ពល​រដ្ឋ​​រស់​នៅ​លើ​បឹង​ត្របែក​ប្រឈម​ការ​បណ្តេញ​ចេញ
Posted On : February, 4, 2015 | By សំឡេងទីក្រុង

ដោយ៖ ភ្នំពេញ ប៉ុស្តិ៍, ថ្ងៃ ទី​ ០៣​ ខែ កុម្ភះ ឆ្នាំ ២០១៥

អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​ គ្រួសារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចូល​ទៅ​តាំង​ទីលំនៅ នៅ​លើ​ផ្ទៃ​បឹង​មួយ​ក្នុង​ចំណោម​បឹង​ដែល​ជា​អាង​ស្តុកទឹក​ដែល​នៅ​សល់​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ។ ដោយ​សារ​តែ​ទឹក​ជន​លិច​ពេល​រដូវ​ភ្លៀង​ដែល​មាន​លក្ខណៈ​កាន់​តែ​អាក្រក់ សាលា​រាជធានី​នឹង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ។ផ្ទះឈើ​​ប្រក់​ស័ង្កសី​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្សារ​ ដើមថ្កូវ ខណ្ឌ​ចំការមន​ ត្រូវ​បាន​បាញ់​ថ្នាំ​ដាក់​លេខ​ដូចជា​លេខ ៩១, ៩២, និង​ ៩៦ ​ជាដើម។ លេខ​ទាំង​នេះ គឺ​មាន​ន័យ​ថា នឹង​ត្រូវ​បណ្តេញ​ប្រជាជន​ទាំង​នោះ​ចេញ។អ្នក​ស្រី តុល សេងហ៊ាន អាយុ ៥៧ ឆ្នាំ បាន​ថ្លែង​ថា៖ «អាជ្ញាធរ​បាន​មក​បាញ់​លេខ​នេះ​នៅ​លើ​ផ្ទះ​របស់​ខ្ញុំ ប៉ុន្តែ​ពួកគេ​ មិន​បាន​ប្រាប់​អ្វី​ដល់​យើង​សោះ សូម្បី​តែ​ពាក្យ​មួយ​ម៉ាត់»។ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​​នេះ សហគមន៍​នេះ​កាន់​តែ​មាន​​មនុស្ស​រស់​នៅ​ច្រើន។ ដូច​ប្រជា​ជន​ក្រីក្រ​ដទៃ​ៗ​ទៀត​ក្នុង​ទីក្រុង​ដែរ។​ អ្នក​ស្រី​ សេង​ហ៊ាន រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​បន្ទប់​តែ​មួយ​ជាមួយ​សមាជិក​ជា​ច្រើន​នាក់​​រួម​មាន​ប្តី​អ្នក​ស្រី កូន​ស្រី​ពេញ​វ័យ​ពីរ​នាក់ និង​ប្តី​របស់​នាង និង​កូន​ៗ​ សរុប​​ទាំង​អស់​ ៨ នាក់ រស់​នៅ​ក្នុង​ផ្ទះ​មួយ​ដែល​មាន​ផ្ទៃ​​ក្រឡា​មិន​ដល់​ ២០ ម៉ែត្រ​ការ៉េ។បើ​តាម​​សាលា​រាជ​ធានី​ពួក​គេ​នឹង​លែង​បាន​រស់​នៅ​ទី​នេះ​យូរ​ទៀត​ហើយ។មន្រ្តី​អាជ្ញា​ធរ​ បាន​ឲ្យ​ដឹង​ថា សហគមន៍​របស់​ពួក​គេ​គ្រោង​នឹង​ត្រូវ​បណ្តេញ​ចេញ ហើយ​ដោយសារ​មូល​ហេតុ​នេះ​ទើប​ផ្ទះ​របស់​ពួក​គេ​ត្រូវបាន​បាញ់​​ថ្នាំ​ដាក់​លេខ។លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី ថ្លែង​ថា៖ «យើង​ត្រូវ​ការ​ប្រមូល​​តួលេខ ថា​តើ​មាន​គ្រួសារ​ប៉ុន្មាន​បាន​ចូល​មក​នៅ​ខុស​ច្បាប់​នៅ​ដី​នេះ​…ហើយ​បន្ទាប់​មក​​យើង​នឹង​និយាយ​អំពី​​សំណង​ដើម្បី​ឲ្យ​ពួក​គេ​ចេញ»។ ទោះ​យ៉ាង​ណា លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​ពេល​វេលា​ ដែល​ត្រូវ​បណ្តេញ​ចេញ​នោះ​ទេ។

