មតិអ្នករស់នៅភ្នំពេញជុំវិញការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក
Posted On : September, 2, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឲ្យពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយទុកពេលវេលា ៣ខែ សម្រាប់ដំណើរការចុះឈ្មោះនេះ។

តើប្រជាពលរដ្ឋមានការយល់ឃើញយ៉ាងណាខ្លះជុំវិញការចុះឈ្មោះបោះឆ្នោត?

លោក រស់ ថា វ័យ ៦១ឆ្នាំមួយរូបថ្លែងថា លោកមិនដែលខកខានមួយអាណត្តិណាឡើយឲ្យតែមានការបោះឆ្នោតមកដល់។ សម្រាប់ការចុះឈ្មោះថ្មីតាមបែបប្រព័ន្ធអេឡិចត្រូនិកនេះ លោកនឹងនាំក្រុមគ្រួសារចុះឈ្មោះមិនឲ្យខាននោះទេ។ សម្ភាសន៍ជាមួយអ្នកយកព័ត៌មានអាស៊ីសេរី៖ «ខ្ញុំនៅកំពត ខ្ញុំមកធ្វើការភ្នំពេញ។ ៣ខែអត់អីទេ តែមួយអាទិត្យទៀតខ្ញុំឡើងទៅហើយ។ រឿងចុះវាត្រៀមចុះហើយ ព្រោះនេះវាជារឿងប្រទេសជាតិយើងហ្មង មិនអាចទំនេរបានហ្មង បោះមិនឲ្យខានទេ។ ផ្ទះខ្ញុំសឹងតែទាំងអស់មួយពូជ រឿងទឹកដីយើងជាតិរបស់យើង។ ប្រព័ន្ធនេះវាស្កេនមេដៃ តាំងពីឈ្មោះចាស់គេចោលហើយ គេយកអាថ្មីសាដើម។ ក្ដៅក្រហាយអារឿងដដែលៗហ្នឹងហ្មង អ្នកបើកឡានដដែលៗ»

ដោយឡែកបុរសវ័យចំណាស់មួយរូបដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប ដែលកំពុងអង្គុយចាំម៉ូយ នៅម្ដុំពហុកីឡាដ្ឋានជាតិអូឡាំពិក ហាក់ភាន់ច្រឡំបន្តិចថា លោកបានចុះឈ្មោះរួចហើយកាលពីអាណត្តិមុនៗ ដូច្នេះលោកមិនបានទៅចុះទៀតទេ៖ «ខ្ញុំមានហើយចុះរួចហើយ អ្នកអត់គេឲ្យទៅចុះថ្ងៃហ្នឹង។ ពូច្រឡំហើយ? ឲ្យចុះថ្មី? អ៊ីចឹងនៅទេ។ គេឲ្យចុះថ្មី? អូអ៊ីចឹងនៅទេអ៊ីចឹង»។

យុវតីវ័យ ១៨ឆ្នាំ ២រូប ដែលបណ្ដើរគ្នាបម្រុងចូលផ្សារទំនើបមួយថ្លែងថា ពួកនាងទើបបានប្រឡងបាក់ឌុបរួច។ ក្នុងចំណោមពួកគេទាំង២ ម្នាក់បានដឹងពីថ្ងៃចុះឈ្មោះបោះឆ្នោត និងម្នាក់មិនបានដឹងនោះទេ ប៉ុន្តែពួកគេហាក់អល់អែកក្នុងការទៅចុះឈ្មោះដោយសារពុំមានការជំរុញពីអាណាព្យាបាល៖«និយាយទៅដឹងថា ខ្លួនឯងគ្រប់អាយុតែអត់មានពេលជួបអ្នកផ្ទះ ពីព្រោះខ្ញុំពេលព្រឹកអ៊ីចឹង ប៉ាទៅបាត់ខ្ញុំចេញដែរ ដល់ពេលយប់បានចូលប៉ាម៉ាក់គាត់សម្រាន្តលក់ហើយ រាល់ឆ្នាំឲ្យដល់ប៉ាម៉ាក់អីគាត់ប្រាប់ហើយ»

