ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ធម្មតា
Posted On : August, 21, 2014 | By សំឡេងទីក្រុង

ភ្នំពេញប៉ុស្ដិ៍ ដោយ មុំ គន្ធា ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៤

ភ្នំពេញៈ បន្ទាប់​ពី​មនុស្ស​ចំនួន ៣៥៣ នាក់​បាន​ស្លាប់​ក្នុង​ពិធី​បុណ្យ​អុំទូក​នៅ​លើ​ស្ពាន​កោះពេជ្រ នៅ​ឆ្នាំ​នេះ ពិធី​បុណ្យ​អុំទូក នឹង​ប្រារព្ធ​ធ្វើ​ឡើង​ដូច​ធម្មតា​វិញ​បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល ៣​ឆ្នាំ។

មន្រ្តី​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ នឹង​រៀបចំ​រយៈ​ពេល ៣ ថ្ងៃ​ជា​ធម្មតា​នៅ​ដើម ខែ​វិច្ឆិកា។

លោក ពាន ចំរឿន មន្រ្តី​នៅ​គណៈ​កម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា៖ «ប្រទេស​យើង​នឹង​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ដូច​ធម្មតា​ដែល​យើង​តែង​តែ​ ធ្វើ​នៅ​មុខ​ព្រះ​បរម​រាជវាំង​រយៈ​ពេល ៣ ថ្ងៃ​ពី​ថ្ងៃ ទី៥ ទី ៦ និង ទី៧ ខែ​វិច្ឆិកា»។

ពិធី​បុណ្យ​អុំទូក តែង​តែ​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​រហូត​ដល់​ប្រមាណ​មួយ​លាន​នាក់​មក​កាន់​ រាជធានី​ភ្នំពេញ។ គ្រោះ​ថ្នាក់​នៃ​ចំនួន​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ជាន់​គ្នា​ស្លាប់​រហូត​ដល់ ៣៥៣ នាក់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក កាល​ពី ឆ្នាំ​២០១០។

ក្រោយ​មក ស្ពាន​នេះ​ត្រូវ​បាន​បំផ្លាញ​ចោល។ នៅ ឆ្នាំ​២០១១ មួយ​ឆ្នាំ​ក្រោយ​គ្រោះ​ថ្នាក់​រដ្ឋាភិបាល​បាន​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក​ នេះ ដោយ​សារ​ទឹក​ជំនន់​ធំ។ នៅ ឆ្នាំ​២០១២ មូល​ហេតុ​នៃ​ការ​ផ្អាក​គឺ​សម្តេច​ឪ នរោត្តម សីហនុ សោយ​ទិវង្គត នៅ ខែ​តុលា គឺ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នេះ។ កាល​ពី ឆ្នាំ​២០១៣ ក៏​ត្រូវ​បាន​ផ្អាក​មួយ​ឆ្នាំ​ទៀត ដោយ​គេ​លើក​ហេតុ​ផល​ថា ដោយ​សារ​តែ​មាន​គ្រោះ​ទឹក​ជំនន់។ ស្តូប​មួយ​ត្រូវ​បាន​សាង​សង់​នៅ​កន្លែង​អតីត​ក្បែរ​គល់​ស្ពាន ដែល​មនុស្ស​បាន​ជាន់​គ្នា​ស្លាប់​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ ខណៈ​ដែល​ពុំ​មាន​អ្នក​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​យ៉ាង​ ច្រើន​នេះ។

គ្រោះ​ថ្នាក់​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ ដែល​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះ​គន់​ថា បាន​បង្ហាញ​ពី​និទ្ទណ្ឌភាព និង​អសមត្ថភាព​របស់​រដ្ឋាភិបាល។

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​តែង​តែ​គ្មាន​មូល​ហេតុ​ល្អ​ទេ។ គ្មាន​ការ​ពិត​ទេ»។ លោក វីរៈ បន្ត​ថា កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​អាច​មាន​ការ​ព្រួយ​បារម្ភ​ថា ពិធី​នេះ នឹង​ប្រមូល​មនុស្ស​ច្រើន​នាក់​មក​កាន់​រាជធានី​ភ្នំពេញ ដែល​អាច​ចូល​រួម​កម្លាំង​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ដែល​កំពុង​ធ្វើ​បាតុកម្ម ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី ខែ​កក្កដា។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ថ្លែង​ថា លោក​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ពី​ពេល​វេលា​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ ​អុំ​ទូក​ឆ្នាំ​នេះ​ទេ ព្រោះ​លោក​មិន​បាន​ដឹង​អំពី​សេចក្តី​ប្រកាស។

លោក លន់ លីមថៃ អភិបាល ខេត្ត​កំពង់ចាម បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា លោក​មិន​ទាន់​ទទួល​បាន​សេចក្តី​ប្រកាស​ទេ ប៉ុន្តែ វា​គ្មាន​អ្វី​ប្លែក​ទេ។

លោក​បាន​បន្ត​ថា៖ «ខេត្ត​ខ្ញុំ​បាន​រៀប​ចំ​ពិធី​បុណ្យ​អុំ​ទូក​រៀង​រាល់​ឆ្នាំ ទោះ​បី​ជា​ពិធី​នេះ​បាន​លុប​ចោល​នៅ​ភ្នំពេញ​ក៏​ដោយ»។ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ពេល​នេះ លោក មិន​មាន​ពេល​គិត​ពី​ពិធី​នេះ​ទេ ព្រោះ​លោក​កំពុង​ជាប់​រវល់​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់ «ប៉ុន្តែ យើង​នៅ​តែ​ប្រារព្ធ​ពិធី​នេះ បើ​ទោះ​បី​ជា​មាន​ទឹក​ជំនន់​ក្តី»។

លោក អ៊ុង ង៉ែត អាយុ ៣០ ឆ្នាំ ដែល​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​ថ្នាក់​ជាន់​គ្នា​នៅ​ស្ពាន​កោះ​ពេជ្រ កាល​ពី ឆ្នាំ​២០១០ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ការ​ចង​ចាំ​ពី​ពិធី​បុណ្យ​អុំ​ទូក តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ព្រួយ។

លោក​បន្ត​ថា៖ «ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ។ នៅ​ពេល​គេ​និយាយ​ពី​ពិធី​បុណ្យ​អុំ​ទូក វា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​មនុស្ស​ច្រើន​នាក់​ស្លាប់ ហើយ​ខ្ញុំ​ក៏​រង​របួស​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ»។ ប៉ុន្តែ លោក ង៉ែត បាន​ថ្លែង​ថា លោក​នឹង​ចូល​រួម​ក្នុង​ពិធី​នៅ​ឆ្នាំ​នេះ​ទៀត ប៉ុន្តែ លោក​នឹង​ព្យាយាម​ចៀស​វាង​កន្លែង​ដែល​មាន​មនុស្ស​កក​កុញ​ច្រើន។

Urban Voice Cambodia

Urban Voice Cambodia