មន្ត្រី​រដ្ឋាភិបាល​​ច្រាន​ចោល​​របាយការណ៍​​ស្ដីអំពី​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ
Posted On : April, 8, 2015 | By សំឡេងទីក្រុង

ដោយ ឃួន ណារិម និង ហ្សមប៊រ ភីធឺរ៍, April 8, 2015, ខេមបូឌា ដេលី

មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​​បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ពីរ​កាលពី​ម្សិលមិញ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ធ្វើ​ការ​​បន្ថែម​ទៀត​ដើម្បី​ជួយ​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ [ដែល​​​ក្នុង​ករណី​​​ខ្លះ​​​​​ត្រូវ​​​ផ្តល់​​​ឲ្យ​​​សហគមន៍​​​ក្រីក្រ​​​ទាំងនេះ​​​នូវ​​​​​​ប័ណ្ណ​​​កម្ម​​​សិទ្ធ​​​ដីធ្លី​​​ស្រប​​​ច្រាប់​​​] ចំពេល​​​​​អ្វីដែល​​​អង្គការ​​​​​ទាំង​ពីរ​នេះ​​​​ចាត់ទុក​​ថា ជា​ប្រព័ន្ធ​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ស្មុគ​ស្មាញ​​​ដែល​​​មិន​​​គិត​​​គូរ​​​ដល់​​​សហ​​​គមន៍​​​ក្រីក្រ​​​។

នៅ​ក្នុង​របាយការណ៍​រួម​មួយ​ដែល​មាន​ចំណង​ជើង​ថា ” ការ​មិន​​​រាប់​​​បញ្ជូល​​​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​ក្នុង​​​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​” អង្គការ​ទស្សនៈ​ពិភព​លោក (World Vision) និង​​​អង្គការ​វេទិកា​​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​​​​ស្វះស្វែង​ធ្វើ​យ៉ាងណា​​​ឲ្យ​គេ​ដឹង​កាន់​តែ​ច្បាស់​អំពី​ប្រព័ន្ធ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ដែល​​​មិន​​​គិត​​​គូរ​​​ដល់​​​​សហគមន៍​ក្រីក្រ​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

កាលពី​ឆ្នាំ​មុន សាលា​រាជធានី​ភ្នំពេញ​​បាន​លើក​ឡើង​ថា នៅ​ក្នុង​រាជធានី​ដែល​​​មាន​​​ពលរដ្ឋ​សរុប​ប្រហែល​២លាន​នាក់​​នោះ មាន​​​សហគមន៍​ក្រីក្រ​​​​សរុប​​​ចំនួន​៥០៣​ ដែល​​​មាន​​​អ្នក​​​ភូមិ​​​​​​​ចំនួន​​​​​​២៤.០០០​គ្រួសារ​ ឬ​​​មនុស្ស​ប្រហែល​១៤០.០០០​រស់នៅ​​​។ សម្រាប់​របាយ​ការណ៍​របស់​ខ្លួន អង្គការ​​មិន​មែន​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​បាន​សម្ភាស​អ្នកភូមិ​ប្រហែល​៦០​គ្រួសារ​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ចំនួន​១២ ដែល​រដ្ឋាភិបាល​​មិន​រាប់​បញ្ចូល​ក្នុង​​ដំណើរ​ការ​ចុះ​បញ្ជី​ដីធ្លី។

យោង​តាម​របាយការណ៍​នេះ សហគមន៍​ចំនួន​១០​ក្នុង​ចំណោម​សហគមន៍​ក្រីក្រ​ចំនួន​១២​នេះ​ត្រូវ​​​​រដ្ឋាភិបាល​​​​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ថា ​​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​ឡើយ​ ប៉ុន្តែ​​រដ្ឋាភិបាល​​​បាន​​​ប្រាប់​​​ហេតុផល​​​ដល់​​​សហគមន៍​ប្រហែល​ពាក់​កណ្ដាល​។​​​ ទោះបី​ជា​​សហគមន៍​ប្រហែល​ពាក់​កណ្ដាល​នេះ​ត្រូវ​បាន​គេ​ពន្យល់​ពី​​​ហេតុ​ផល​ក៏ដោយ តែ​ជា​​​រើយ​​​​​​ៗ​​​គេ​តែង​តែ​លើក​​​ហេតុផល​​​ថា តំបន់​នេះ​មាន​ “ភាព​ស្មុគស្មាញ​ខ្លាំង​” ឬ​ “​មាន​លក្ខណៈ​មិន​ច្បាស់​លាស់”។ របាយ​ការណ៍​នេះ​បាន​បន្ថែម​ថា ការ​ពន្យល់​ហេតុផល​​​​ដូច្នេះ​​​​គឺ​សុទ្ធ​តែ​គ្មាន​និយម​ន័យ​ផ្លូវ​ច្បាប់​ឡើយ​​​ក្នុង​ប្រទេស​កម្ពុជា​។

របាយការណ៍​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “ការ​ប្រើ​ហេតុ​ផល​បែប​នេះ​ដើម្បី​​ជា​​​លេស​​​មិន​រាប់​បញ្ចូល​គ្រួសារ​ដែល​អះអាង​សិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ខ្លួន​​ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ចន្លោះ​ប្រហោង​ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​យក​ដីធ្លី​ពី​សំណាក់​គណបក្ស​មាន​អំណាច​​ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​សហគមន៍​ក្រីក្រ​ក្នុង​រាជធានី​”។

