មន្ទីរ​សុខាភិបាល​ភ្នំពេញ​បំភ្លឺ​ពី​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​មន្ទីរពេទ្យ​បង្អែក​រាជធានី
Posted On : កុម្ភៈ, 7, 2015 | By សំឡេងទីក្រុង

ដោយ៖ សេក បណ្ឌិត, វិទ្យុអាស៊ីសេរី,  ថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០១៥

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ពី​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ អតីត​មន្ទីរពេទ្យ​សម្ភព​ក្រុង ដែល​កំពុង​មាន​រឿង​ចម្រូងចម្រាស។

ការ​បំភ្លឺ​នេះ បន្ទាប់​ពី​បុគ្គលិក​នៃ​មន្ទីរពេទ្យ​នេះ​នាំ​គ្នា​តវ៉ា​ដល់​រដ្ឋសភា​កាល​ថ្ងៃ​សុក ទី​៦ កុម្ភៈ ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ថា ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​នៃ​មន្ទីរពេទ្យ​នេះ ធ្វើ​ឡើង​តាម​បែប​បទ​នៃ​ក្រសួង​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ​ត្រូវ​មាន​ប្លង់​សកម្ម​សិទ្ធិ​គ្រប់គ្រង​ត្រឹមត្រូវ។

​លោក​ថា មន្ទីរ​នេះ​បាន​បាត់​ប្លង់​កម្មសិទ្ធិ​តាំង​ពី​ឆ្នាំ​២០០៩ ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​សុខាភិបាល បួន​ជំនាន់​កន្លង​មក៖ «កន្លង​មក​យើង​អត់​បាន​យក​ប្លង់​នេះ​មក​គ្រប់​គ្រង់​ទេ វា​មិន​ដឹង​នៅ​លើ​ប្រធាន​មួយ​ណា​ទេ»

​លោក​ពន្យល់​ថា ប្លង់​នោះ​ត្រូវ​ធ្វើ​ជា​ពីរ​ផ្នែក មុខ​និង​ក្រោយ ដោយសារ​មាន​អ្នក​ភូមិ​អ្នក​ស្រុក​ដែល​ជា​សំណង់​មិន​រៀបរយ កាត់​ផ្ដាច់​ជា​ពីរ មិន​អាច​ធ្វើ​ប្លង់​រួម​ដោយ​បូក​ភូមិ​អ្នក​ស្រុក​បាន៖ «បាទ! ត្រូវ​តែ​ធ្វើ​ទាំង​អស់​ហ្នឹង យើង​មិន​ធ្វើ​តែ​មួយ​ណា»

លោក​បញ្ជាក់​ទៀត​ថា អាគារ​មួយ​ផ្នែក​នៅ​ខាង​មុខ​ដែល​នៅ​ជាប់​ផ្លូវ​១៦៩ ឬ​ហៅ​ថា ផ្លូវ​ឆេកូស្លូវ៉ាគី ដែល​ជា​ក្ដី​កង្វល់​របស់​បុគ្គលិក​លោក​ខ្លាច​បាត់បង់​នោះ នឹង​ធ្វើ​ប្លង់​នៅ​ពេល​ក្រោយ​បន្តបន្ទាប់​ទៀត តែ​លោក​មិន​បញ្ជាក់​ថា នៅ​ពេល​ណា​នោះ​ទេ។

ការ​បក​ស្រាយ​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​បុគ្គលិក​ពេទ្យ​ថា ទីតាំង​មួយ​ផ្នែក​នៃ​មន្ទីរពេទ្យ​នេះ​ត្រូវ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​លក់​ទៅ​ឲ្យ​ឯកជន ឬ​តាម​រូបភាព​ដោះដូរ។

បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព​៧​មករា ដែល​មាន​ទីតាំង​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បដិសេធ​សេចក្ដី​ប្រកាស​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​បំភ្លឺ​ពី​ប្លង់​កម្មសិទ្ធិ​នៃ​មន្ទីរពេទ្យ​នោះ​ឡើង​វិញ។

តាម​រយៈ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​៦ កុម្ភៈ ដោយមាន​ផ្ដិត​មេដៃ​ពី​ក្រុម​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់ និង​ផ្ញើ​ជូន​ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ទៅ​រដ្ឋ​សភា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការ​ចេញ​ប្លង់​ទីតាំង​មន្ទីរពេទ្យ​ថ្មី​មាន​ភាព​មិន​ប្រក្រតី។

