ពលរដ្ឋ​សហគមន៍​បឹងឈូក​ ធ្វើការ​តវ៉ា ​និង​​ការពន្យារ​សវនាការ​​របស់​តុលាការ
Posted On : April, 2, 2015 | By សំឡេងទីក្រុង

ឆាយ ច័ន្ទនីដា, Thu, 2 April 2015, Phnom Penh Post

ភ្នំពេញៈ ប្រជាពលរដ្ឋ​នៃ​សហគមន៍​បឹងឈូក នៃ​ខណ្ឌ​ឫស្សីកែវ បាន​នាំគ្នា​ឈរ​ស្រែក​តវ៉ា លើក​បដា​នៅ​មុខ​​សាលាដំបូង រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​មិ្សលមិញ ក្រោយពេល​សវនាការ​ត្រូវ​បាន​ពន្យារ​ជា​លើក​ទី​ ២ លើ​ករណី​​ដីធ្លី​ដែល​នាំឲ្យ​មាន​​ពាក្យបណ្តឹង​ប្តឹង​ចោទប្រកាន់​ថា​ពួកគេ ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត កាលពី​ឆ្នាំ​ ២០០៨ និង​ ២០០៩​។

អ្នកស្រី ខៀវ ចិន្តា អាយុ​ ៤២ ​ឆ្នាំ តំណាង​ពលរដ្ឋ​ ៤៣ គ្រួសារ​ នៃ​សហគមន៍​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ប្រាប់​ឲ្យ​​​ដឹង​នៅ​​មុខ​តុលាការ​ថា អ្នកស្រី និង​តំណាង​បី​រូប​ទៀត​ត្រូវ​ឡើង​តុលាការ​ ដើម្បី​កាត់ក្តី ប៉ុន្តែ​ការ​ខំ​ធ្វើ​ដំណើរ​​​ពី​ឆ្ងាយ​មក​ជាមួយ​ពលរដ្ឋ​ក្នុង​សហគមន៍​ឯទៀត ដែល​ជា​អ្នកគាំទ្រ ពួកគាត់​ បែរ​ជា​ទទួល​ដំណឹង​ថា​ តុលាការ​បាន​សម្រេច​ពន្យារ​សវនាការ​នេះ​ទៅវិញ។

អ្នកស្រី​ថា៖ «តុលាការ​ពិតជា​មិន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ទេ។ ពេល​តុលាការ​កោះ​ហៅ យើង​មក​ចូល​ខ្លួន​មិន​​ដែល​ខាន ​តែ​នៅពេល​សវនាការ​តុលាការ​តែងតែ​ពន្យារពេល លើក​ហេតុផល​នេះ ហេតុផល​នោះ»។ តាម​អ្នកស្រី នេះ​ជា​លើក​ទី ២ នៃ​ការ​ពន្យារពេល​កាត់ក្តី។ កាលពី​លើក​ទី ១ សវនាការ បាន​កំណត់​នៅ​ថ្ងៃ​ទី​ ៥ ខែ​មករា ២០១៥ តែ​ត្រូវ​ពន្យារ​ម្តង​ទៅ​ហើយ។

លោក សៀង សុខ ព្រះរាជអាជ្ញារង ជា​អ្នក​កោះ​ហៅ​​តំណាង​ពលរដ្ឋ​ទាំង ៤ រូប​ចូល​សវនាការ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​​ថា សវនាការ​បាន​ពន្យារ​ដោយ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ថ្មី​ឡើយ។ លោក​បន្ត​ថា ៖ «តុលាការ​សម្រេច​ពន្យារ​មិន​ទាន់​កំណត់​ថ្ងៃ​ទេ ព្រោះ​នៅ​សាកសួរ​មន្ត្រី​មួយ​ចំនួន​ទៀត»។

វិវាទ​ដីធ្លី​នៅក្នុង​សហគមន៍ ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ ៦ ចាប់ផ្ដើម​កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០០៩ ដែល​កាល​​នោះ​​អាជ្ញាធរ ខណ្ឌ​ឫស្សីកែវ បាន​តម្រូវ​ឲ្យ​អ្នកភូមិ​ក្រីក្រ​ទាំងនោះ​រុះរើ​ផ្ទះ​ចេញ​ដោយ​​ចោទប្រកាន់​អ្នកភូមិ​​ទាំងនោះ​ថា បាន​ចូល​រំលោភ​កាន់កាប់​លើ​ដី​កម្មសិទ្ធិ​ឯកជន​មាន​ម្ចាស់​ឈ្មោះ ទា ធឿន ដែល​អ្នកភូមិ​អះអាង​​​ថា មិន​ធ្លាប់​ស្គាល់​ទាល់តែ​សោះ ចាប់​តាំងពី ឆ្នាំ​ ១៩៨០ និង ១៩៩០ ខណៈ​ពួកគាត់​បាន​ចូលទៅ​រស់នៅ​ក្នុង​​​តំបន់​នោះ ដោយ​មាន​ការទទួល​ស្គាល់​ពី​រដ្ឋ​អំណាច​​មូលដ្ឋាន។

កាលពី​ខែ​វិច្ឆិកា ​លោក ធុយ សុខន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ជូន​ដំណឹង​ដល់​សហគមន៍​ឲ្យ​រុះរើ​ផ្ទះ​របស់​ខ្លួន​ចេញ​ពី​តំបន់​នេះ ដោយ​គេ​គ្រោង​ឈូសឆាយ​បើក​ផ្លូវ​ចំនួន ៧ ​ខ្សែ ដែល​មាន​ផ្លូវ​លេខ ១៨០០, ១៧០១, ១៧០៣, ១៨០៤, ១៨០៨, ១៨១២ និង លេខ ១៨១៨ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​។

សូម​រំលឹក​​​ផង​​ដែរ​ថា​ កាលពី​ខែ​​ធ្នូ​​ ឆ្នាំ ២០១៤ មាន​ករណី​អគ្គិភ័យ​មួយ​​បាន​បំផ្លាញ​​​លំនៅឋាន​ពលរដ្ឋ​ចំនួន​ ២៦ ​ខ្នង នៅក្នុង​​សហគមន៍​​បឹងឈូក​នេះ​ផង​ដែរ៕

Urban Voice Cambodia

Urban Voice Cambodia