ភ្នំពេញ​បាត់បង់​សោភ័ណ​ដោយសារ​សំរាម
Posted On : September, 6, 2014 | By សំឡេងទីក្រុង

Phnom Penh Post, Sat, 6 September 2014

យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ក្នុង​ ២០១៣​ កន្លង​ទៅ​នេះ ទីក្រុង​ភ្នំពេញ​ដែល​មាន​ផ្ទៃដី​ ៣៧៤ ​គីឡូម៉ែត្រការេ និង​មាន​ចំនួន​ប្រជាជន​ប្រមាណ ​២,២​ លាន​នាក់​ (២០១៤)​ បាន​បន្សល់​កាកសំណល់​សំរាម​បរិមាណ​ប្រហែល​ ១៤៣១​ តោន​ក្នុង​មួយ​ថ្ងៃ។ ពោល​គឺ​ក្នុង​មួយ​ថ្ងៃៗ គ្រួសារ​មួយ​ជា​មធ្យម​បន្សល់​កាកសំណល់​ប្រមាណ​ ០,៤៨៧ ​គីឡូក្រាម។

អ្នកនាំពាក្យ​របស់​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​ឲ្យ​ដឹង​ថា ការ​យល់​ដឹង​អំពី​បរិស្ថាន​របស់​ប្រជាជន​នៅ​មាន​កម្រឹត ស្រប​គ្នា​នឹង​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​បញ្ហា​គ្រប់គ្រង​សំរាម​នៅ​មិន​ ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ជា​កត្តា​នាំឲ្យ​មាន​ភាព​លំបាក​ក្នុង​ការ​គ្រប់គ្រង​កាក់សំណល់​ឲ្យ​មាន ប្រសិទ្ធភាព។

ប្រសិន​បើ​គេ​ធ្វើការ​ប្រៀបធៀប​ពី​ចំណាត់ថ្នាក់​នៃ​ការ​គ្រប់គ្រង​ កាកសំណល់​នៃ​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក​វិញ ប្រទេស​កម្ពុជា ​[២០១៣] ​គឺ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ​៨៩​ក្នុង​ពិភពលោក និង​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​៨​[ឈរ​លើ​ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ]​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០ ខណៈ​ដែល​ប្រទេស​សិង្ហបុរី​ឈរ​លើ​លំដាប់​ថ្នាក់​ទី​២៤​ក្នុង​ពិភពលោក និង​ទី​មួយ​ក្នុង​តំបន់​អាស៊ាន។ នេះ​យោង​តាម​គេហទំព័រ​ «nationmaster.com​»​ ដែល​បាន​ធ្វើការ​ប្រៀបធៀប​ពី​កម្រិត​នៃ​ការ​គ្រប់គ្រង​កាកសំណល់ ​(waste management)។

លោក សៅ សុភាព បាន​ពោល​ថា ការ​គ្រប់គ្រង​សំណល់​ជា​បញ្ហា​ស្មុគស្មាញ ដែល​ត្រូវ​ធ្វើ​ឡើង​ឲ្យ​មាន​ប្រសិទ្ធភាព និង​គុណភាព។

លោក​ថា ក្រសួង​បរិស្ថាន​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​ច្រើន​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ដោះស្រាយ​មធ្យោបាយ​ប្រមូល​សំរាម ដឹកជញ្ជូន​សំរាម ទុកដាក់​សំរាម និង​គ្រប់គ្រង​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព។ ដោយឡែក​បច្ចុប្បន្ន នៅ​ទីក្រុង​ភ្នំពេញ​មាន​តែ​ក្រុមហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ​ដែល​ទទួល​បន្ទុក និង​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង ដឹកជញ្ជូន​សំរាម​គ្រប់​ប្រភេទ​ទៅ​ក្រៅ​ក្រុង ដោយ​មធ្យោបាយ​តាម​ឡាន​ដឹកជញ្ជូន​សំរាម និង​ដាក់​ពង្រាយ​ធុង​សំរាម​នៅក្នុង​មូលដ្ឋាន​ជាដើម​ហើយ​លោក សុភាព ក៏​ទទួល​ស្គាល់​ថា សព្វថ្ងៃ​នេះ​ធុង​ដាក់​សំរាម​នៅ​មាន​ការ​ខ្វះខាត​ច្រើន។

ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ​ដែរ កញ្ញា ឡុង ស្រីពៅ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​ដេប៉ាតឺម៉ង់​បរិស្ថាន នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​លើក​ឡើង​ពី ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា បញ្ហា​ចោល​សំរាម វា​ហាក់​ដូចជា​ទម្លាប់​របស់​ប្រជាជន​យើង​ទៅ​ហើយ។

