ពលរដ្ឋ​សង្កាត់​និរោធ​តវ៉ា​ទាមទារ​សំណង​ថ្លៃ​ដី​ដែល​ប៉ះពាល់​ដោយ​គម្រោង​ពង្រីក​ផ្លូវ​លំ
Posted On : February, 19, 2015 | By សំឡេងទីក្រុង

ប្រភព៖ វិទ្យុអាស៊ីសេរី, ថ្ងៃ ទី ១៨ ខែ កុម្ភះ ឆ្នាំ​ ២០១៥

ប្រជាពលរដ្ឋ​ជិត ៨០​គ្រួសារ រស់នៅ​ភូមិ​ឫស្សីស្រស់ខាងកើត សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ តវ៉ា​ឲ្យ​អាជ្ញាធរ​ទូទាត់​សំណង​ថ្លៃ​ដី ដែល​ប៉ះពាល់​ដោយសារ​គម្រោង​ពង្រីក​ផ្លូវ​លំ​ក្នុង​ភូមិ មុន​ពេល​ពង្រីក​ផ្លូវ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ពួក​គាត់​មិន​អាច​លះ​បង់​ដី​ពង្រីក​ផ្លូវ​បាន​ទេ នៅ​ពេល​ដែល​ដី​ទាំង​នោះ​កំពុង​មាន​តម្លៃ​ខ្ពស់។ បច្ចុប្បន្ន ដី​តំបន់​នោះ​មាន​តម្លៃ​ប្រមាណ​ពី ៣០០​ដុល្លារ ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឫស្សីស្រស់ខាងកើត លោក ចៅ ចេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ប្រជាពលរដ្ឋ​យល់​ព្រម​ឲ្យ​មាន​ការ​ពង្រីក​ផ្លូវ​លំ​ក្នុង​ភូមិ​នោះ បើ​សិន​ជា​មាន​សំណង​ថ្លៃ​ដី​តាម​ថ្លៃ​ជាក់ស្តែង​នៅ​ទីផ្សារ​បច្ចុប្បន្ន៖ «លក្ខខណ្ឌ​របស់​អ្នក​ស្រុក គឺ​ទី​១ សុំ​ឲ្យ​សង​ថ្លៃ​ដី​ដែល​ប៉ះពាល់​តាម​តម្លៃ​ទីផ្សារ។ ទី​២ សុំ​ឲ្យ​សាងសង់​របង​ថ្មី និង​សំណង់​រឹងមាំ​នានា​ជាប់​របង​នោះ​ឡើង​វិញ​ឲ្យ​ម្ចាស់​ដី។ ទី​៣ គ្រប់​គ្រួសារ​ក្នុង​ភូមិ​ត្រូវ​បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​ស្រប​ច្បាប់​នូវ​លូ​បង្ហូរ​ទឹក ដែល​ឆ្លង​កាត់​មុខ​ផ្ទះ​ខ្លួន និង​ទី​៤ ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​លោក​ឧកញ៉ា លឹម វុទ្ធី ចូលរួម​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នោះ គឺ​ប្រជាពលរដ្ឋ​សុំ​សិទ្ធិ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​លោក​ឧកញ៉ា​នោះ​តែ​ម្តង»

តំណាង​ប្រជាពលរដ្ឋ​រៀបរាប់​ឲ្យ​ដឹង​ថា ផ្លូវ​លំ​ក្នុង​ភូមិ​ឫស្សីស្រស់ខាងកើត ដែល​អាជ្ញាធរ​មាន​គម្រោង​ពង្រីក​ទទឹង​ពី ៧​ម៉ែត្រ ទៅ ១២​ម៉ែត្រ​នេះ ជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​មុខ​វត្ត​និរោធ ទៅ​ដល់​មាត់​ទន្លេ។ ផ្លូវ​នេះ​ពី​ដើម​ជា​ផ្លូវ​លំ​ដី ហើយ​ក្នុង​ឆ្នាំ​២០០២ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ផ្តល់​ប្រាក់​ជួសជុល​ឲ្យ​មាន​ទទឹង​ផ្លូវ ៥​ម៉ែត្រ និង​ចាក់​កៅស៊ូ។ ក្រោយ​មក ដោយ​មាន​ការ​យល់​ព្រម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រាក់​ចាក់​បេតុង និង​ពង្រីក​ផ្លូវ​ពី​ទទឹង ៥​ម៉ែត្រ ទៅ ៧​ម៉ែត្រ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យល់​ព្រម​ទេ។ ដូច្នេះ ផ្លូវ​នេះ​មាន​កន្លែង​ខ្លះ​មាន​ទទឹង ៦​ម៉ែត្រ និង​កន្លែង​ខ្លះ​មាន​ទទឹង ៨​ម៉ែត្រ។ បច្ចុប្បន្ន អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ មាន​គម្រោង​ពង្រីក​ផ្លូវ​នោះ​ឲ្យ​មាន​ទទឹង​ដល់ ១២​ម៉ែត្រ។

ទាក់ទង​បញ្ហា​ពង្រីក​ទទឹង​ផ្លូវ​ក្នុង​ភូមិ​ឫស្សីស្រស់ខាងកើត មាន​ការ​តវ៉ា​នេះ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅ​សង្កាត់​និរោធ អ្នកស្រី ទេព ព្រហ្មមុនី និង​លោក អៀង ស៊ីផាន អភិបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​សុំ​ការ​ពន្យល់​បាន​ទេ៕

Urban Voice Cambodia

Urban Voice Cambodia