ប៉ុន្តែ លោក ព្រំ​ សំខាន់ អភិបាល​ខណ្ឌ​ចំការមន បាន​ថ្លែង​ថា​ គ្រួសារ​ទាំង​នេះ​ នឹង​ត្រូវ​បណ្តេញ​ចេញ​ «ឆាប់​ៗ​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន»។

ក្មេង​ស្រី​ម្នាក់ ​ដើរ​លើ​ស្ពាន​ឈើ​ឆ្លង​កាត់​លូ​បង្ហូរ​ទឹក​ចេញ​ពី​បឹង​ត្របែក​​​ ​ជា​តំបន់​កំពុង​ប្រឈម​ការ​បណ្តេញ​ចេញ​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

ក្មេង​ស្រី​ម្នាក់ ​ដើរ​លើ​ស្ពាន​ឈើ​ឆ្លង​កាត់​លូ​បង្ហូរ​ទឹក​ចេញ​ពី​បឹង​ត្របែក​​​ ​ជា​តំបន់​កំពុង​ប្រឈម​ការ​បណ្តេញ​ចេញ​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

 

សមាគម​ធាង​ត្នោត​ ដែល​ធ្វើ​ការ​ងារ​អំពី​បញ្ហា​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ជាមួយ​តំណាង​​សហគមន៍ និង​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៤០០ ​គ្រួសារ​​នឹង​ត្រូវ​​រង​ប៉ះ​ពាល់។នាយក​ប្រតិបត្តិ​នៃសមាគម​ធាង​ត្នោត លោក អ៊ី សារុំ បាន​ថ្លែង​ថា៖ «​វា​នឹង​ជា​បញ្ហា​ធំ​មួយ ​​​ប្រសិន​បើ​អាជ្ញាធរ បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​មិនមាន​សំណង​សមរម្យ»។ ​សាលា​រាជ​ធានី​​បាន​បដិសេធ​​មិន​និយាយ​អំពី​បញ្ហា​សំណង ប៉ុន្តែ​បាន​ថ្លែង​ថា សហគមន៍​នេះ មិន​គួរ​ទៅ​នៅ​ទី​នោះ​ដោយ​ខុស​ច្បាប់​ទេ។លោក​ព្រំ សំខាន់​ បាន​ថ្លែង​ថា៖ «ការ​បណ្តេញ​ចេញ​ គឺ​ជា​គម្រោង​មួយ​របស់​សាលា​រាជធានី​ដើម្បី​ស្តារ​បឹង​នេះ​ឡើងវិញ​…​ប្រសិន​បើ​យើង​មិន​ស្តារ​បឹង​ត្របែក​ទេ​ វា​នឹង​បណ្តាល​ឲ្យ​លិច​ទឹក​ធ្ងន់ធ្ងរ​នាពេល​អនាគត​ខ្លី​ខាង​មុខ»។

នៅក្រោយ​ផ្ទះ​​របស់​អ្នក​ស្រី សេង​ហ៊ាន និង​អ្នក​ជិត​ខាង​របស់​អ្នក​ស្រី គឺ​ជា​បឹង​ត្របែក ដែល​មាន​ទំហំ​ ១០ ហិកតា។ កាល​ពី​ ១០ ​ឆ្នាំ​កន្លង​ទៅ​​ បឹង​នេះ​មាន​ទំហំ​ធំ​ ​ហើយ​កាល​ពេល​នោះ​​មាន​ប្រជា​ពលរដ្ឋ​ប្រហែល ១,៥ លាន​នាក់​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​ឥឡូវ​នេះ​មាន​ប្រជាជន​​ជាង​ ២ លាន​នាក់។ ​ចន្លោះ​ពី​ឆ្នាំ​ ២០០០ និង ២០០៩ ប្រជាពលរដ្ឋ​ជាង​ ១០ ម៉ឺន​គ្រួសារ​ត្រូវ​បណ្តេញ​​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ ដោយសារ​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ។ នេះ​បើ​តាម​សមាគម​ធាង​ត្នោត។ ក្នុង​ចំណោម​​ពលរដ្ឋ​ទាំង​នោះ រួម​មាន​​គ្រួសារ​អ្នក​ស្រី សេង​ហ៊ាន ផង​ដែរ។

