ព្យុះទីហ្វុងមួយ នឹងធ្វើដំណើរកាត់ភាគខាងត្បូងកម្ពុជា នៅយប់នេះ
Posted On : November, 26, 2018 | By សំឡេងទីក្រុង
ព្យុះទីហ្វុង USAGI នឹងធ្វើដំណើរកាត់ភាគខាងត្បូងកម្ពុជា នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ឥទ្ធិពលរបស់ព្យុះនេះ នឹងមកនូវទឹកភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស លាយឡំជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន ពី ១៣ ទៅ ១៥ ម៉ែត្រក្នុងមួយវិនាទី ពិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ (ចាប់ពីយប់ថ្ងៃទី២៥-២៧ វិច្ឆិកា)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

ក្រសួងបានព្យាករថា រាជធានីខេត្តមួយចំនួននៃតំបន់ទំនាបកណ្តាលភាគខាងត្បូង និងតំបន់មាត់សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀងកើតឡើង។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឱ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាពចាប់ពីថ្ងៃទី២៥ ដល់ ២៧ វិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា កូនព្យុះ USAGI បានវិវត្តខ្លួន និងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង ជាមួយនឹងល្បឿនអតិបរមាក្បែរផ្ចិតរបស់ព្យុះមានល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលពេលនោះបានស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកខាងលើនេះ៕
ប្រភព៖ ខ្លីៗ