នាង​ថា ប្រជាជន​នៅ​តែ​បោះពង្រាយ​សំរាម​ពិសេស​តាម​សួន​សាធារណៈ និង​តាម​ផ្ទះ​មួយ​ចំនួន ដែល​មាន​ស្ថានភាព​ប្រមូលផ្តុំ​មនុស្ស​កុះករ។ ស្រប​គ្នា​នេះ​ដែរ​យុវជន​ប៊ុន ប៉េងហ៊ុយ ប្រធាន​ក្រុម​កម្មវិធី​អភិវឌ្ឍ​យុវជន​ (YDP) ​ក៏​បាន​យល់ឃើញ​ស្រដៀង​គ្នា​នឹង​កញ្ញា​ស្រីពៅ​ដែរ​ថា បញ្ហា​បណ្តាល​ឲ្យ​ទីក្រុង​មិន​ស្អាត និង​សម្បូរ​សំរាម ជា​ការ​ទទួល​ខុសត្រូវ​របស់​បុគ្គល​គ្រប់រូប​ក្នុង​សង្គម។ ប៉ុន្តែ លោក​បាន​បន្ថែម​ថា ស្ថាប័ន​ទទួល​បន្ទុក​អនុវត្ត​ច្បាប់ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក៏​ត្រូវតែ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ បាន​ល្អ​ដែរ។

យុវជន​រូប​នោះ​លើក​ឡើង​ថា៖ «អ្នក​ទទួល​បន្ទុក​អនុវត្ត​ច្បាប់​មិន​បាន​ចុះ​អនុវត្ត​តាម​បទពិន័យ​ដែល​បាន ​ចែង​ក្នុង​គោលនយោបាយ​របស់​ខ្លួន។ ចំណែកឯ​ក្រុមហ៊ុន​ឯកជន ហាក់​ដូចជា​មិន​ស្វាហាប់​ក្នុង​ការ​បំពេញ​តួនាទី​សម្អាត​ទីក្រុង​ដែរ។ រថយន្ត​ដឹកសំរាម​របស់​ក្រុមហ៊ុន​មិន​បាន​ចេញ​មក​ដឹក​សំរាម​ឲ្យ​បាន​ទៀងទាត់​ ទេ ថែម​ទាំង​មិន​មាន​យន្តការ​បែងចែក​កាកសំណល់​ទៀត​ផង»។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទីតាំង​ចាក់​សំរាម​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ ទីក្រុង និង​ការ​បែងចែក​កាកសំណល់​នេះ លោក សៅ សុភាព បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​ក៏​បាន​លើក​បញ្ហា​នេះ​យក​ទៅ​ពិភាក្សា​ជាមួយ​នឹង​ក្រុមហ៊ុន​ ស៊ីនទ្រី សាលា​រាជធានី​ភ្នំពេញ និង​ CDC​ ផង​ដែរ។

លោក​សុភាព បាន​ទទួល​ស្គាល់​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ថា៖ «សព្វថ្ងៃ​ស្ថានភាព​នេះ​រាង​យឺត​បន្តិច​ដែរ​ហើយ។ ដូច្នេះ យើង​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​លឿន ព្រោះ​ទីតាំង​នោះ យើង​អាច​និយាយ​ថា សឹងតែ​ពេញ​ទៅ​ហើយ ហើយ​ប្រហែល​ជា​មិន​អាច​ប្រើប្រាស់​បាន​យូរ​ទៅ​មុខ​ទៀត​ទេ»។

លោក បន្ត​ទៀត​ថា​៖ «តែ​បើ​រក​ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ពេក វា​អាច​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​ក្រុមហ៊ុន​សំរាម​ដែរ ព្រោះ​ការ​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ​នឹង​បណ្តាល​ឲ្យ​អស់​ថវិការ​ច្រើន»។

លោក សុភាព ក៏​យល់ស្រប​ដែរ​ថា ប្រទេស​យើង​នៅ​មិន​ទាន់​មាន​ការ​បែងចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ បច្ចេកទេស​ទេ។ លោក​ថា កក្តា​នេះ​វា​មិន​បាន​បង្ក​នូវ​ភាព​ងាយស្រួល​ដល់​ការ​ទាញ​យក​សំរាម​ទាំងនោះ​ មក​កែច្នៃ​នៅ​ឡើយ។

អ្នក​នាំពាក្យ​រូប​នោះ​បាន​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា ក្រសួង​បរិស្ថាន​បាន​រៀបចំ​ជា​មូលនិធិ​អនាម័យ​បរិស្ថាន ដោយ​មាន​ការ​បន្ថែម​ពន្ធអាករ លើ​បារី ស្រា បរិក្ខារ​អេឡិចត្រូនិក​ផ្សេងៗ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​នឹង​អនុវត្ត​ផ្តល់​ថវិកា​៥​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៥ ដើម្បី​ជា​មធ្យោបាយ​បន្ថែម​ក្នុង​ការ​គ្រប់គ្រង​សំរាម​ឲ្យ​កាន់តែ​មាន​ គុណភាព និង​ប្រសិទ្ធភាព ដល់​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន ក៏​ដូចជា​នៅ​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ។

យោងតាម​គេហទំព័រ​ «nationmaster.com»​ ដែល​បាន​ធ្វើការ​ប្រៀបធៀប​ពី​ចំណាត់​ថ្នាក់​ទីក្រុង​កខ្វក់​ជាងគេ​ [dirty cities] ​ក្នុង​ពិភពលោក​ផង​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ [២០១៣]​ ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​ ២៥​ នៅលើ​ពិភពលោក និង​ទី​៣​ក្នុង​តំបន់​អាស៊ាន​[បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​ឡា]​ដែល​មាន​ទីក្រុង​កខ្វក់​ជាង​គេ៕

Urban Voice Cambodia

Urban Voice Cambodia