អ្នក​ស្រី សេង​​ហ៊ាន​ ​ថ្លែងថា​៖ «យើង​បាន​ទិញ​ដី​នេះ ​កាល​ពី​ ៧ ឆ្នាំ​មុន។ ​នៅ​ពេល​ខ្ញុំ​មក​នៅ​ទីនេះ វា​បាន​ក្លាយ​ជា​ដី​រួច​ហើយ​មិន​មែន​បឹង​ទេ»។

ការ​ជន់​លិច​ទឹក​បាន​ក្លាយ​ជា​បញ្ហា​កើត​ឡើង​ញឹក​ញាប់​ហើយ​សូម្បី​តែ​ផ្ទះ​អ្នក​មាន​និង​អ្នក​មាន​អំណាច​ក៏​ទទួល​រង​ប៉ះពាល់​ពី​ការ​លិច​ទឹក​នេះ​ដែរ ក្នុង​នោះ​​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ ​កាល​ពេល​ថ្មី​ៗ​នេះ​​បាន​សរសេរ​នៅ​លើ​ ហ្វេសប៊ុក​​ថា​ ​មាន​ការ​លិច​ទឹក​ខ្លាំង​នៅ​មុខ​ផ្ទះ​របស់​លោក។

ការ​ចាក់​ដី​លុបបឹង​​នឹង​ធ្វើ​ឲ្យ​បញ្ហា​នេះ​​កាន់​​តែ​អាក្រក់។ ​នេះ​បើ​តាម​លោក Uchida Togo ទីប្រឹក្សា​តាក់​តែង​គម្រោង​​នៅ​ទីភ្នាក់ងារ​អភិវឌ្ឍន៍ ជប៉ុន JICA។ អង្គការ​​របស់​លោក​បាន​ធ្វើ​ការ​ជិត​ស្និទ្ធ ជាមួយ​សាលា​រាជធានី​​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​លូ។ ពួក​គេ​បាន​ជួយ​សាង​សង់​​អាង​ស្តុក​ទឹក​ក្រោម​ដី​​ដើម្បី​​បន្ធូរ​បន្ថយ​ការ​លិច​ទឹក​បណ្តោះ​អាសន្ន​​និង​បាន​ដំឡើង​ម៉ាស៊ីន​បូម​ទឹក និង​បាន​បរិច្ចាគ​ប្រដាប់​សម្អាត​កាក​សំណល់​លូ។លោក Uchida ថ្លែងថា៖ «ប៉ុន្តែ​​នៅ​​មាន​បញ្ហា​ច្រើន​នៅ​​ត្រូវ​ដោះ​ស្រាយ​ទៀត»។បំពង់​លូ​ភាគ​ច្រើន​បំផុត​គឺជា​បំពង់​​លូ​សេស​សល់​ពី​​សម័​យ​អាណានិគមន៍​បារាំង។ ​កាល​ពេល​​នោះ​លូ​ទាំង​នេះ ​ធ្វើ​ឡើង​សម្រាប់​តែ​ប្រជាជន​តែ​ប៉ុន្មាន​ពាន់​នាក់ ដូច្នេះ​ការ​កើន​ឡើង​លឿន ​នៃ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង បាន​ធ្វើ​​ឲ្យ​លូ​ទាំង​​នេះ​មិន​អាច​បំពេញ​តម្រូវ​ការ​​ទាន់​ពេល​វេលា។

លោក​បន្ត​ថា ក្នុង​ស្ថាន​ភាព​នេះ​ ការ​បាត់​បង់​បឹងត្របែក គឺ​ជា​រឿងគួរ​ឲ្យ​បារម្ភ។ លោក​បន្ត​ថា៖ «បឹង​នេះ​ពិត​ជា​សំខាន់។ វា​គឺ​ដូច​នឹង​អាង​ទឹក​ក្រោម​ដី​អ៊ីចឹង។ វាស្រូប​យក​ទឹក​ភ្លៀង។ ​ដោយ​សារ​ហេតុ​ផល​នេះ វា​សំខាន់​ដែល​ត្រូវ​ទុក​បឹង​នេះ​ឲ្យ​ដូច​មុន ប៉ុន្តែ​យើង​អាច​ឃើញ​ថា ​ផ្នែក​ខាង​ជើង​​គឺ​ត្រូវ​បាន​ចាក់​ដី​លុបរួច​ទៅ​ហើយ»។

