angkor-dynasty

មជ្ឈមណ្ឌល​កម្សាន្ត ​បែប​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​អង្គរ នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ខែ​សីហា​នេះ

ប្រភព ៖ ភ្នំពេញបុស្តិ៍

អាណាចក្រអង្គរ គឺជាគម្រោងមជ្ឈមណ្ឌលទស្សនាចរណ៍កម្សាន្តតាមបែបវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលស្ថាបនានៅលើផ្ទៃដីជាងមួយហិកតានៅតាមផ្លូវទៅអង្គរវត្ត ដើម្បីបង្ហាញពីទស្សនីយភាពចម្រុះច្រើនបែប ទីកន្លែងបរិភោគម្ហូបអាហារដ៏ធំ និងសួនទឹកជាដើម។

គម្រោងដ៏ធំនេះត្រូវបានវិនិយោគរួមគ្នាដោយក្រុមហ៊ុន Mega Asset Management Co., Ltd. របស់ប្រទេសចិន និងសហគ្រាសឧស្សាហកម្ម និងវប្បធម៌ដ៏ល្បីល្បាញរបស់ប្រទេសចិនឈ្មោះ MeiYi ផងដែរ។

អ្នកស្រី Sarah Liang ប្រធានផ្នែកលក់នៃគម្រោងអាណាចក្រអង្គរបានឲ្យដឹងថា ៖ «គម្រោងមជ្ឈមណ្ឌលកម្សាន្តថ្មីនេះ គឺជាគម្រោងដែលស្ថិតនៅលើទីតាំងដ៏ធំមួយ ដើម្បីបង្ហាញពីដំណាក់កាលនៃវិវឌ្ឍន៍នៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា និងវប្បធម៌ ដ៏សម្បូរបែបដោយមានការរួមបញ្ចូលគ្នានៃការសម្តែងសិល្បៈតំបន់ពាណិជ្ជកម្ម ទីកន្លែងកម្សាន្ត មជ្ឈមណ្ឌលភោជនាហារ និងមុខជំនួញផ្សេងៗទៀត ដែលប្រកបដោយបរិយាកាសរីករាយយ៉ាងពេញលេញ»។

ខណៈពេលដែលចំនួនភ្ញៀវទេសចរប្រចាំឆ្នាំនៃខេត្តសៀមរាប មានការកើនឡើងជាប្រចាំនឹងមានចំនួនលើសពីមួយលាននាក់អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្សាន្តដ៏ល្បីមួយសម្រាប់ភ្លៀវទេសចរមកពីជុំវិញពិភពលោក។

អ្នកស្រីប្រាប់ថា ៖ «គោលបំណងជាច្រើននៃគម្រោងនេះ គឺដើម្បីក្លាយជាមជ្ឈមណ្ឌលអាជីវកម្មចម្រុះមួយ ដែលអាចផ្តល់ជម្រើសជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរ ជាមួយបរិយាកាសស្រស់ស្រាយនៅលើទឹកដីប្រវិត្តសាស្ត្រមួយនេះហើយនៅក្នុងគម្រោងនេះនឹងមានសាលពិព័រណ៍តាមលក្ខណៈប្រវិត្តសាស្ត្រ ឧទ្យានទឹកដ៏ធំ មជ្ឈមណ្ឌលភោជនីយដ្ឋានមានម្ហូបប្រពៃណីខ្មែរ និងបរទេសនៅលើដីទំហំជាងកន្លះហិកតា»។

ក្រុមហ៊ុនវិនិយោគ Ca Heng International Cultural Tourism Investment Co., Ltd. និងក្រុមហ៊ុនអភិវឌ្ឍន៍ Deyang Meiyi រួមទាំងក្រុមហ៊ុន Mega Asset Management រួមគ្នាវិនិយោគក្នុងការបង្កើតទីតាំងវប្បធម៌ ដ៏ធំទូលាយ និងទំនើបមួយនេះក្រោមប្រធានបទនៃតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។

អ្នកស្រី Sarah បានបង្ហើបថា ៖ «គម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណាយរហូតជិត ៣០ លានដុល្លារ (រួមទាំងការវិនិយោគទិញដីផងដែរ)»។

