យុទ្ធនាការ​​ភ្ជាប់​ចរន្តអគ្គិសនី​​តម្លៃ​៦១០​រៀល​បាន​ជាង​១១​ម៉ឺន​បន្ទប់​ក្នុង​រយៈពេល​៥​ខែ​​
Posted On : July, 1, 2015 | By សំឡេងទីក្រុង

ប្រភព​៖   VOD   ដោយ៖​ ងី សុវណ្ណរតនី​ | ថ្ងៃពុធ ទី1 កក្កដា 2015

អគ្គិសនី​កម្ពុជា (EDC) ឲ្យដឹងថា ខ្លួន​បាន​ចុះ​ភ្ជាប់​ចរន្ដអគ្គិសនី​ដល់ផ្ទះ និង​បន្ទប់​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន ១១០  ២៨៦​បន្ទប់​ហើយ​គិត​មកដល់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ចុះ​ថ្ងៃ​ទី​៣០ ខែមិថុនា ឲ្យដឹងថា ក្នុង​រយៈពេល​៥​ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥ រហូតដល់​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមការងារ​ត​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ​៦១០​រៀល ជា​ថ្លៃ​អនុគ្រោះ​សម្រាប់​ការប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ ខែ​នោះ ត​ភ្ជាប់​បាន​ចំនួន ១១០ ២៨៦ បន្ទប់​រួច​ហើយ ។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ម្ចាស់​ផ្ទះជួល អាជ្ញាធរ​មូលដ្ឋាន និង កម្លាំងប្រដាប់អាវុធ ដែល​សហការ​ជាមួយ​ក្រុម​ការងារ​ត​ភ្ជាប់​ចរន្តអគ្គិសនី​ក្នុងតម្លៃ​អនុគ្រោះ​ នេះ​។​

​គួរបញ្ជាក់​ថា ក្នុង​រាជធានី​ភ្នំពេញ អគ្គិសនី​កម្ពុជា​បាន​កំណត់​តម្លៃ​អគ្គិសនី​ជា​៣​បែប គឺ​បើ​ប្រើប្រាស់​មិន​លើសពី​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ ត្រូវ​ចំណាយ ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ប្រើប្រាស់​ចាប់ពី​៥១​ទៅ​២០០​គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ ៧២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង និង​លើសពី ២០០ គីឡូវ៉ាត់ម៉ោង ត្រូវ​យក​តម្លៃ ៨២០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ៕

Wed 5

 

Urban Voice Cambodia

Urban Voice Cambodia