មន្ត្រី​រាជការ និង​កម្មករ​ត្រូវ​​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍
Posted On : March, 14, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

មន្ត្រីនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងត្រូវអនុវត្តវិធានផ្ទៃក្នុងមួយដែលតម្រូវឲ្យមន្ត្រីរាជការនិងកម្មកររោងចក្រទាំងអស់ត្រូវតែពាក់មួកសុវត្ថិភាពក្នុងអំឡុងពេលបើកបរទោចក្រយានយន្តក្នុងគោលបំណងដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

ឧត្តមសេនីយ៍ឯក ហ៊ឹមយ៉ានអគ្គស្នងការរងនគរបាលជាតិ បានរំឭកឡើងវិញនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយបានបន្ថែមឲ្យដឹងទៀតថា ការផ្ដួចផ្ដើមចុងក្រោយរបស់រដ្ឋាភិបាលក៏ដើម្បីលើកទឹកចិត្តផងដែរដល់ក្រុមហ៊ុនសាធារណៈ និងឯកជនដើម្បីលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនឲ្យពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរលើដងផ្លូវ។

លោកបានឲ្យដឹងថា៖«យើងមានវិធានការផ្សេងៗទៀតលើការរឹតបន្តឹងឲ្យមានការពាក់មួកសុវត្ថិភាពដែលយើងបានស្នើសុំហើយយើងបានកំណត់វាជាវិធានផ្ទៃក្នុងសម្រាប់មន្ត្រីរដ្ឋ កម្មកររោងចក្រ និងបុគ្គលិកស្ថាប័នផ្សេងៗទៀតដែលប្រើប្រាស់ទោចក្រយានយន្តទៅធ្វើការត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា»។

លោកឧត្តមសេនីយ៍បានបន្ថែមឲ្យដឹងថា៖ «ពួកគេត្រូវតែគោរពតាមបទបញ្ជាផ្ទៃក្នុង ឬសេចក្ដីបញ្ជារបស់ស្ថាប័នរបស់ខ្លួន។ យើងត្រូវធ្វើវិធានការនេះបន្ថែមពីលើច្បាប់ចរាចរណ៍ក្នុងគោលបំណងដើម្បីការពារពួកគេ និងធានាឲ្យបាននូវសុវត្ថិភាពរបស់ពួកគេក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗផងដែរ»។

លោកបានពន្យល់ឲ្យដឹងទៀតថា វិធានផ្ទៃក្នុងថ្មីដែលត្រូវបានប្រកាសនៅកាលពីខែមុននឹងត្រូវអនុវត្តជាមួយនឹងមន្ត្រីប៉ូលិសក្នុងការត្រួតពិនិត្យ និងលើមន្ត្រីដែលចេញ និងចូលទៅកាន់ក្រុមហ៊ុនឲ្យពាក់មួកសុវត្ថិភាព។

«យើងបានណែនាំ និងចេញបញ្ជាឲ្យមន្ត្រីប៉ូលិសទាំងអស់ដែលប្រើប្រាស់ទោចក្រយានយន្តពាក់មួកសុវត្ថិភាព។ ដូច្នេះមន្ត្រីទាំងអស់គ្នា ទាំងមន្ត្រីនគរបាល ស្ថាប័នផ្សេងៗ ឧស្សាហកម្ម និងក្រសួងផងដែរ បុគ្គលិករបស់ពួកគេនឹងត្រូវបានណែនាំឲ្យពាក់មួកសុវត្ថិភាពពេលបើកបរម៉ូតូ»។

លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) របស់ក្រសួងការងារ បានបន្ថែមឲ្យដឹងថាលោកក៏បានលើកទឹកចិត្តឲ្យម្ចាស់រោងចក្រក្នុងអំឡុងកិច្ចប្រជុំកាលពីចុងខែមុនដើម្បីលើកទឹកចិត្តឲ្យពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរទៅ និងមកពីកន្លែងការងារ។

«នៅគ្រប់រោងចក្រទាំងអស់ នៅពេលដែលពួកគេទុកម៉ូតូរបស់ពួកគេនៅចំណតយានយន្តប្រសិនបើពួកគេមានមួកសុវត្ថិភាព ពួកគេនឹងមិនត្រូវបានផាកពិន័យនោះទេ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើពួកគេមិនមានមួកសុវត្ថិភាព ពួកគេនឹងត្រូវផាកពិន័យចំនួន ៥០០រៀល។

ប្រធានក្រុមហ៊ុន Bosch ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Martin Hayes កាលពីម្សិលមិញបានអំពាវនាវដល់រាជរដ្ឋាភិបាល ដើម្បីកែលម្អការអនុម័តប្រព័ន្ធសុវត្ថិភាពយានយន្តជាពិសេសផ្ដោតសំខាន់លើទោចក្រយានយន្តដែលគ្របដណ្ដប់ក្នុងតំបន់នោះ។

«រាជរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុម័តនៃប្រព័ន្ធសុវត្ថិភាពនេះ។ វិធានការច្បាប់ដែលផ្ដល់ជាលក្ខណៈពិសេសសុវត្ថិភាពត្រូវបានណែនាំនៅក្នុងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍជាច្រើននៅទូទាំងពិភពលោក»នេះបើយោងតាម លោក Hayes ដែលត្រូវបានគេដកស្រង់សម្ដីក្នុងសេចក្តីថ្លែងការណ៍មួយ។

លោកបានបន្ថែមឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ លក្ខណៈពិសេសដែលមានដូចជាប្រព័ន្ធហ្វ្រាំងម៉ូតូសុវត្ថិភាព និងកម្មវិធីស្ថិរភាពអេឡិចត្រូនិកមិនត្រូវបានផ្ដល់ជូននៅក្នុងប្រទេសតំបន់អាស៊ាន ដែលទាក់ទងនឹងកត្តានេះដែរ លោកបានស្នើឲ្យរាជរដ្ឋាភិបាលពិចារណាក្នុងការកាត់បន្ថយតួលេខជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។

ប្រធានគ្រប់គ្រងសាជីវកម្មរបស់ក្រុមហ៊ុន Bosch លោក ឆែ សុខឡេង បានបន្ថែមថា ឥរិយាបថអ្នកបើកបរនៅក្នុងប្រទេសកម្ពុជា ក៏ជាមូលហេតុដ៏ចម្បងខណៈដែលអ្នកបើកបរជាច្រើនមិនគោរពច្បាប់ចរាចរណ៍ស្របជាមួយនឹងកង្វះខាតការអនុវត្តច្បាប់។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ស្ដីពីសុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៥ ដែលត្រូវបានដកស្រង់ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Bosch បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានមើលឃើញថា ជាប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ចំនួនខ្ពស់បំផុតលំដាប់ទី៥ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

កម្ពុជា មានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧,៤ភាគរយ នៃចំនួនប្រជាជន ១០០.០០០នាក់ ។

យោងតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះចំនួន ១១ភាគរយកាលពីឆ្នាំមុនជាមួយនឹង ៣,៧០០ករណីដែលបានធ្វើឲ្យមនុស្ស ចំនួន ១.៧១៧នាក់បានបាត់បង់ជីវិត និង ៦.៦០៧នាក់ផ្សេងទៀតរងរបួស។

ករណីនៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងភាគច្រើននៅក្នុងរាជធានីភ្នំពេញ ដែលមាន ៣៨៨ករណី ខេត្តព្រះសីហនុ ២៨៧ករណី និងខេត្តកំពត កើតឡើង ២៣៨ករណី៕

ប្រភព៖ khmertimes

Urban Voice Cambodia

Urban Voice Cambodia