អង្គការ​ JICA ​ប៉ាន់​ប្រមាណថា រហូត​​ដល់​ ២០ ភាគរយ​នៃ​បឹង​ត្របែក បាន​បាត់​​បង់​រួច​ទៅ​ហើយ ដោយសារ​ប្រជាជន​ចូល​ទៅ​ចាក់​ដី​សង់​ផ្ទះ​រស់​នៅ។ បើ​នៅ​តែ​បន្ត​ចាក់​ដី​រស់​នៅ​ទៀត តំបន់​ជិតៗ​នេះ​អាច​នឹង​លិច​ទឹក​កម្ពស់​ជាង​មួយ​ម៉ែត្រ។ អ្វី​ដែល​អាក្រក់​​ជាង​នេះ​គឺ​ថា ​​ការ​លិច​ទឹក​មិន​មែន​ជា​ទឹក​ភ្លៀង​ធម្មតា ដែល​ហូរ​មិន​ទាន់​ទេ​ ប្រឡាយ​បឹង​ត្របែក ដែល​នៅ​ជិត​បឹងត្រ​បែក​ក៏​ត្រូវ​បាន​​រំពឹង​ថា នឹង​ហូរ​ហៀរ​​ចេញ​មក។ទោះ​យ៉ាង​ណា​ក្តី ប្រជា​ជន​ដែល​រស់​នៅ​តាម​បណ្តោយ​លូ​នេះ បាន​ថ្លែង​ថា ពួក​គេ​រង​ប៉ះ​ពាល់​ពី​ទឹក​លូ​​និង​ក្លិនលូ​។អ្នក​ស្រី កែវ ហេងអាយុ ៥៥ ​ឆ្នាំ​ ដែល​លក់​មីឆា​និង​ភេសជ្ជៈ​នៅជិត​លូ​នេះ​ បានថ្លែង​ថា៖ «អ្នកស្រី​មិន​ចូល​ចិត្ត​រស់​នៅ​ទី​នេះ​ទេ»។ អ្នក​ស្រី ​បន្ត​ថា ប្តី​របស់​អ្ន​ក​ស្រី​ ត្រូវ​បាន​យាយី​ដោយសារ​ការ​ឧស្សាហ៍​​វិល​មុខ​និង​ក្អួត​ភ្លាម​ៗ​ដោយ​មិន​មាន​សញ្ញា​បង្ហាញ​ថា ជំងឺ​អ្វី​។ «​វា​គឺ​​ចេញ​ពីទឹក​ស្អុយ​។ ​យើង​មិន​មាន​ភ័ស្តុ​តាង​ច្បាស់​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ធ្វើ​ឲ្យ​យើង​ឈឺ»។

ប្រជា​ជន​នៅ​ទី​នេះ​​ និយាយ​ថា បន្ទាប់​ពី​មាន​ភ្លៀង វា​ត្រូវ​ចំណាយ​រយៈ​ពេល​ច្រើន​សប្តាហ៍​ ទើប​​ក្លិន​ទឹក​លូ​ទាំង​នោះ​​ហួត​ចេញ​ពី​ផ្ទះ​បាយ​ និង​បន្ទប់​ដេក​របស់​ពួក​គេ។

Steven Iddings ប្រធាន​ក្រុម​ផ្នែក​សុខ​ភាព​បរិស្ថាន នៅ​អង្គការ​សុខភាព​ពិភព​លោក​បាន​​ថ្លែង​ថា៖ «កាក​សំណល់​លាមក របស់​មនុស្ស​​គឺ​តែង​តែ​មាន​លក្ខណៈ​គ្រោះ​ថ្នាក់។ នេះគឺ​ជា​​ ស្ថាន​ភាព​អកុសល​ខ្លាំង​ណាស់​​នៅ​ពេល​ដែល​កាក​សំណល់​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ទឹក​លិច​​រាយ​ប៉ាយ​ដូច​នេះ​ជា​ពិសេស​នៅ​ពេល​វា​លិច​ចូល​ផ្ទះ»។

កន្លែង​ដែល​ប្រជាជន​ចម្អិន​អាហារ ទទួល​ទាន​អាហារ​ និងដេក​ និង​កន្លែង​ដែល​ក្មេង​ៗ​វាលេង​ ហើយ​ត្រូវ​បាន​​លិច​ទឹក​ វា​អាច​​បណ្តាល​ឲ្យមាន​ជំងឺ​​ចាប់​ពី​ជំងឺ​រាករូស​ធ្ងន់ធ្ងរ​រហូត​ដល់​ជំងឺ​ថ្លើម។

