យុទ្ធនាការ​ឆ្មាំ​ទន្លេ​បង្ក្រាប​ការបូមខ្សាច់​រកឃើញ​បទល្មើស​ពីរ​នៅ​ទន្លេ​ចតុមុខ
Posted On : March, 31, 2015 | By សំឡេងទីក្រុង

តាំង វីដា, Tue, 31 March 2015, Phnom Penh Post

ភ្នំពេញៈ អាជីវកម្ម​បូមខ្សាច់​អនាធិបតេយ្យ​ពីរ​កន្លែង នៅក្នុង​ទន្លេ​បួនមុខ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​ ត្រូវ​​​ក្រុម​អធិការកិច្ច​ក្រសួង​រ៉ែ​ និង​ថាមពល ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បាន​ ក្នុង​យុទ្ធនាការ​ឆ្មាំ​ទន្លេ​លើក​ដំបូង កាលពី​យប់​ថ្ងៃ​អាទិត្យ។

យុទ្ធនាការ​ឆ្មាំទន្លេ ដែល​ប្រមូលផ្តុំ​កងកម្លាំង​ទាំងអស់ ដើម្បី​ការពារ​ទន្លេ ប្រឆាំង​ទប់ស្កាត់ នឹង​ការ​ធ្វើ​អាជីវកម្ម​បូមខ្សាច់​ខុស​ច្បាប់​បាន​សម្រេច​បង្កើតឡើង​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល កាលពី​ថ្ងៃ​ទី​ ២៥ ខែ​មីនា បន្ទាប់ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​នេះ​ទាំង​ស្រុង​ជា​អ្នក​ចេញ​អាជ្ញាបណ្ណ និង​ទទួល​​ខុសត្រូវ​គ្រប់បែប​យ៉ាង​លើ​ការធ្វើ​អាជីវកម្ម​ខ្សាច់​​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ឌីណា និង​ជា​ប្រធាន​ក្រុម​​អធិការកិច្ច​ទី ​៣ ដែល​ត្រូវ​ទទួល​បន្ទុក​ការងារ​នេះ បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​ទប់ស្កាត់​ និង​បង្ក្រាប​អាជីវកម្ម​បូមខ្សាច់ បាន​ធ្វើ​ឡើង​ពីរ​ទីតាំង គឺ​នៅ​មុខវាំង រាជធានី​ភ្នំពេញ និង​កោះអន្លង់ នៅ​ឃុំ​អន្លង់ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល ផ្អែកលើ​បណ្តឹង​របស់​ប្រជាពលរដ្ឋ។

លោក​ថា លទ្ធផល​នៃ​ប្រតិបត្តិការ​នោះ​ គឺ​បាន​រកឃើញ​​សាឡង់​បូមខ្សាច់​ពីរ គ្មាន​អាជ្ញាបណ្ណ នៅ​ចំណុច​មុខវាំង ដែល​មាន​ពីរ​ក្រុម មួយ​ក្រុមៗ មាន​​ ៣ ​នាក់​។

លោក ឌិត ឌីណា បន្ត​ថា៖ «ពេល​សួរ​នាំ​ទៅ​ឃើញ​ថា ទាំង​ពីរ​ក្រុម​នោះ​​មាន​ម្ចាស់​អាជីវកម្ម​តែ​មួយ យើង​​​ឲ្យ​ពួកគេ​សម្អាត​ចេញ​វិញ និង​អប់រំ​ពួកគាត់​ពី​ផលប៉ះពាល់​នៃ​ការ​បូមខ្សាច់… (ចំពោះ​ទណ្ឌកម្ម) ការ​រឹបអូស​ជា​ដំណាក់កាល​បន្ត​ទៀត​ហើយ​​​នឹង​មាន (ការ​ដាក់​ទណ្ឌកម្ម) រហូត​ដល់​ធ្ងន់ធ្ងរ​។ ចំពោះ​ការ​ចុះអធិការកិច្ច​នេះ គឺ​យើង​នឹង​ធ្វើ​នៅ​គ្រប់កន្លែង​ទាំងអស់​»។

ថ្មីៗ​នេះ​កន្លង​ទៅ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​សម្រេច​បន្ត​ពន្យារ​អាជ្ញាបណ្ណ​បូមខ្សាច់ ឲ្យ​ដល់​អាជីវករ ដែល​មាន​អាជ្ញាប័ណ្ណ​ផុត​សុពលភាព ក្នុង​តំបន់​អាជីវកម្ម​របស់​ខ្លួន​ដែល​បាន​សិក្សា​ទៅលើ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច​និង​បរិស្ថាន​រួច​ហើយ​ ហើយ​រាល់​អាជ្ញាប័ណ្ណ​ថ្មី ក្នុង​តំបន់​ថ្មី គឺ​ទាមទារ​ដាច់ខាត​នូវ​ការ​វាយតម្លៃ និង​ការសិក្សា​ពី​ផលប៉ះពាល់​ជា​មុន​សិន​។

ការសម្រេច​នេះ​ ត្រូវ​បាន​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​អះអាង​ថា ធ្វើ​ឡើង ​ដើម្បី​បង្ការ​នូវ​ភាពអនាធិបតេយ្យ​នៃ​អាជីវកម្ម​បូមខ្សាច់​ ដែល​កើតឡើង​បន្ទាប់ពី​អាជ្ញាប័ណ្ណ​មុន​បាន​ផុត​សុពលភាព និង​ដើម្បី​សម្រួល​ទៅ​ដល់​ក្រុម​អាជីវករ ដែល​រង់ចាំ​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ ក្រោយពី​ធ្វើការ​សិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់​ជាថ្មី​នោះ៕

Urban Voice Cambodia

Urban Voice Cambodia