ម៉ូតូ​កង់បី​ម៉ែត្រ​ ប្រជែង​​ទីផ្សារ​​​រ៉ឺម៉ក​ម៉ូតូ​ធម្មតា
Posted On : សីហា, 16, 2016 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចាគ្នាហើយអតិថិជនជាច្រើនជារឿយៗគិតថាពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។

ដោយបានចាប់ផ្ដើមដំណើរការកាលពីខែមីនាក្នុងឆ្នាំនេះក្រុមហ៊ុន EZ Go គឺជាក្រុមហ៊ុនលើកដំបូងនៅទីក្រុងភ្នំពេញដែលប្រតិបត្តិការម៉ូតូកង់បីម៉ែត្របែបពាណិជ្ជកម្មនេះ។

ដោយខុសពីរ៉ឺម៉កម៉ូតូផ្សេងៗទៀតឧបករណ៍វាស់ម៉ែត្រត្រូវបានដំឡើងនៅគ្រប់ម៉ូតូកង់បីទាំងអស់របស់ក្រុមហ៊ុន។ ម៉ែត្រនៅក្នុងយានយន្តកំណត់តម្លៃជិះយោងតាមតម្លៃដែលផ្អែកតាមចម្ងាយធ្វើដំណើរដែលចៀសវាងបានពីការចរចាតម្លៃ និងការបង្ការអ្នកបើកបរមិនឲ្យបោកប្រាស់តម្លៃអតិថិជនដែលមានការត្អូញត្អែរទូទៅពីសំណាក់ភ្ញៀវទេសចរ។

លោក តុប និមល ម្ចាស់ក្រុមហ៊ុន EZ Go បានថ្លែងថា៖ «ខ្ញុំគិតថាតម្លៃជិះរបស់យើងទាបបំផុតសម្រាប់អតិថិជនហើយវាជាតម្លៃស្ដង់ដារ។ ដូច្នេះយើងមិនអាចបោកប្រាស់អតិថិជនបានទេ»។

លោកបន្តថា៖ «យើងមិនគិតតម្លៃបន្ថែមណាមួយសម្រាប់ពេលចរាចរណ៍កកស្ទះដោយសារតែតម្លៃធ្វើដំណើររបស់យើងត្រូវបានពឹងផ្អែកលើចម្ងាយហើយមិនមែនពេលវេលានោះទេ»។

ក្រុមហ៊ុន EZ Go គ្រប់គ្រងលើម៉ូតូកង់បីទាំងអស់នឹងផ្ដល់ជម្រើសដល់អ្នកបើកបររបស់ខ្លួនដោយធ្វើការទទួលប្រាក់ខែ ឬការជួលយានយន្តក្នុងតម្លៃ ៧ ដុល្លារក្នុងមួយថ្ងៃ។

លោក និមល ផ្ដល់ប្រាក់បន្ថែមលើកទឹកចិត្តសម្រាប់បុគ្គលិកទទួលប្រាក់ខែរបស់លោកផងដែរនៅពេលពួកគេសម្រេចបានទិសដៅមួយចំនួននៃការដឹកអ្នកដំណើរ។

លោកថ្លែងថា៖ «អ្នកបើកបរជាច្រើននៅទីនេះអាចរកប្រាក់បានជាង ២០០ ដុល្លារក្នុងមួយខែ។ អ្នកដែលសម្រេចបានទិសដៅមួយចំនួន និងធ្វើការងារបានល្អអាចរកបានជិត ៣០០ ដុល្លារក្នុងមួយខែ»។

តម្លៃធ្វើដំណើរត្រូវបានកំណត់ចំនួន ៣ ០០០ រៀលសម្រាប់គីឡូម៉ែត្រដំបូង និងបន្ទាប់មក ៣៦០ រៀលសម្រាប់ចម្ងាយផ្លូវ ៣០០ ម៉ែត្របន្ថែមទៀតដែលធ្វើឲ្យតម្លៃសេវារបស់ក្រុមហ៊ុនមានភាពទាក់ទាញខ្លាំងនៅក្នុងទីក្រុងបើធៀបនឹងតាក់ស៊ីធម្មតា និងរ៉ឺម៉កម៉ូតូផ្សេងទៀត។

បើទោះជាក្រុមហ៊ុន EZ Go មានម៉ូតូកង់បីកំពុងដំណើរការមិនច្រើនក្តីក៏តម្លៃដែលមានការប្រកួតប្រជែង និងមិនស្មុគស្មាញរបស់ក្រុមហ៊ុនដ៏តូចនេះកំពុងធ្វើឲ្យរ៉ឺម៉កកង់បីធម្មតាដែលមានចំនួនរាប់ពាន់គ្រឿងកំពុងដំណើរការក្នុងទីក្រុងភ្នំពេញនេះមានភាពអន់ចិត្តរួចទៅហើយ។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលជាសមាគមរ៉ឺម៉កម៉ូតូធំជាងគេរបស់កម្ពុជាបានថ្លែងថាលោកបារម្ភផង និងមានចំណាប់អារម្មណ៍ផងចំពោះគំនិតរ៉ឺម៉កម៉ូតូម៉ែត្រនេះ។

