16652578_1931798247097154_1276726257_n

ភ្នំពេញនឹងគ្មានគំនរសំរាមទុកចោលទៀតទេ បន្ទាប់ពីប្រធានមន្ទីរបរិស្ថានថ្មី កាន់តំណែង

នៅក្នុងរាជធានីភ្នំពេញ នឹងមិនមានទៀតឡើយនូវគំនរសំរាមដែលគ្មានសណ្តាប់ធ្នាប់ បន្ទាប់ពី ប្រធានមន្ទីរបរិស្ថានថ្មីឡើងកាន់តំណែង។នេះបើយោងតាមភ្នាក់ងារសារព័ត៌មានជាតិ។

ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញដែលទើបតែឡើងកាន់តំណែងថ្មីបានសន្យាថានឹងមិនឲ្យមានគំនរសំរាមទុកចោលគ្មានសណ្តាប់ធ្នាប់ទៀតទេនៅក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភណភាពអនាម័យ ក្នុងទីក្រុង និងសុខមាភាពប្រជាពលរដ្ឋ។

លោកបានបន្ថែមទៀតថាដើម្បីគ្រប់គ្រងសំរាមឱ្យបានល្អមន្ទីរនឹងដាក់វិធានការឱ្យបានម៉ឺងម៉ាត់ជាមួយវិស័យឯកជន ដើម្បីឱ្យមានភាពស៊ីគ្នារវាងការប្រមូលសំរាម និងការទុកដាក់សំរាមរបស់បងប្អូន ប្រជាពលរដ្ឋ បើទោះបីបច្ចុប្បន្ននេះ បញ្ហាសំរាមត្រូវបានទម្លាក់ ទៅឱ្យអាជ្ញាធរ ខណ្ឌជាអ្នកគ្រប់គ្រងក្ដី។

ជាមួយគ្នានេះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានឲ្យដឹងផងដែរថាប្រសិនបើគ្មានការគ្រប់គ្រងសំរាមឱ្យ បានល្អចាប់ពីពេលនេះតទៅទេនៅពេល ខាងមុខបញ្ហាសំរាមនឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់រាជធានី ដែលដោះស្រាយមិនរួចហើយ និងជាប្រភពមេរោគដ៏គ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន អនាម័យ ក្នុងទីក្រុងថែមទៀត។

គួរជម្រាបផងដែរថា នៅរាជធានីភ្នំពេញយើងបច្ចុប្បន្ននេះ សំរាមមានប្រមាណជិត១,៨០០តោនក្នុង១ថ្ងៃ ដែលត្រូវបានប្រមូលទៅចាក់ទុកនៅទីលានចាក់សំរាមផ្សេងៗ៕

ប្រភព៖ business-cambodia

Leave a Reply