យុទ្ធនាការ ការកកស្ទះចរាចរណ៍ក្នុងទីក្រុង របស់សំឡេងទីក្រុង
Posted On : វិច្ឆិកា, 20, 2018 | By សំឡេងទីក្រុង

ភ្នំពេញ —កាលពីថ្ងៃអាទិត្យទី ២៨ ខែតុលា ឆ្នាំ២០១៨ សំឡេងទីក្រុង(UVC) បានរៀបចំយុទ្ធនាការលើកទី៤ អំពី ការកកស្ទះចរាចរណ៍ក្នុងទីក្រុង ក្រោមប្រធានបទ  «រួមគ្នាប្រើប្រាស់សេវាឡានក្រុងសាធារណៈ ដើម្បីរួមចំណែកកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ» ដោយមានការចូលរួមពីយុវជនចំនួនជិត ៣០នាក់ ដែលជាសិស្ស និស្សិត បុគ្គលិកអង្គការ និងស្ថាប័នមួយចំនួន។ គោលបំណងសំខាន់នៃយុទ្ធនាការណ៍ គឺផ្សព្វផ្សាយ និងលើកទឹកដល់សាធារណៈជនទូទៅគាំទ្រ និងប្រើប្រាស់សេវាឡានក្រុងសាធារណៈឲ្យកាន់តែច្រើនឡើងថែមទៀត។

កម្មវិធីនេះចាប់ផ្តើមពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ដោយធ្វើដំណើរតាមរថយន្តក្រុងសាធារណៈពីចំណតខាងមុខមន្ទីពេទ្យគន្ធបុប្ផា (ជិតវត្តភ្នំ) រហូតដល់ចំណតរថយន្តក្រុងជិតរង្វង់មូលតាខ្មៅ។ ក្រៅពីការជិះរថយន្តក្រុងសាធារណៈ យើងក៏មានការបែងចែកអ្នកចូលរួមជាក្រុម ដើម្បីចុះទៅសួរ និងពន្យល់ពីអត្ថន័យនៃស្លាកចរាចរណ៍មួយចំនួនដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងតាខ្មៅផងដែរ។ តាមការសាកសួររបស់សមាជិកក្រុមនីមួយៗបានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋដែលគាត់បានសួរ ភាគច្រើនធ្លាប់ឃើញស្លាកសញ្ញាចរាចរទាំងនោះនៅតាមដងផ្លូវ តែមិនសូវយល់ (មិនច្បាស់)ពីអត្ថន័យរបស់វានោះទេ។

ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះស្រាយឆ្លើយតបទៅហ្នឹងបញ្ហាដែលកើតមាននោះ មិនទាន់មានប្រសិទ្ធភាពនៅឡើយ ដោយសារតែខ្វះការចូលរួមពីប្រជាពលរដ្ឋ និងកត្តាមួយចំនួនទៀត។ ជាក់ស្តែងសេវាឡានក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ដែលកំពុងដាក់ដំណើរការប្រើប្រាស់ជាច្រើនឆ្នាំកន្លងទៅហើយនោះ នៅមិនទាន់ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋនៅឡើយ។

តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនសូវចូលចិត្តប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ? ជាការពិតណាស់មានមូលហេតុជាច្រើនដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនទាន់និយមប្រើប្រាស់សេវាឡានក្រុងសាធារណៈ ដូចជា៖

១.  ប្រជាជនខ្មែរមិនទាន់មានទម្លាប់ ក្នុងការជិះឡានក្រុងសាធារណៈ

២. ចំនួនខ្សែឡាន និងចំនួនឡាននៅមានចំនួនតិចនៅឡើយ

៣. ការរង់ចាំ និងធ្វើដំណើរត្រូវចំណាយពេលយូរ នៅពេលមានការកកស្ទះចរាចរណ៍

៤. ពួកគាត់យល់ថា ជិះរថយន្តក្រុងសាធារណៈមិនអាចទៅដល់ទីកន្លែងដែលត្រូវទៅ ដូច្នេះត្រូវដើរ ឬជិះម៉ូតូឌុបបន្តទៀតបានដល់។

៦. មិនទាន់យល់ច្បាស់ពីសារៈប្រយោជន៍នៃការប្រើប្រាស់សេវាឡានក្រុងសាធារណៈ។

៧. នៅមានភាពភ័យខ្លាច និងមិនទាន់យល់ពីរបៀបនៃការជិះពីខ្សែឡានមួយ ទៅខ្សែឡានមួយទៀត។

៨.យល់ថាការប្រើប្រាស់រថយន្តខ្លួនឯងមានលក្ខណៈងាយស្រួល ងាយបត់បែន ងាយចេញ ងាយចូល ងាយឈប់ ព្រមទាំងមានឯកជនភាពផងដែរ។

ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីឲ្យប្រជាជនទូទៅងាកមកប្រើប្រាស់សេវាឡានក្រុងសាធារណៈ ច្រើនជាងប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន?

 

ដំណោះស្រាយដែលអាចធ្វើឲ្យសេវាឡានក្រុងសាធារណៈមានភាពប្រសើរឡើង និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋមានដូចជា៖

១. សាលារាជធានីភ្នំពេញគួរតែពង្រីកខ្សែឡាន និងចំនួនឡានក្រុងឲ្យបានច្រើនជាងនេះ

២. ផ្សព្វផ្សាយ និងពន្យល់ពីសារប្រយោជន៍នៃការជិះឡានក្រុងសាធារណៈឱ្យបានច្រើន និងទូលំទូលាយ

៣. រៀបចំកម្មវីធីលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡានក្រុងសាធារណៈ

៤.បន្ថែមកន្លែងរង់ចាំអោយបានច្រើនជាងមុន

៥.ប្រជាពលរដ្ឋគួរតែចូលរួមគាំទ្រការប្រើប្រាស់សេវាឡានក្រុងសាធារណៈឲ្យបានច្រើន

សេវារថយន្តក្រុងសាធារណៈ គឺជាដំណោះស្រាយមួយក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ប៉ុន្តែទាមទារឲ្យមានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ។ ដូច្នេះប្រជាពលរដ្ឋគួរតែប្តូមកប្រើសេវាឡានក្រុងសាធារណៈ ក្នុងដើម្បីរួមចំណែក កាត់បន្ថយការស្ទះចរាចរណ៍ ណាមួយតម្លៃសេវាឡានក្រុង ក៏សមរម្យដែលប្រជាពលរដ្ឋអាចទទួលបានផងដែរ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!