ភាព​មិន​ប្រក្រតី ឬ​ហេតុ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​នោះ គឺ​ប្លង់​ថ្មី​ដែល​បិទ​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ បាន​បាត់​អាគារ​មួយ​នៅ​ខាង​មុខ​គេ​ចេញ​ពី​ប្លង់​នោះ។ ការ​ប្រកាស​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម មាន​ខ្លឹមសារ​ថា ទីតាំង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាត់បង់ បើសិនជា​ពុំ​មាន​ឯកសារ​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​ចាស់​ទេ​នោះ។

តែ​លិខិត​នោះ​បាន​កំណត់​ឲ្យ​តវ៉ា​តែ​១​ខែ​ប៉ុណ្ណោះ ខណៈ​ដែល​លិខិត​ប្រកាស​ចេញ​តាំង​ពី​ថ្ងៃ​ទី​៨ មករា ហើយ​ទើប​យក​បិទ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ដែល​ធ្វើ​ឲ្យ​ក្រុម​បុគ្គលិក​ពេទ្យ មិន​អាច​តវ៉ា​នោះ​ទេ ព្រោះ​នៅ​សល់​តែ​១​ថ្ងៃ​​នៃ​ថ្ងៃ​ធ្វើការ គិត​មក​ថ្ងៃ​​សុក្រ ទី​៦ កុម្ភៈ។ ជាង​នេះ​ទៅ​ទៀត ក្នុង​លិខិត​ប្រកាស​នោះ ពុំ​បាន​បង្ហាញ​គំនូស​ប្លង់​នៃ​មន្ទីរពេទ្យ​ទាំង​មូល​ឲ្យ​ច្បាស់លាស់​ឡើយ។

មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ប៉េង ហុងសុជាតិខែមរ៉ូ មាន​ប្រសាសន៍​ថា ក្រសួង​លោក​គ្រាន់តែ​ជា​អ្នក​ទទួល​សេវា​ធ្វើ​ប្លង់​កម្មសិទ្ធិ​តាម​ការ​ស្នើ​ប៉ុណ្ណោះ៖ «ក្រសួង​ខ្ញុំ​នៅ​ពេល​រដ្ឋ​សម្រេច​យ៉ាង​ម៉េចៗ គឺ​ចុះ​ទៅ​ធ្វើ​សាវា​នោះ​ជូន​ចំពោះ​ការ​គ្រប់គ្រង​ទ្រព្យ​រដ្ឋ​គឺ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ»

ទោះ​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត អួង មេសា ជា​បុគ្គលិក​នៃ​មន្ទីរពេទ្យ​នេះ​ថ្លែង​ថា បុគ្គលិក​ទាំង​អស់​នៅ​តែ​ទាមទារ​ឲ្យ​មាន​ប្លង់​រួម​ដើម្បី​បញ្ចៀស​នូវ​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​រដ្ឋ៖ «សុំ​ឲ្យ​មាន​ប្លង់​រួម អត់​មាន​មន្ទីរ​មួយ​មាន​ប្លង់​ពីរ​ទេ កន្លង​មក​មន្ទីរពេទ្យ​នេះ​មាន​ប្លង់​រួម​ទាំង​អស់»

ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ និង​ជា​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថា​លោក​នឹង​អង្កេត​មើល​រឿង​នេះ។ លោក​បន្ត​ថា ការ​ប្រកាស​ប្លង់​ថ្មី​ដោយ​ធ្វើ​ទុតិយតា​លើ​ប្លង់​ចាស់ ឬ​យក​តាម​ប្លង់​ចាស់ ប៉ុន្តែ​បាន​បាត់​អាគារ​មួយ​ផ្នែក​នៃ​មន្ទីរពេទ្យ​ចេញ​ពី​ប្លង់​កម្មសិទ្ធិ​នោះ​ពិត​ជា​មាន​ភាព​មិន​ប្រក្រតី ឬ​អាច​មាន​កំហុស​ឆ្គង​អ្វី​មួយ​ដែល​ខ្លួន​លោក​ផ្ទាល់​​ក៏​មាន​ចម្ងល់​ជា​ច្រើន​ជុំវិញ​បញ្ហា​នេះ​ដែរ។

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ធ្លាប់​មាន​គម្រោង​ផ្លាស់ប្ដូរ​បុគ្គលិក​ចេញ​ពី​អាគារ​ខាង​មុខ​ពេទ្យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​មុន ដោយ​ឲ្យ​ទៅ​ធ្វើ​ការ​រួម​គ្នា​នៅ​អាគារ​ផ្នែក​ខាង​ក្រោយ ប៉ុន្តែ​ត្រូវ​ក្រុម​បុគ្គលិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ក៏​ផ្អាក​ទៅ​វិញ​រហូត​មក​ដល់​ពេល​នេះ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!