ជាមួយនឹងគម្រោងកិច្ចសហប្រតិបត្តិការវប្បធម៌នៅក្រៅប្រទេសដំបូងគេនេះ អ្នកស្រី Sarah ប្រាប់ថា អាណាចក្រអង្គរក៏នឹងក្លាយទៅជាគម្រោងទេសចរណ៍ថ្មីមួយនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រគោលនយោបាយ «ខ្សែក្រវាត់មួយផ្លូវមួយ» របស់រដ្ឋាភិបាលចិន ហើយក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ និងការស្វែងរកដៃគូធ្វើសហប្រតិបត្តិការនៅលើដើមទុនថ្មីរបស់រដ្ឋាភិបាលចិន។

អ្នកស្រីបន្តថា រោងមហោស្រព នៅក្នុងគម្រោងនេះ និងការសម្តែងសិល្បៈទៀតសោត គឺនិយាយអំពីប្រវត្តិសាស្ត្រសម័យអង្គរ ដែលនឹងបង្ហាញដល់មហាជននូវភាពអស្ចារ្យនៃសម័យបុរាណនៅក្នុងសង្គមខ្មែរ ដែលជាការឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ជនជាតិខ្មែរ ធម្មជាតិ សេរីភាព និងសន្តិភាពព្រមទាំងការវិវឌ្ឍនៃជំនឿប្រពៃណីរបស់ពួកគេផងដែរ។

អ្នកស្រីបានបន្តថា រោងមហោស្រពអាណាចក្រអង្គរ នឹងគ្របដណ្តប់លើផ្ទៃដីជាង៦ពាន់ម៉ែត្រការ៉េ ដែលមានសមត្ថភាពដាក់ទស្សនិកជនប្រហែល ១ ២០០ នាក់ ក្នុងតំបន់ដ៏ធំទូលាយមួយនេះក៏មានរួមទាំងទីតាំងភោជនីយដ្ឋាន និងទីតាំងពាណិជ្ជកម្មប្រហែល៤ពាន់ម៉ែត្រការ៉េ និងសួនទឹកប្រហែល៥ពាន់ម៉ែត្រការ៉េទៀត។

អ្នកស្រីបាននិយាយថា ភ្ញៀវមកកម្សាន្តនៅទីនេះអាចទទួលបានការទស្សនាទស្សនីយភាពសិល្បៈយ៉ាងរីករាយ ជាមួយនឹងការសិល្បៈសម្តែងនៅក្នុងរោងមហោស្រព ដោយមានកម្មវិធីសម្តែងជារៀងរាល់ថ្ងៃ និងជាមួយរោងមានស្តង់ដារខ្ពស់ ពួកគេក៏អាចរីករាយនឹងបទពិសោធភ្លក្សម្ហូបអាហារដ៏មានរសជាតិចម្រុះមកពីក្នុង និងក្រៅប្រទេស ការសម្រាកលំហែកាយ និងការដើរទិញទំនិញផ្សេងៗជាដើម។

ដោយសារតែអ្នកទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានា ប៉ុន្តែពុំសូវបានយល់ដឹងពីប្រវត្តិនៃប្រាសាទ និងការរស់នៅរបស់សង្គមខ្មែរនាពេលអតីតកាលនោះ ដូច្នេះពួកគេអាចមកទស្សនាស្វែងយល់នៅទីនេះបាន។

អ្នកស្រីបន្ថែមថា៖ «អ្នកអភិវឌ្ឍន៍ចង់ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីប្រវត្តិសាស្ត្រកម្ពុជា និងជីវភាពរស់នៅរបស់មនុស្សខ្មែរពីសម័យបុរាណដ៏អស្ចារ្យ»។

មជ្ឈមណ្ឌលនេះបានចាប់ផ្តើមការសាងសង់ កាលពីឆ្នាំ ២០១៦ និងបានត្រៀមនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅខែសីហា ឆ្នាំ ២០១៧ ខាងមុខនេះ។

នៅតាមទីតាំងព័ទ្ធជុំវិញរបស់គម្រោងនេះ មានសកម្មភាពធុរកិច្ចយ៉ាងមមាញឹក ប្រកបដោយបរិកាសល្អ មានសណ្ឋាគារផ្កាយប្រាំមានទីតាំងនៅក្បែរនោះ និងក៏ជាកន្លែងប្រមូលផ្តុំអ្នកទេសចរនាពេលល្ងាចៗ និងពេលយប់។ ទីតាំងនេះមានអំណោយផលច្រើន មានសក្តានុពលច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។

អាណាចក្រអង្គរមានទីតាំងស្ថិតនៅលើមហាវិថី Charles de Gaulle ក្នុងទីក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្តជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

Leave a Reply