road-parking-in-phnom-penh

ភាព​រញ៉េរញ៉ៃ​លើ​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ដល់​ពេលណា​ទើប​គេ​អាច​បញ្ចប់​វា​បាន​?

ការប៉ុនប៉ងរំដោះចិញ្ចើមផ្លូវឲ្យអ្នកថ្មើរជើង នៅតែជាបញ្ហា ដែលមិនទាន់ដោះស្រាយចេញ ប្រៀបបាននឹងការវែកចកនៅលើទឹក។ អាជ្ញាធរ អះអាងថា បញ្ហានេះត្រូវដោះស្រាយបន្តិចម្តងៗ ខណៈពេលវេលាជាក់លាក់រំដោះចិញ្ចើមផ្លូវ ពីចំណតយានយន្ត អាជីវកម្ម សំរាម នៅតែស្រពិចស្រពិល។ មានន័យថា អ្នកថ្មើរជើងនៅតែគ្មានជម្រើសអ្វី ក្រៅតែពីបន្តដើរនៅសាច់ថ្នល់ទាំងប្រថុយសុវត្ថិភាពឡើយ។

រាល់ពេលដែលអ្នកស្រីសៀកចន្ថា ពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកេងកងទី១ ដើរទៅផ្សារទិញម្ហូបម្តងៗ គាត់តែងតែមានអារម្មណ៍ព្រឺព្រួចជានិច្ច។ អ្នកស្រីមានប្រសាសន៍ថា៖ «ពេលដើរយើងភ័យខ្លាចតែឡាន ខ្លាចតែម៉ូតូមកបុកយើងអ៊ីចឹង។ ដើរងាកៗយើងមើលឆ្វេងស្តាំមិនទុកចិត្ត។ ចេះតែមានអារម្មណ៍គិតអ៊ីចឹង»។

គាត់មិនមែនជាមនុស្សតែម្នាក់ដែលកំពុងប្រថុយប្រថានជាមួយគ្រោះថ្នាក់រាល់ថ្ងៃនៅពេលដើរតាមផ្លូវនោះទេ អ្នកថ្មើរជើងដទៃទៀតក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នាដែរ។ ដោយចិញ្ចើមផ្លូវជាច្រើន ក្នុងរាជធានីភ្នំពេញ ត្រូវបានគេដណ្តើមកាន់កាប់យកធ្វើចំណតយានយន្ត ឬកន្លែងប្រកបអាជីវកម្មផ្សេងៗអស់ អ្នកថ្មើរជើង ជារឿយៗ ត្រូវបង្ខំចិត្តចុះដើរទាំងព្រឺខ្នងតាមគែមសាច់ផ្លូវ នៅពេលដែលមានយានយន្តគ្រប់ប្រភេទកំពុងធ្វើចរាចរណ៍មមាញឹក។

នៅកន្លែងខ្លះ សកម្មភាពអាជីវកម្មមិនត្រឹមតែស៊ីអស់ចិញ្ចើមផ្លូវទេ គឺថែមទាំងហៀរមកលើសាច់ផ្លូវទៀត ដែលធ្វើឲ្យអ្នកបើកបរយានយន្តត្រូវប្រុងប្រយ័ត្នជានិច្ច ដើម្បីគេចពីការប៉ះទង្គិចជាមួយសម្ភារនៃរបរលក់ដូរតាមចិញ្ចើមផ្លូវ។ ជាក់ស្តែងនៅបណ្តោយផ្លូវ២៧១ ខាងជើងរបងវត្តសន្សំកុសល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន អាជីវករដាក់លក់ដូរហូហៀរចិញ្ចើមមកលើសាច់ផ្លូវតែម្តង ពិសេសរបរធ្វើរទេះដែក និងផ្សារដែកតែម្តង។ រទេះដែក ត្រូវបានតម្រៀបជាជួរ ហៀរចេញមកលើសាច់ថ្នល់ ខណៈការផ្សារភ្ជាប់ធុង ឬរទេះនានា ធ្វើឡើងនៅលើសាច់ផ្លូវតែម្តង។ ចង់មិនចង់ អ្នកបើកបរ និងអ្នកថ្មើរជើងទាំងឡាយ ត្រូវធ្វើដំណើរគេចពីរទេះដែកដែលគេតម្រៀបជាជួរ ហៀរចេញមកលើសាច់ថ្នល់នោះ ហើយក៏ត្រូវគេចឲ្យឆ្ងាយបន្តិចពីផ្កាភ្លើង ដែលបាចសាចចេញពីការដំឡើងរទេះ និងផ្សាដែកនានា នៅលើសាច់ផ្លូវនោះ។

