មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ សង់របងថ្មរំលោភចូលចំណីផ្លូវជិត៥ម៉ែត្រ នៅខណ្ឌដូនពេញ, អាជ្ញាធរទុកពេលឲ្យ២ថ្ងៃវាយចោល
Posted On : ធ្នូ, 5, 2016 | By Vantha

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ ដែលតាមព័ត៌មានខ្លះថាពាក់ផ្កាយ៣ ឈ្មោះ សូត្រ សម្បត្តិ បានសង់របងថ្មរំលោភចូលចំណីផ្លូវសាធារណ:ជិត៥ម៉ែត្រ ដោយគ្មានខ្លាចកោតក្រែងនឹងច្បាប់ទម្លាប់នោះឡើយ ស្ថិតនៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

យ៉ាងណាក៏ដោយ នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះទៅទប់ស្កាត់ ហើយទុកពេលឲ្យ២ថ្ងៃ ដើម្បីឲ្យម្ចាស់ផ្ទះវាយកម្ទេចចោល។

លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះថា ម្ចាស់ផ្ទះខាងលើលោកមិនស្គាល់ និងដឹងថាធ្វើការនៅទីណានោះទេ គ្រាន់តែព័ត៌មានខ្លះថា គាត់នៅក្រសួងមហាផ្ទៃ។

លោក ចាន់ បណ្ឌិត បានបន្តទៀតថា «គាត់សង់របងថ្មរំលោភចិញ្ចើមផ្លូវជិត៥ម៉ែត្រ ហើយយើងទុកពេលឲ្យគាត់២ថ្ងៃ គឺដល់ថ្ងៃទី៤ ធ្នូ ដើម្បីឲ្យគាត់វាយចោលតែបើមិនទាន់វាយទៀត យើងអាចចេញលិខិតជូនដំណឹងចុងក្រោយ បើនៅមិនស្តាប់ទៀត យើងនឹងចុះទៅវាយចោលតែម្តង»

មន្រ្តីសាលាខណ្ឌដូនពេញ ដែលបានចូលរួមទៅទប់ស្កាត់ការសង់រំលោភមកលើចិញ្ចើមមួយនេះ បាននិយាយថា ម្ចាស់ផ្ទះ បានឲ្យជាងសង់របងថ្មកម្ពស់ជិត២ម៉ែត្រលយមកលើចញ្ចើមផ្លូវសាធារណៈ ហើយសំណង់របងថ្មនេះ ប្រវែង៤.៤៥ម៉ែត្រ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះមួយនេះ បានឲ្យដឹងថា ម្ចាស់ផ្ទះលេខ៣៧ បានជួលជាងមករៀបឥដ្ឋបណ្ដុះរបងបន្ថែមខ័ណ្ឌលយមកលើចញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយឃើញពីការរំលាភយកចញ្ចើមផ្លូវសាធារណៈដូច្នេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនអាជ្ញាធរខណ្ឌចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ។

យ៉ាងណាក៏ដោយ អង្គភាព Fresh News នៅព្រឹកថ្ងៃនេះ មិនទាន់ស្វែងរកការបញ្ជាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានទេថា តើម្ចាស់ផ្ទះនេះពិតជាមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃឫមួយយ៉ាងណា។

ប្រភព៖ freshnewsasia.com

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!