លោកស្រី ប៉ែន ម៉ូលីកា ដែលទៅចុះឈ្មោះបោះឆ្នោតនៅឯការិយាល័យចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ ថ្លែងថា លោកស្រីយល់ច្បាស់អំពីការចុះឈ្មោះបោះឆ្នោតនេះ និងមានការអញ្ជើញពីអាជ្ញាធរតាំងពីមួយខែមុនម្ល៉េះ ដំណឹងនៃការចុះឈ្មោះនេះលោកស្រីក៏បានមើលឃើញ និងស្ដាប់ប្រព័ន្ធផ្សព្វផ្សាយរួមផ្សំដែរ៖ «សារសំខាន់ណាស់ សារសំខាន់មែនទែន ព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់ខ្ញុំនេះ គឺសំខាន់មែនទែនគឺសំខាន់ទៅលើប្រទេសជាតិ ជ្រើសរើសអ្នកដឹកនាំដែលប្រសើរដែលល្អដែលប្រពៃ ការពារប្រជាជនការពារទឹកដី។ ខ្ញុំស្ដាយត្រង់ថា មិនបានបោះឆ្នោតដូច្នេះថ្ងៃទី១ រវល់យ៉ាងណាក៏ខ្ញុំឆ្លៀតមកឲ្យបានមុនគេដែរ។ មានតម្លៃណាស់ មួយសន្លឹករបស់យើងចាញ់ឈ្នះលើមួយសន្លឹកហ្នឹងហើយ»

ថ្វីត្បិតតែពលរដ្ឋបានលើកឡើងអំពីបញ្ហា និងឧបសគ្គផ្សេងៗរបស់ពួកគេ ក្នុងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទំនើបក្ដី ប៉ុន្តែពួកគាត់រំពឹងថា ឈ្មោះរបស់ពួកគាត់នឹងគ្មានបញ្ហារាំងស្ទះដល់ការថ្ងៃបោះឆ្នោតដូចអាណត្តិមុនៗនោះទេ៖ «នេះបើសិនជាគេធ្វើត្រឹមត្រូវបើធ្វើដូចសារមួយខ្ញុំអត់សង្ឃឹមទេ បើធ្វើត្រឹមត្រូវតាមប្រព័ន្ធអេឡិចត្រូនិក អាហ្នឹងខ្ញុំជឿជាក់។ មានអារម្មណ៍ថា ប្លែកជាងឆ្នាំមុនៗដែលយើងបានចុះ ទំនើបហ្មង មើលទៅទុកចិត្តអាចយកជាការបាន។ បើតាមខ្ញុំគិតវា យូរមិនយូរប៉ុន្មានទេ តែបើឆាប់ក៏មិនឆាប់ប៉ុន្មានដែរ គ្រាន់តែថា វាមានប្រព័ន្ធ២ ប្រព័ន្ធមួយសរសេរ ប្រព័ន្ធមួយថតរូប និងផ្ដិតមេដៃ ប៉ុន្តែខ្ញុំថា ប្រព័ន្ធនេះជាប្រព័ន្ធល្អដែលចូលកុំព្យូទ័រជាស្វ័យប្រវត្តិមួយដែលមិនដែលកើតមាននៅប្រទេសខ្មែរមិនអាចក្លែងបន្លំទៅបោះឆ្នោតកន្លែងណាបាន ហើយមិនអាចទៅបង្កើតឈ្មោះ២ បានទេ ខ្ញុំត្រេកអរកន្លែងនេះដែរ»

ទោះយ៉ាងណា នៅក្នុងថ្ងៃចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ថ្ងៃទី១ កញ្ញា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក អះអាងថា ដំណើរការចុះឈ្មោះមានភាពប្រក្រតីល្អច្រើននៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស នៅមានបញ្ហាតិចតួចដោយសារប្រព័ន្ធកុំព្យូទ័រ ប៉ុន្តែអ្នកបច្ចេកទេសបានដោះស្រាយរួចរាល់ហើយ៕

ប្រភព៖ RFA

Urban Voice Cambodia

Urban Voice Cambodia