មន្រ្តីក្រសួងសាធារណការថា​ការ​បាក់​ដី​នៅ​គល់​ស្ពាន​ព្រែក​តា​មា​ក់​គ្មាន​បញ្ហា​ទេ
Posted On : January, 7, 2015 | By សំឡេងទីក្រុង

ដោយ សីហា, សម្លេងសាព័ត៌មានសេរី,​ ថ្ងៃទី ៧មករា ឆ្នាំ ២០១៥

កណ្ដាល​៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​បារម្ភ​ព្រួយ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ការ​ បាក់​ដី​នៅ​សសរស្ពាន​ព្រែក​តា​មា​ក់​ត្រើយ​ខាងកើត​ស្ថិត​ក្នុងភូមិ​ស្វាយ​ អាត់​លើ​ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដកណ្ដាល​ ដែល​អាច​បង្ក​បញ្ហា​ដល់​ស្ពាន​ឆ្លងទន្លេ​ដែល​ទើប​សង់​ថ្មី​នោះ​ក្រសួង​ សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​០៦​ខែមករា​ថា​ការបាក់​ ដី​នោះ​ពុំ​មាន​បញ្ហា​ដល់​ស្ពាន​ទេ​។

​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ ចំពោះ​ស្ពាន​នេះ​បាន​បញ្ជាក់​តាម​រយៈ​ លិខិត​សរសេរ​ដៃ​មួយ​ច្បាប់​ថា​ “​បញ្ហា​បាក់​ច្រាំង​ទន្លេ​ក្រោម​ស្ពាន​ព្រែក​តា​មា​ក់​ខ្ញុំ​បាន​ចុះ​ទៅ​ មើល​ហើយ​។​ តាម​ការ​ពិនិត្យ​របស់ខ្ញុំ​ពុំ​មាន​ បញ្ហា​អ្វី​ទេ​ដល់​ស្ពាន​គ្រាន់តែ​មានការ​ច្រោះ​ដី​ច្រាំង​ទន្លេ​ដោយ​ទឹក​ ជ្រាប​ចេញពី​ផ្ទៃដី​ខាងលើ​ចុះ​ទៅ​ទន្លេ​…”​ ។​

យ៉ាងណា​ក៏​ដោយ​លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា​ ចំពោះ​បញ្ហា​នេះ​ ខាង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​តែ​បញ្ជូន​ក្រុមបច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​លើក​ជា​គំរោង​ទប់​ដី​ដើម្បី​ សោភណភាព​ច្រាំង​ទន្លេ​និង​កុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាច​ឬ​មាន​ អារម្មណ៍មិនល្អ​ដល់​ ការ​ខូចខាត​ស្ពាន​។​

​សេចក្ដី​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ជា​ បន្ដបន្ទាប់​ តាម​រយៈ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ ក៏​ ដូច​ជា​បណ្ដាញ​សង្គម​ពី​ការ​ព្រួយបារម្ភ​ ដល់​សុវត្ថិភាព​ស្ពាន​ដែល​បណ្ដាល​មក​ពី​ការ​បាក់​ស្រុត​ដី​នោះ​។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា​ការ​បាក់​ដី​ច្រាំង​ទន្លេ​ នៅ​ខាងក្រោម​ស្ពាន​តា​មា​ក់​ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ស្ពាន​ ដូច​ការ​លើក​ឡើង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​។​

នាយ​ផ្នែក​សេនាធិការ​នគរបាល​ស្រុក​មុខកំពូល​ លោក​ យឺន​ សា​រ៉ាត​ ថា​ការ​បាក់​ដី​នេះ​បណ្តាល​មក​ពី​ទឹក​ឡើង​នៅ​រដូវវស្សា​ និង​ទឹកភ្លៀង​ដែល​បាន​ហូរ​ច្រោះ​ដី​។​ លោក​បន្ត​ថា​ក្រុមហ៊ុន​ចិន​បាន​យក​កម្ទេចកំទី​ថ្ម​ និង​ស្បោង​ផ្លា​ស្ទិ​ក​ បាវ​ស៊ីម៉ង់ត៍​មួយ​ចំនួន​យក​ ទៅ​ចាក់​គរ​ចោល​នៅ​មាត់ច្រាំង​ខាងក្រោម​ស្ពាន​ បណ្តាល​ឲ្យ​ពេល​ទឹក​ឡើង​ នាំ​ល្បាប់​មក​កក​នៅ​កន្លែង​នោះ​។​ លោក​ឲ្យ​ដឹង​ទៀត​ថា​«​លុះ​នៅ​ពេល​ទឹក​ស្រក​ទៅ​វិញ​ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រហែលជា​ពាក់​កណ្តាល់ខែ​១១​ ទឹកភ្លៀង​បាន​ហូរ​ច្រោះ​ដី​នោះ​ ទើប​បណ្តាល​ឲ្យ​មានការ​បាក់​ច្រាំង​»​។​

 

Urban Voice Cambodia

Urban Voice Cambodia