Iddings បន្ថែម​ថា៖ «អនាម័យ​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ វា​ជា​សោកនាដ​កម្ម​​នៃ​ទឹក​លិច​​ដែល​មាន​កាក​សំណល់​មនុស្ស»។សាលា​រាជ​ធានី​និង​អភិបាល​ខណ្ឌ​ចំការមន​បាន​ថ្លែងថា​ វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ស្តារ​បឹង​នេះ។ លោក​​សំខាន់ បាន​ថ្លែង​ថា៖ «អ្នក​ដឹង​ច្បាស់​ហើយ​ថា ភ្នំ​ពេញ​តែង​តែ​លិច​ទឹក នៅ​ពេល​ណា​ភ្លៀង​ខ្លាំង។ ​ដូច្នេះ​ សាលា​រាជធានី​គ្រោង​ស្តារ​បឹង​នេះ​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

ប៉ុន្តែ សមាគម​ធាងត្នោត​​ប្រៀប​ធៀប​ស្ថាន​ភាព​នេះ​ ទៅ​នឹង​ការ​បណ្តេញ​ចេញ​ពីលំនៅ​ឋាន​ទាំង​បង្ខំ។ លោក សារុំ ​បាន​ថ្លែង​ថា៖ «នេះ​នឹង​ដូច​បឹង​កក់​ ឬ​បុរី​កីឡា» ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​ជាច្រើន​​ដូច​គ្នា។

លោក Togo ទីប្រឹក្សា​តាក់​តែង​គម្រោង​នៅ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​ជប៉ុន JICA បាន​ថ្លែង​ថា ទោះ​យ៉ាង​ណា​ក្តី ក្នុង​ករណី​នេះ ជម្លោះ​ដីធ្លី មិន​មែន​អំពី​ការ​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​អ្នក​មាន​ឬ​អ្នក​មាន​អំណាច​ទេ​ ប៉ុន្តែ​ជា​ការ​ផ្តល់​​ប្រយោជន៍​ដល់​ក្រុង​ទាំង​មូល។

Togo បាន​និយាយ​ទៀត​ថា៖ «វា​ជា​បញ្ហា​ពិត​ប្រាក​ដ​​មួយ​ដែល​សាលា​រាជធានី​ត្រូវ​តែ​ដោះ​ស្រាយ។ ​ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ណាស់​ តាម​ច្បាប់​សាលា​រាជធានី​ត្រូវ​​អភិរក្ស​លើ​​ដី​នេះ ​ប៉ុន្តែ​ ប្រជា​ជន​​រំលោភ​ចូល​មក​នៅ»។

ទន្ទឹម​នេះ​ អ្នក​ស្រី សេង​ហ៊ាន និង​​អ្នក​ជិត​ខាង​អ្នក​ស្រី ​មាន​អារម្ម​ណ៍​ថា​ ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ ហើយ​និយាយ​ថា​ ប្រសិន​បើ​អ្នក​ស្រី​​ត្រូវ​បណ្តេញ​ចេញ​ ​អ្នក​ស្រី​នឹង​មិន​តវ៉ា​ទេ។ ​អ្នក​ស្រី​បាន​ចំណាយ​ប្រាក់​ ៦ ពាន់​ដុល្លារទិញ​ដី​នេះ ​ហើយ​អ្នក​ស្រី​សង្ឃឹម​ថា​ នឹង​​ទទួល​បាន​​សំណង​យ៉ាង​ហោច​ណាស់​ក៏ ៦ ពាន់​ដុល្លារ​វិញ​ដែរ​។ប៉ុន្តែ​បើ​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ​វា​នឹង​មិន​គ្រប់​គ្រាន់​ទេ ដើម្បី​ទិញ​​ផ្ទះ​ថ្មី​នៅ​ក្នុង​រាជធានី​ ​ហើយ​ជា​មួយ​នឹង​ចំណូល​​តែ​ ២ ម៉ឺន​រៀល​​ ដែល​គ្រួសារ​​អ្នក​ស្រីរក​បាន​ពី​ការ​លក់​​ពង​មាន់​ពង​ទា​ក្នុង​មួយ​ថ្ងៃ​ ​នឹង​​មិន​គ្រប់​គ្រាន់​ទេ​សម្រាប់​ការ​ជួល​ផ្ទះ​​ ប្រសិន​បើ​ត្រូវ​គេ​បណ្តេញ​ចេញ។ ​​

Urban Voice Cambodia

Urban Voice Cambodia