មុន​ឈាន​ដល់​បាត់​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ត្អូញត្អែរ​រឿង​វិបត្តិ​ការ​បង់ប្រាក់​ពី​អតិថិជន​
Posted On : February, 13, 2015 | By សំឡេងទីក្រុង

 by DTN7 on February 13, 2015, 

ក្រោយ​ពី​បាន​ដំណើរការ​សេវាកម្ម​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់​រឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​១៣​ឆ្នាំ​រួច​មក​ ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ CINTRI​ (Cambodia)​ Ltd.​ ដែល​មាន​លោក​ឧកញ៉ា​ សេង​ សា​វី​ ជានា​យក​ក្រុមហ៊ុន​ ទទួល​បាន​នូវ​ការ​បាត់​ទំនុកចិត្ត​ទាំងស្រុង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ដោយ​រាជរដ្ឋាភិបាល​បាន​វាយតម្លៃ​ថា​ “​ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​”​ និង​បាន​សម្រេច​ឲ្យ​មានការ​សើរើ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​និង​សាលា​រាជធានី​ភ្នំពេញ​កន្លង​ទៅ​ផង​ដែរ​ ខណៈ​ជិត​១​ឆ្នាំ​មុន​ ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​បាន​ត្អូញត្អែរ​ប្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​បាន​និង​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​ការ​បង់ប្រាក់​ពី​អតិថិជន​ ។

 

​កាលពី​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ លោក​ឧកញ៉ា​ សេង​ សា​វី​ ជា​ប្រធាន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​(​ខេ​ម​បូ​ឌា​)​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​បាន​ត្អូញត្អែរ​ថា​ “​កន្លង​មករ​ហូត​បច្ចុប្បន្ន​ ក្រុមហ៊ុន​ក៏​នៅ​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​ការ​បង់ប្រាក់​ពី​អតិថិជន​ដែល​មិន​ទាន់​បាន​ដោះស្រាយ​រួចរាល់​នៅឡើយ​ ក៏​ព្រោះតែ​តារាង​កំណត់​តម្លៃ​ជា​មូលដ្ឋាន​ ថ្លៃ​សេវា​ដឹក​ជញ្ជូន​សំរាម​ និង​សម្អាត​រាជធានី​ របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ បច្ចុប្បន្នភាព​មានការ​ខ្វះខាត​ក្នុង​ការ​កំណត់​ទីតាំង​ ប្រភេទ​ទំហំ​អាជីវកម្ម​…”​ ។​ លើស​ពី​នេះ​ ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ក៏​បាន​បកស្រាយ​បញ្ជាក់​ប្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អំពី​មូលហេតុ​នៃ​ការ​យក​តម្លៃ​ខុស​គ្នា​ ខណៈ​មានកម្ម​វត្ថុ​ដូច​គ្នា​និង​ទីកន្លែង​ដូច​គ្នា​ផង​ដែរ​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ដក​ទំនុកចិត្ត​ពី​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​ហើយៗ​តម្រូវ​ឲ្យ​មានការ​សើរើ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​និង​សាលា​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ថែម​ទៀត​ តាម​ស្មារតី​លិខិត​លេខ​១៤២​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​យោង​តាម​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០២​ រវាង​សាលា​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន​ CINTRI​ (Cambodia)​ Ltd.​ (​កិច្ចសន្យា​បន្ត​ពី​ក្រុមហ៊ុន​ PSBK​ &​ Development​ Co.,​ Ltd.)​ គឺ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​មាន​សុពលភាព​បម្រើ​សេវាកម្ម​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់​រឹង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០៤៨​ ដោយ​ក្រុមហ៊ុន​សំរាម​ស៊ី​ន​ទ្រី​នេះ​ត្រូវ​បង់ប្រាក់​ជូន​សាលា​រាជធានី​ភ្នំពេញ​ចំនួន​៣១.២០០​ដុល្លារ​អា​មេ​រិ​ក​(​ចាប់ពី​២០១៣​ដល់​ឆ្នាំ​២០១៧)​ ចំនួន​៣៣.៦០០​ដុល្លារ​អា​មេ​រិ​ក​(​ចាប់ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២)​ ចំនួន​៣៦.០០០​ដុល្លារ​អា​មេ​រិ​ក​(​ចាប់ពី​ឆ្នាំ​២០២៨​ដល់​ឆ្នាំ​២០៣២)​ ចំនួន​៤០.៨០០​ដុល្លារ​អា​មេ​រិ​ក​(​ចាប់ពី​ឆ្នាំ​២០៣៣​ដល់​ឆ្នាំ​២០៣៧)​ ចំនួន​៤៣.២០០​ដុល្លារ​អា​មេ​រិ​ក​(​ចាប់ពី​ឆ្នាំ​២០៣៨​ដល់​ឆ្នាំ​២០៤២)​ និង​ចំនួន​៤៥.៦០០​ដុល្លារ​អា​មេ​រិ​ក​(​ចាប់ពី​ឆ្នាំ​២០៤៣​ដល់​កាលបរិច្ឆេទ​បញ្ចប់​កិច្ចសន្យា​)​ ៕​

Urban Voice Cambodia

Urban Voice Cambodia