accident1

មនុស្សស្លាប់ជិត១ពាន់នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១

ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែដើមឆ្នាំ២០១៧ បានសម្លាប់មនុស្ស៩១៩ នាក់ និងរងរបួស២,៩៨២ នាក់ ដែលបានកើតឡើងចំនួន១,៨៨៣លើកទូទាំងប្រទេស។ បើប្រៀបធៀបរយៈពេលដូចគ្នា ទៅនឹងឆ្នាំ២០១៦ គឺមានការកើនឡើងចំនួន១៦លើក ហើយអ្នកស្លាប់កើន១១នាក់ តែអ្នករងរបួសថយចុះ២៨២នាក់។ នេះបើយោងតាមរបាយការណ៍ពីនគរបាលជាតិ។

គ្រោះថ្នាក់ចរាចរណ៍ទាំងនោះបណ្ដាល់មកពីកត្តាមួយចំនួនដូចជា ការបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្ដាំ១២% ស្រវឹង១១% វ៉ាជែង១០% បត់១០% កត្កាយានយន្ដ៣% ងងុយ១% និងកត្កាផ្លូវ១%។

ក្នុងចំណោមអ្នកស្លាប់ ៩១៩នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ៦៩៦នាក់ ស្មើ៧៦% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៥៧១នាក់ ស្មើ៨២%។

របាយការណ៍បានបង្ហាញថា៖ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យលើយានយន្ត ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះ រកឃើញយានយន្ដល្មើសចំនួន ១៦៩,៧៣១គ្រឿង ធ្វើការអប់រំ ចំនួន៤៨,៦៣៤គ្រឿង និងធ្វើការពិន័យចំនួន១២១,០៩៧គ្រឿង ក្នុងនោះទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០,០០០រៀល។

បាយការណ៍បន្ដថា បានរកឃើញអ្នកបើកបរមានជាតិស្រវឹងចំនួន២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន១៧៧នាក់ (អ្នកបើករថយន្ដ២២នាក់ និងអ្នកបើកម៉ូតូ១៥៥នាក់)។ ការត្រួតពិនិត្យសារធាតុញៀនលើកអ្នកបើកបរ ចំនួន១៦២នាក់ រកឃើញសារធាតុញៀន ចំនួន២៥នាក់ ក្នុងនោះអ្នកបើករថយន្ដ ចំនួន១៨នាក់។

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យក្រសួងប្រៃសនីយ៍ ទូរគមនាគមន៍ ជម្រុញការផ្សព្វផ្សាយតាមទូរស័ព្ទ អំពីសុវត្ថិភាពតាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវសាធារណៈ និងពិនិត្យឡើងវិញការបំពាក់ផ្លាកសញ្ញា គ្រឿងសញ្ញា និម្មិតសញ្ញា ដើម្បដោះស្រាយការកកស្ទះ និងបន្ថយល្បឿន ព្រមទាំងដាក់ភ្លើងបំភ្លឺចំណាំងផ្លាតនៅរបាំងបែងចែកទ្រូវផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធយើងធ្វើច្រើន ប៉ុន្តែវាមិនស្របជាមួយនឹងកំណើនយានយន្ត ពិសេសនៅរាជធានីភ្នំពេញ៕

Leave a Reply