អ្នកស្រី ថន ចាន់លាភ អាជីវករលក់ដូររទេះដែក នៅបណ្តោយផ្លូវ២៧១ ក្បែរផ្សារដើមថ្កូវទទួលស្គាល់ថា ខ្លួន កំពុងធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ ប៉ុន្តែការធ្វើបែបនេះ ព្រោះតែគាត់គ្មានជម្រើស។ បើតាមអាជីវកររូបនេះ អាជ្ញាធរតែងតែមករៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ មួយដង ឬពីរដងក្នុងមួយអាទិត្យ ហើយអ្នកស្រី ថន ចាន់លាភ តែងរងការស្តីបន្ទោសពីអាជ្ញាធរ ព្រោះរូបគាត់បានយកចំណែកផ្លូវដាក់លក់រទេះ និងជាកន្លែងផ្សាររទេះជាដើម។ អ្នកស្រី ថន ចាន់លាភ រៀបរាប់ទៀតថា អាជ្ញាធរតែងប្រាប់ឲ្យគាត់រៀបចំសណ្តាប់ធ្នាប់កុំឲ្យលយចេញមកលើចិញ្ចើមផ្លូវ។ រូបគាត់ ធ្វើតាមការណែនាំរបស់អាជ្ញាធរ ប៉ុន្តែបន្ទាប់ពីអាជ្ញាធរចេញទៅផុត អាជីវកររូបនេះ ក៏ចាប់ផ្តើមរៀបចំអ៊ីវ៉ាន់ហៀរមកលើចិញ្ចើផ្លូវវិញ។ គាត់និយាយដូច្នេះថា៖ «ពេលគេមកម្តងៗ យើងរៀបចូលក្នុងបន្តិចទៅដល់ពេលគេទៅវិញ ដាក់អ៊ីចឹងដដែលទៅ។ ឲ្យយើងធ្វើម៉េច បើកន្លែងវាចង្អៀត មានតែប្រឡោះប៉ុណ្ណឹង។ អ្នកណាចង់ឲ្យគេស្តីឲ្យ  អត់ចង់ទេ! ប៉ុន្តែការងាររកស៊ី យើងត្រូវមុខក្រាស់អ៊ីចឹងហើយ»។

ការប៉ុនប៉ងរំដោះចិញ្ចើមផ្លូវឲ្យអ្នកថ្មើរជើងប្រើប្រៀបបាននឹងការវែកចកនៅលើទឹក។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារដ្ឋបាលរាជធានីភ្នំពេញ បាននិយាយថា អាជ្ញាធរខណ្ឌតែងចុះទៅ អប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់ចិញ្ចើមផ្លូវ និងណែនាំកុំឲ្យពួកគាត់ដែលជាអាជីវករយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម។ លើសពីនេះ ក៏មានការពិន័យផ្នែករដ្ឋបាលផងដែរ ក្នុងករណីមិនស្តាប់តាមការណែនាំ។ យ៉ាងណាក៏ដោយ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ គឺមិនងាយស្រួលឡើយ ព្រោះប្រជាពលរដ្ឋភាគច្រើន មិនព្រមធ្វើតាម។ គាត់និយាយថា៖ «ដូចយើងធ្លាប់ឃើញអ៊ីចឹង កន្លងមកពេលអាជ្ញាធរយើងចុះណែនាំ ចុះរៀបចំសណ្តាប់ធ្នាប់ពួកគាត់ចាប់ផ្តើមធ្វើតាម។ តែដល់ពេលអាជ្ញាធរ យើងចេញទៅបាត់ដដែលវិញ។ ពេលយើងចាប់ យើងដេញ ពួកគាត់ស្រែកថា ម៉េចបានជាតឹងរឹងម្លេះ រហូតដល់មានការរិះគន់ចំណាត់ការរបស់យើងថែមទៀត នេះជាបញ្ហាដែលយើងពិបាកដោះស្រាយ»។

អ្នកស្រីសារ៉ា ជាជនជាតិថៃដែលកំពុងរស់នៅជិតផ្សារបឹងកេងកង និយាយថាគាត់កម្រហ៊ានដើរទៅណាឆ្ងាយតែម្នាក់ឯងក្រៅតែពីទៅផ្សារទិញម្ហូប ដែលនៅប្រមាណ៣០០ម៉ែត្រពីកន្លែងស្នាក់នៅរបស់ខ្លួនប៉ុណ្ណោះ។ កំពុងឈរនៅក្រោមដើមត្របែកព្រៃក្បែររបងផ្ទះមួយដៃកាន់ម្ហូបដែលទើបនឹងទិញពីផ្សារ អ្នកស្រីសារ៉ា និយាយថា៖ «ពេលខ្លះនាងខ្ញុំដើរនៅកៀករបងផ្ទះផងក៏មាន។ ខ្ញុំមិនហ៊ានដើរនៅលើចិញ្ចើមពីព្រោះពួកគេបើកបរលឿនៗ នៅផ្លូវហ្នឹងដែរ។ ដូច្នេះខ្ញុំដើរនៅលើនេះមានសុវត្ថិភាពជាង»។ ស្ត្រីជនជាតិថៃរូបនេះនិយាយថាគាត់សាទរប្រសិនបើកម្ពុជាអាចរៀបចំសណ្តាប់ចិញ្ចើមផ្លូវឲ្យល្អជាងនេះ នាពេលឆាប់ៗនោះ។