ឧទាហរណ៍​ដែល​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នោះ គឺ​តំបន់​បឹង​​​កក់​ក្នុង​រាជធានី​ភ្នំពេញ ដែល​អ្នកភូមិ​រស់​នៅ​ទីនេះ​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ត្រូវ​បាន​គេ​បដិសេធ​មិន​ផ្ដល់​ឱកាស​ឲ្យ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី បន្ទាប់ពី​សាលា​រាជធានី​​បាន​ជួល​តំបន់​នេះ​ក្នុង​ឆ្នាំ​២០០៧ ឲ្យ​លោក ឡាវ មេ៉ងឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ក្រោយ​មក​​បាន​បង្ខំ​ឲ្យ​អ្នកភូមិ​ប្រមាណ​៣.០០០​គ្រួសារ​ចេញពី​ផ្ទះ​សំបែង​របស់​ខ្លួន​នោះ។

អង្គការ​ទស្សនៈ​ពិភព​លោក និង​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បាន​លើក​ឡើង​ថា សហគមន៍​ក្រីក្រ​​ចំនួន​១២​ដែល​ខ្លួន​បាន​ធ្វើ​ការ​សិក្សា​ស្ទាប​ស្ទង់មតិ​នេះ​​​មិន​​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​​​ទេ។ ប៉ុន្តែ​អង្គការ​ទាំង​ពីរ​​​​េនះ​បាន​លើក​ឡើង​ថា គ្រួសារ​ភាគ​ច្រើន​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ហើយ​ថា ការ​ដែល​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​វា​បាន​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​ដែល​មាន​ការ​ប្រាក់​ទាប និង​ដែល​អាច​ជួយ​ឲ្យ​ពួកគាត់​រួច​ផុត​ពី​​​ភាព​ក្រីក្រ​។

អង្គការ​ទាំង​ពីរ​នេះ​​​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ចំណោម​សហគមន៍​ក្រីក្រ​ទាំង​១២​នេះ​មាន​សហគមន៍​ចំនួន​១១​ដែល​ប្រហែល​ជា​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​មាន​ឱកាស​​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ព្រោះ​សហគមន៍​ទាំង​នេះ​​ស្ថិត​នៅ​លើ​ដី​រដ្ឋ​ដែល​តាម​ផ្លូវ​ច្បាប់​គ្មាន​សិទ្ធិ​​​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នោះ។

ប៉ុន្តែ​លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ​ទាំង​នេះ​ ព្រោះ​​ពួកគាត់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​តាំង​​​​​​​​​ទី​​​លំ​​​​​​នៅ​​​លើ​​​តំបន់​​​នេះ​​​​​​ ដោយ​​​គ្មាន​​​ន​​​​ណា​​​មក​​​ពន្យល់​​​ថា​​​ពួក​​​គាត់​​​រំលោភ​​​ច្បាប់​​​នោះ​​​ឡើយ​​​។

លោក​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ទាប់ពី​របាយការណ៍​ត្រូវ​បាន​ចេញ​ថា ” យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​​ជួយ​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ពិចារណា​ឡើង​វិញ​អំពី​ការ​ផ្ដល់​ [ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី] សម្រាប់​អ្នកភូមិ​សហគមន៍​ក្រីក្រ​ ទោះបី​ជា​ពួកគាត់​កំពុង​រស់​នៅ​ដោយ​ខុស​ច្បាប់​ក៏ដោយ​”។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​ចង់​ឃើញ​រដ្ឋាភិបាល​គិត​គូរ​ឡើង​វិញ​ចំពោះ​សហគមន៍​ក្រីក្រ​ទាំង​នេះ ដែល​គេ​មិន​រាប់​បញ្ចូល​​ក្នុង​ដំណើរ​ការ​ចុះបញ្ជី​ដីធ្លី ហើយ​ផ្ដល់​ឱកាស​ឲ្យ​អ្នកភូមិ​នៅ​ក្នុង​សហគមន៍​ទាំង​នេះ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ និង​សហគមន៍​ដែល​ដំបូង​​​ឡើយ​​​ត្រូវ​បាន​បដិសេធ​មិន​ផ្ដល់​ឱកាស​ឲ្យ​​​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ ដោយ​សារ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​ទន្ទ្រាន​​​​​​ចូល​​​​ដីធ្លី​របស់​ពួកគាត់​នោះ។

តែ​ទោះ​ជា​​​យ៉ាង​ណា ពេល​របាយការណ៍​ត្រូវ​បាន​ចេញរួច លោក សួន សុផា នាយក​រង​រដ្ឋបាល​ដីធ្លី​នៃ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ បាន​បដិសេធ​ថា​ រដ្ឋាភិបាល​​មិន​បាន​​រើស​អើង​ចំពោះ​សហគមន៍​ណាមួយ​ឡើយ​ ព្រោះ​សមាជិក​នៃ​សហគមន៍​ទាំង​នេះ​សុទ្ធ​តែ​កំពុង​រស់​នៅ​លើ​ដី​​​​​​រដ្ឋ។

លោក​បាន​មាន​​ប្រសាសន៍​ថា ” ក្រសួង​មិន​អាច​ទទួល​យក​របាយការណ៍​នេះ​បាន​ទេ​។ យើង​មិន​អាច​ទទួល​យក​បាន​​​ ព្រោះ​សហគមន៍​ទាំង​នេះ​ស្ថិត​នៅ​លើ​ដី​​​រដ្ឋ ដែល​ច្បាប់​មិន​តម្រូវ​​ឲ្យ​មាន​កម្មសិទ្ធិ​ដីធ្លី”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា ” គ្មាន​ការ​រើស​អើង​ទេ។ ទោះបីជា​អ្នក​​មាន​ឬ​​​ក្រ ខ្ពស់​ឬទាប​ក៏ដោយ អ្នក​នឹង​នៅ​តែ​ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឲ្យ​ចុះ​បញ្ជី​ ប្រសិន​បើ​គោរព​តាម​ច្បាប់​ភូមិ​បាល​”៕

Urban Voice Cambodia

Urban Voice Cambodia