ក្រៅ​ពី​នេះ គឺ​ឃ្លាំមើល​ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់ និង​ការ​អប់រំ​ពលរដ្ឋ​អំពី​សារសំខាន់​នៃ​ព្រៃឈើ និង​ផល​វិបាក​នៃ​ការ​បាត់បង់​ព្រៃ​ឈើ។

​នេះ​ជា​សប្ដាហ៍​ទី​ពីរ​ហើយ ដែល​មាន​សកម្មភាព​សម្អាត​នៅ​បរិវេណ​វត្តភ្នំ ហើយ​មិន​មាន​ការ​រារាំង​ពី​ក្រុម​សន្តិសុខ​ទេ គ្រាន់​តែ​មាន​ការ​ឃ្លាំមើល​ខ្លះៗ។ លោក មួង សូនី បញ្ជាក់​ថា ក្រុម​យុវជន​ទាំង​នេះ នឹង​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ រាល់​ថ្ងៃ​រហូត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៕

Urban Voice Cambodia

Urban Voice Cambodia