ថ្មីៗនេះ ហាក់ដូចជាមានតម្រុយអំពីវិធានការរំដោះយកចិញ្ចើមផ្លូវមកវិញ។ ក្នុងជំនួបជាមួយមន្ត្រីស្ថានទូតសិង្ហបុរីកាលពីខែមុន លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកសំណើសុំរៀនសូត្របទពិសោធន៍ប្រទេសសិង្ហបុរីក្នុងការគ្រប់គ្រងចិញ្ចើមផ្លូវ។

អ្នកស្រី ថន ចាន់លាភ អ្នករកស៊ីលក់រទេះដែកនៅតាមផ្លូវលេខ២៧១ជិតក្លោងទ្វារចូលវត្តសន្សំកុសល និយាយថាគាត់ស្វាគមន៍ វិធានការតឹងរឹងរបស់អាជ្ញាធរដែនដីនៅថ្ងៃក្រោយ ចំពោះអ្នករំលោភចិញ្ចើមផ្លូវ អាជីវកររូបនេះ បើទោះជាដឹងថា នឹងប៉ះពាល់ដល់ការរកស៊ីរបស់គាត់ក៏ដោយ។ គាត់និយាយថា៖ «ប៉ះពាល់ គឺប៉ះពាល់ ប៉ុន្តែ យើងត្រូវយោគយល់គ្នា។ យើងមិនចង់ឲ្យស្ទះចរាចរណ៍រាល់ថ្ងៃដូចគ្នា។ ទាំងខ្ញុំ ទាំងគេ ពេលស្ទះចរាចរណ៍ ម្តងៗ លំបាកដូចគ្នា»។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារដ្ឋបាលរាជធានីភ្នំពេញ និយាយថារឿងដែលលំបាកដោះស្រាយបំផុតនោះ គឺការផ្លាស់ប្តូរឥរិយាបថ និងចំណេះដឹងប្រជាពលរដ្ឋ ដែលត្រូវធ្វើបន្តិចម្តងៗនិងចំណាយពេលវេលាយូរ។ ប៉ុន្តែគាត់និយាយថាគេមិនអាចកំណត់បានទេថាតើពេលណាការប្រើប្រាស់ចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យត្រូវបញ្ចប់នោះ។

ទាក់ទងនឹងការគ្រប់គ្រងចិញ្ចើមផ្លូវនេះដែរ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងក្នុងសន្និសីទស្តីពី៖«ទីក្រុងយើងទាំងអស់គ្នា» កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅថា សាលារាជធានីភ្នំពេញ មានលទ្ធភាពបណ្តេញអ្នករកស៊ីតាមចិញ្ចើញផ្លូវក្នុងរយៈពេលតែ២៤ម៉ោងបាន ប៉ុន្តែការរៀបចំនេះ នឹងប៉ះពាល់ដល់អ្នករកស៊ីក្រៅប្រព័ន្ធ ដែលជាប្រភពរួមចំណែកនៃកំណើនសេដ្ឋកិច្ចប្រជាជន។ ហើយការធ្វើបែបនេះ លោក អៀង អូននី បារម្ភខ្លាចបាត់សំឡេងឆ្នោត។ លោកបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំអ្នកមកពីគណបក្សឈ្នះឆ្នោត បើធ្វើហើយគ្រាន់តែចាញ់ឆ្នោតអត់បានធ្វើទៀត តើធ្វើ ធ្វើអ្វី? ឧបមាថា ខ្ញុំធ្វើឲ្យស្អាត ប៉ុន្តែគ្រាន់តែខ្ញុំធ្វើភ្លាម គេអត់បោះឆ្នោតឲ្យខ្ញុំ? តើមានរឿងហេតុអ្វី បានជាខ្ញុំត្រូវសម្អាតមួយភ្លែត ហើយចុងបញ្ចប់លទ្ធផលដដែល ហើយខ្ញុំត្រូវចុះពីអំណាច? ដូច្នេះ ខ្ញុំត្រូវស៊ូក្នុងអំណាច ហើយធ្វើការងារនេះឲ្យបានជោគជ័យ»។

មានន័យថា អ្នកថ្មើរជើងគ្មានជម្រើសណាផ្សេងឡើយ។ នៅចំណុចណាដែលគ្មានសល់សាច់ចិញ្ចើមផ្លូវសម្រាប់ដើរដោយសារតែវាត្រូវបានឡានចតពេញ ឬកាន់កាប់ដោយតូបលក់ដូរ ឬក៏មានពំនូកសម្រាប់ជាឧសគ្គ ពួកគេត្រូវតែបង្ខំចិត្ត ចុះដើរមកលើគែមសាច់ថ្នល់ទាំងប្រថុយប្រថានសុវត្ថិភាពរបស់ខ្លួនបន្តទៀត ទម្រាំអាជ្ញាធរក្រុងភ្នំពេញអាចរំដោះចិញ្ចើមផ្លូវមកវិញបាន៕

ប្រភព៖ thmeythmey.com

Leave a Reply