លោកថ្លែងថា៖ «យើងកំពុងសិក្សាពីលទ្ធភាពនៃការបំពាក់ម៉ែត្រនៅក្នុងរ៉ឺម៉កម៉ូតូរបស់យើងដើម្បីប្រកួតប្រជែងជាមួយអ្នកចូលថ្មីនៅក្នុងទីផ្សារនេះ»។

លោកបន្តថា៖ «ប៉ុន្តែយើងបានជួបបញ្ហាប្រឈមជាច្រើនដោយសារតែវាមានការពិបាកក្នុងការស្វែងរកអ្នកបើកបរដែលចង់សាកល្បងវា»។

លោក វន់ ពៅ បារម្ភថាការកើនឡើងប្រជាប្រិយភាព និងតម្លៃកាន់តែទាក់ទាញរបស់ម៉ូតូកង់បីម៉ែត្រនេះអាចប៉ះពាល់ដល់អាជីវកម្មដឹកជញ្ជូនរបស់រ៉ឺម៉កដែលអូសដោយម៉ូតូនេះដែលអ្នកបើកបរពឹងលើការចរចាតម្លៃធ្វើដំណើរ។

លោកបន្តថា៖ «ខណៈដែលចរាចរណ៍នៅទីក្រុងភ្នំពេញកាន់តែអាក្រក់ឡើងៗខ្ញុំគិតថាតម្លៃដែលបានគិតដោយម៉ូតូកង់បីម៉ែត្រទាំងនោះគឺទាបខ្លាំង»។

លោកបន្ថែមថា៖ «ការចំណាយលើប្រតិបត្តិការរបស់យើងខ្ពស់ខ្លាំងដោយសារតែការកកស្ទះចរាចរណ៍សម្រាប់ពួកយើងក្នុងការផ្ដល់តម្លៃធ្វើដំណើរស្រដៀងគ្នា»។

ការរចនា និងពណ៌ភាពខុសគ្នារបស់ម៉ូតូកង់បីរបស់ក្រុមហ៊ុន EZ Go មានភាពខុសគ្នាពីរ៉ឺម៉កម៉ូតូ ៦ ០០០ គ្រឿងដែលបានតំណាងដោយ IDEA ដែលធ្វើឲ្យងាយស្រួលចំណាំ។ ក្រុមម៉ូតូកង់បីរបស់ក្រុមហ៊ុននេះមានពណ៌លឿងដែលជារ៉ឺម៉កម៉ូតូកង់បី Bajaj មកពីប្រទេសឥណ្ឌាដែលត្រូវបានដំឡើងក្នុងប្រទេសកម្ពុជា។ ផលិតឡើងដោយប្រើឥន្ធនៈឧស្ម័ន យានយន្តនេះប្រើប្រាស់ឥន្ធនៈមានប្រសិទ្ធភាពជាងរ៉ឺម៉កម៉ូតូធម្មតាដែលប្រើប្រាស់ម៉ាស៊ីនសាំង។

លោក ហួត សេរីបញ្ញា អនុប្រធានគ្រប់គ្រងនៅហាងម៉ូតូ Japan Motor បានថ្លែងថាភាពពេញនិយមរបស់រ៉ឺម៉កម៉ូតូទាំងនោះក្នុងចំណោមអតិថិជនជាច្រើនអាចដោយសារតែភាពរហ័សរហួន និងផាសុកភាពរបស់រ៉ឺម៉កម៉ូតូទាំងនោះ។

លោកថ្លែងថា៖ «រ៉ឺម៉កម៉ូតូ Bajaj ត្រូវបានដំឡើងជាតួតែមួយមិនមែនត្រូវបានបំបែកកន្ទុយដែលអូសដោយម៉ូតូនោះទេ»។

លោកបន្តថា៖«នេះធ្វើឲ្យវាកាន់តែងាយស្រួលនៅពេលបត់ក្រោយ និងកាន់តែមានសុវត្ថិភាពទាំងអ្នកដំណើរ និងអ្នកបើកបរហើយថែមទាំងកាន់តែមានផាសុកភាពទៀតផង»។

មិនដូចរ៉ឺម៉កម៉ូតូរបៀបស្ដង់ដារខ្មែរ រ៉ឺម៉កម៉ូតូឥណ្ឌានេះមានហ្វ្រាំងកង់ក្រោយ និងបាតក្រោមដែលបន្ថែមផាសុកភាពជារួមរបស់យានយន្តនេះ។

ប៉ុន្តែលោកបានព្យាករពីការប្រើប្រាស់ម៉ូតូកង់បីនេះនឹងមានកំណើនយឺតដោយសារតម្លៃដំបូងខ្ពស់ និងដឹកអ្នកដំណើរបានតិច៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!