ភាព​មិន​ប្រក្រតី​នៃ​ការ​ចេញ​ប្លង់​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ
Posted On : February, 7, 2015 | By សំឡេងទីក្រុង

ប្រភព៖ RFA, ដោយ សេក បណ្ឌិត, 2015-02-07

បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព​៧​មករា ដែល​មាន​ទីតាំងនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បដិសេធ​សេចក្ដី​ប្រកាស​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ។ ស្របគ្នា​នេះ​ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​បំភ្លឺ​ពី​ប្លង់​កម្មសិទ្ធិ​នៃ​មន្ទីរពេទ្យ​នោះ​ឡើង​វិញ។

​សេចក្ដី​បដិសេធ​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​៦ កុម្ភៈ ដោយ​មាន​ផ្តិត​មេដៃ​ពី​ក្រុម​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់ និង​ផ្ញើ​ជូន​ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ទៅ​រដ្ឋសភា​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការ​ចេញ​ប្លង់​ទីតាំង​មន្ទីរពេទ្យ​ដោយ​ភាព​ចម្រូងចម្រាស និង​មាន​ភាព​មិន​ប្រក្រតី។

លោក​វេជ្ជបណ្ឌិត ភួង មេសា ថ្លែង​នៅ​មុខ​រដ្ឋ​សភា​នៅ​ល្ងាច​ថ្ងៃ​ទី​៦ កុម្ភៈ នៅ​ពេល​ដាក់​ញត្តិ​នោះ​ថា ពួកគាត់​មាន​ក្តី​កង្វល់​ខ្លាច​បាត់​អាគារ​មួយ​ផ្នែក​នៃ​មន្ទីរពេទ្យ​ដែល​នៅ​ខាង​មុខ​ជាប់​ផ្លូវ​១៦៩ ឬ​ហៅ​ថា ផ្លូវ​ឆេកូស្លូវ៉ាគី ដោយ​មិន​បាន​ដាក់​បញ្ចូល​ក្នុង​ប្លង់​ថ្មី​នោះ​ឡើយ ហើយ​ការ​បិទ​ផ្សាយ​ប្លង់​ថ្មី​នោះ​ធ្វើ​ឡើង​ដោយ​តក់ក្រហល់ ដោយ​ប្រកាស​ថា បាត់​ប្លង់​ចាស់៖ «បាន​ន័យ​ថា គេ​គូរ​ប្លង់​តែ​ពី​ក្រោយ ខាង​មុខ​អត់​មាន​ទេ។ អាគារ​ហ្នឹង​មាន ៣០ និង ៤០​ម៉ែត្រ​ជាង ក្នុង​ហ្នឹង​មាន​មណ្ឌល​សុខភាព​៧មករា មួយ​ដែរ បើ​យើង​មិន​តវ៉ា​គេ​គូរ​ប្លង់​ឲ្យ​តែ​អា​ក្រោយ​ទេ អា​ខាង​មុខ​គេ​គូរ​លេប​យក​ទៅ​ណា​បាត់​ទៅ»

ការ​ប្រកាស​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​មាន​ខ្លឹមសារ​ថា ទីតាំង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាត់បង់ បើសិនជា​ពុំ​មាន​ឯកសារ​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​ទេ។ តែ​លិខិត​នោះ​បាន​កំណត់​ឲ្យ​តវ៉ា​តែ​១​ខែ​ប៉ុណ្ណោះ ខណៈ​ដែរ​លិខិត​ចេញ​ប្រកាស​តាំង​ពី​ថ្ងៃ​ទី​៨ មករា ហើយ​ទើប​យក​បិទ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ដែល​ធ្វើ​ឲ្យ​ក្រុម​បុគ្គលិក​ពេទ្យ​មិន​អាច​តវ៉ា​នោះ​ទេ ព្រោះ​នៅ​សល់​តែ​១​ថ្ងៃ​ទេ នៃ​ថ្ងៃ​ធ្វើ​ការ គិត​មក​ថ្ងៃ​ទី​សុក្រ ទី​៦ កុម្ភៈ។ ជាង​នេះ​ទៅ​ទៀត ក្នុង​លិខិត​ប្រកាស​នោះ​ពុំ​បាន​បង្ហាញ​គំនូស​ប្លង់​នៃ​មន្ទីរពេទ្យ​ទាំង​មូល​ឲ្យ​ច្បាស់លាស់​ឡើយ។

ក្នុង​ការ​តវ៉ា​នេះ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋ​សភា លោក ហូរ វ៉ាន់ និង​ជា​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​ទទួល​យក​ញត្តិ​ពី​ក្រុម​គ្រូពេទ្យ និង​ប្លង់​មន្ទីរ​កម្មសិទ្ធិ​មន្ទីរពេទ្យ​ថ្មី​ទៅ​ពិនិត្យ។ លោក​បន្ត​ថា ការ​ប្រកាស​ប្លង់​ថ្មី​ដោយ​ធ្វើ​ទុតិយតា​លើ​ប្លង់​ចាស់ ឬ​យក​តាម​ប្លង់​ចាស់ ប៉ុន្តែ​បាន​បាត់​អាគារ​មួយ​ផ្នែក​នៃ​មន្ទីរពេទ្យ​ចេញពី​ប្លង់​កម្មសិទ្ធិ​នោះ​ពិត​ជា​មាន​ភាព​មិន​ប្រក្រតី ឬ​អាច​មាន​កំហុស​ឆ្គង​អ្វី​មួយ​ដែល​ខ្លួន​លោក​ផ្ទាល់​ក៏​មាន​ចម្ងល់​ជាច្រើន​ជុំវិញ​បញ្ហា​នេះ​ដែរ៖ «អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី​ពិនិត្យ​ទុតិយតា​នេះ​ឡើង​វិញ ហើយ​បង្ហាញ​គល់​បញ្ជី​ចាស់ ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​បុគ្គលិក​មន្ទីរពេទ្យ​ក្រុង​ជ្រួលច្របល់​មក​ដល់​រដ្ឋ​សភា»

​វិទ្យុ​អាស៊ីសេរី នៅ​មិន​អាច​ទាក់ទង​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ដើម្បី​ពន្យល់​រឿង​នេះ​បាន​នៅ​ឡើយ​ទេ។

​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​មួយ ធ្លាប់​មាន​គម្រោង​ផ្លាស់ប្ដូរ​បុគ្គលិក​ចេញ​ពី​អាគារ​ខាង​មុខ​ពេទ្យ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​មុន ដោយ​ឲ្យ​ទៅ​ធ្វើ​ការ​រួម​គ្នា​នៅ​អាគារ​ផ្នែក​ខាង​ក្រោយ ប៉ុន្តែ​ត្រូវ​ក្រុម​បុគ្គលិក​នាំ​គ្នា​ធ្វើបាតុកម្ម​តវ៉ា​ក៏​ផ្អាក​ទៅ​វិញ​រហូត​មក​ដល់​ពេល​នេះ៕

Urban Voice Cambodia

Urban Voice Cambodia