យន្តការក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍

ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ការកកស្ទះមានស្ទើរតែគ្រប់ពេល និងគ្រប់វិថី ជាពិសេសម៉ោងចូល និងចេញពីកន្លែងធ្វើការ​ និងចេញពីសាលារៀន។ ការកកស្ទះនេះធ្វើអោយមានការខាតបង់ជាច្រើនរួមមាន ផលប្រយោជន៍សេដ្ឋកិច្ច ពេលវេលា និងសំខាន់ជាងគេនោះគឺបញ្ហាសុខភាព។

ក្នុងរបាយការណ៍ស្ដីពីបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញពីឆ្នាំ២០១៤ដល់២០១៧​ របស់សមាគមធាងត្នោតបានរកឃើញកត្តាជាច្រើនដែលបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ ហើយមានការកើនឡើងផងដែរ។ ចូលអានរបាយការណ៍លម្អិត៖ របាយការណ៍ស្តីពីបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧

តើចង់ឲ្យបញ្ហាទាំងនេះនៅបន្តរាំរៃដល់ពេលណាទៀត? ដើម្បីចូលរួមជាចំណែកក្នុងការដោះស្រាយបញ្ហានេះ សំឡេងទីក្រុងសូមលើកយកកត្តាមួយចំនួនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពញដូចខាងក្រោមៈ

១-ពង្រឹងការអនុវត្តច្បាប់

អ្នកបើកបរគ្រប់ៗរូបត្រូវឆ្លងកាត់សាលាបណ្ដុះបណ្ដាល ជាពិសេសក្រមសីលធម៌ក្នុងការបើកបបរ។ រាជរដ្ឋាភិបាលជាពិសេសក្រសួងអប់រំគួរតែមានសៀវភៅណែនាំចាប់តាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។

គ្រប់ដងផ្លូវទាំងអស់ត្រូវមានផ្លាកសញ្ញាចរាចរណ៍ រួមទាំងមានទំហំធំល្មម ស្ថិតក្នុងកន្លែងវាល មិនមានដើមឈើ និងផ្លាកផ្សាយពាណិជ្ជកម្មបាំង ដែលធ្វើអោយអ្នកប្រើប្រាស់ផ្លូវងាយស្រួលក្នុងការមើល។

មន្ត្រីប៉ូលីសចរាចរណ៍ត្រូវមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រមសីលធម៌ និងត្រូវដាក់ពង្រាយគ្រប់កន្លែងដែលមានចរាចរណ៍មមាញឹក។ ប្រាក់ដែលបានមកពីការផាកពិន័យត្រូវប្រមូលចូលរដ្ឋទាំងអស់ ម្យ៉ាងវិញទៀតមន្ត្រីប៉ូលិសចរាចរណ៍ត្រូវមានប្រាក់ខែសមរម្យ។​ ចាប់ពីឆ្នាំ២០១៧​ មន្រ្តីចរាចរណ៍អនុញ្ញាតឳ្យរក្សាទុក៧០ភាគរយនៃប្រាក់ផាកពិន័យបាន កត្តានេះអាចធ្វើអោយការអនុវត្តន៍ច្បាប់មិនបានល្អ (គិតតែរឿងផាកយកលុយ)។

២ កាត់បន្ថយការប្រើប្រាស់យានយន្ត និងការលំលោភបំពានលើចំណីផ្លូវ។

អជ្ញាធរត្រូវមានយន្តការ កំណត់ចំនួនយានយន្តប្រើប្រាស់ ការនាំចូល និងចាត់វិធានការណ៍ច្បាស់លាស់ចំពោះអ្នករកស៊ីណាដែលបានលំលោភបំពានលើចំណីផ្លូវ។ ផ្ទុយទៅវិញពលរដ្ឋគួរតែងាកមកប្រើប្រាស់សេវាសាធារណៈរបស់សាលាក្រុងនិងកាត់បន្ថយការប្រើប្រាស់រថយន្តតែម្នាក់ឯង។

៣ អ្នកប្រើប្រាស់ដងផ្លូវត្រូវប្ដូរឥរិយាបថក្នុងការបើកបរ

អ្នកបើកបរត្រូវគោរពគំនូសសញ្ញាចរាចរណ៍ បើកតាមគន្លងដែលបានចែក និងមិនបំពានផ្លូវអទិភាពរបស់អ្នកដទៃ។

ដើម្បីអោយចរាចរណ៍ក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ សូមសំណូមពរទាំង​អាជ្ញាធរមានសមត្ថកិច្ច ទាំងបណ្ដាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប គួរគិតមើលសារ​ជាថ្មីអំពី​ការ​ប្រើប្រាស់ទ្រូងផ្លូវ និងរបៀបប្រើប្រាស់ទ្រូងផ្លូវអោយមានប្រសិទ្ធិភាព។ បន្ថែមពីលើច្បាប់ចរាចរណ៍ ដែលយើង​គ្រប់​ៗគ្នា មានករណីកិច្ចត្រូវតែគោរពនោះគឺ ការយោគយល់អាធ្យាស្រ័យ និង ការគោរពដល់អ្នកប្រើប្រាស់​ផ្លូវថ្នល់​ដូចគ្នា៕

 

Leave a Reply