ពលរដ្ឋ​រិះគន់​ចំពោះ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ
Posted On : October, 17, 2014 | By សំឡេងទីក្រុង

ដោយ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី, ថ្ងៃទី១៦ តុលាឆ្នាំ ២០១៤

ក្រុម​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែល​ទើប​តែ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាង​ពីរ​ខែ​កន្លង​មក​នេះ រិះគន់​អំពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ស្ពាន​នេះ​ឲ្យ​បាន​ល្អ។ អ្នក​ដំណើរ​លើក​ឡើង​ថា ស្ពាន​នេះ​ចំណាយ​លុយ​ជាតិ​ជិត ១៩​លាន​ដុល្លារ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​សម្អាត​ធូលី​ដី សំរាម ធ្វើ​ឲ្យ​ស្ពាន​នោះ​មាន​បរិស្ថាន​ល្អ​សម​នឹង​តម្លៃ​ស្ពាន​នោះ​ឡើយ។

អ្នក​ដំណើរ​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ អះអាង​ថា ស្ថានភាព​ស្ពាន​បង្ហាញ​ពី​ភាព​គគ្រិច​បណ្ដាល​មក​ពី​សំរាម​នៅ​ផ្នែក​ខាងៗ​នៃ​ស្ពាន និង​អ្នក​ខ្លះ​មិន​ស្គាល់​សញ្ញា​ព្រួញ​គូស​បង្ហាញ​ផ្លូវ​លើ​ស្ពាន​នៅ​ឡើយ ទើប​បើកបរ​បញ្ច្រាស​ទិស។

យុវតី​បើកបរ​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ឈ្មោះ ឆ ដា ថ្លែង​ថា មិន​ដឹង​ជា​ដល់​ពេល​ណា​ទើប​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចេះ​ស្រឡាញ់​សមិទ្ធផល​នៃ​ប្រទេស​ដែល​ខ្លួន​រស់នៅ​នោះ​ទេ។ កញ្ញា ឆ ដា បន្ត​ថា ស្ពាន​នេះ​ទើប​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ជាង​ពីរ​ខែ​ទេ ប៉ុន្តែ​លើ​ស្ពាន និង​ក្រោម​ស្ពាន បន្សល់​សំរាម​ជាច្រើន។ បញ្ហា​សំរាម​នេះ​ដែរ អ្នក​បើកបរ​គេច​សំរាម​ជ្រុល​ទៅ​កណ្ដាល​ស្ពាន មិន​ប្រកាន់​ផ្លូវ​ផ្នែក​ខាង​ស្តាំ ក៏​បណ្ដាល​ឲ្យ​មាន​ការ​កៀរ​គ្នា​លើ​ស្ពាន​ក៏​មាន។ ទន្ទឹម​នោះ មនុស្ស​មួយ​ចំនួន​មិន​គោរព​សញ្ញា​ព្រួញ​គូស​ប្រាប់​ផ្លូវ។ ពួក​គេ​បើកបរ​យានយន្ត​ធំ​តូច​បញ្ច្រាស​ទិស បង្ក​គ្រោះ​ថ្នាក់​លើ​ស្ពាន និង​ក្រោម​ស្ពាន គឺ​ជាពិសេស​ត្រង់​ចំណុច​ត​ភ្ជាប់​ស្ពាន​ពីរ​ប្រសព្វ​គ្នា​តែ​មួយ គឺ​សម្បូរ​អ្នក​ជិះ​បញ្ច្រាស​ទិស៖ «តែ​ខ្ញុំ​មើល​ទៅ​ស្ពាន​ហ្នឹង​ទើប​បើក​បាន​២​ខែ​ទេ ប៉ុន្តែ​ការ​ប្រើ​ដូច​សង់​ស្ពាន​ហ្នឹង​ចង់​២​ឆ្នាំ​ហើយ​អ៊ីចឹង ហើយ​ខ្ញុំ​សោកស្ដាយ​ណាស់ ស្ដាយ​លុយ​រាប់​លាន​ដែល​សាងសង់​ស្ពាន​ហ្នឹង នៅ​តែ​មាន​សំរាម នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស​ខុស​ច្បាប់»

យុវជន សីលា បើកបរ​ឆ្លង​កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ រាល់​ថ្ងៃ​មក​ធ្វើ​ការ​នៅ​អគារ​ក្បែរ​ស្ពាន​នោះ ឲ្យ​ដឹង​ថា សំរាម​ប៉ើង​តាម​ខ្យល់​នៅ​ពេល​ល្បឿន​អ្នក​បើកបរ​លឿន។ ចំណែក​គម្រប​ដែក​គ្រប​ពី​លើ​លូ​ចោះ​ឲ្យ​ទឹក​ហូរ​ចេញ​ពី​ស្ពាន​របើក​ហើប​លើ​ថ្នល់​ដោយ​កន្លែង វា​អាច​បង្ក​គ្រោះថ្នាក់​ដែរ។ ទន្ទឹម​នោះ កាក​សំណល់​បេតុង​ជ្រុះ​កំពប់​លើ​ស្ពាន​ទៀត មើល​ទៅ​ការ​ថែទាំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ហាក់​ដូចជា​មិន​បាន​ឆ្លើយ​តប​សក្ដិសម​ទៅ​នឹង​ស្ពាន​ដែល​ចំណាយ​ថវិកា​ជាតិ​ច្រើន​លាន​ដុល្លារ​ទេ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា សោកស្ដាយ​ដែរ ព្រោះ​ស្ពាន​ថ្មី​ដែរ​គ្មាន​អនាម័យ។ ម្នាក់ៗ​អត់​ជួយ​សម្អាត​គ្នា។ ឃើញ​លូ​អត់​មាន​គម្រប​អត់​មាន​អី​អ៊ីចឹង ហើយ​ឃើញ​សំរាម​ដូចជា​ថង់​ប្លាស្ទិក អត់​ថែ​រក្សា​សម្អាត​ទៅ​វិញ​ទៅ​មក អត់​ថែ​រក្សា​អនាម័យ​អ៊ីចឹង។ នៅ​មាន​ពួក​ហ្នឹង អ្នក​ខ្លះ​ឃើញ​ជិះ​បញ្ច្រាស​មួយៗ ដូច​ថា គេ​អត់​សូវ​យល់​ពី​ច្បាប់​ចរាចរណ៍ ឬ​ក៏​យ៉ាង​ម៉េច​ដូច​អត់​សូវ​ដឹង។ មួយ​ទៀត ខ្ញុំ​ឃើញ​កាក​សំណល់​បេតុង​របស់​ឡាន​ដឹក​ស៊ីម៉ងត៍ បាន​ហៀរ​នៅ​លើ​ផ្លូវ​កំពប់​នៅ​លើ​ផ្លូវ​ហ្នឹង ឃើញ​មួយ​ដុំ​ដូច​ថា​វា​អត់​ស្អាត វា​ធ្វើ​ឲ្យ​ទួល​កំពីកកំពក​ខូច​ស្ពាន»

ក្រៅ​ពី​មិន​ថែទាំ​ស្ពាន នៅ​ខាង​ក្រោម​ស្ពាន​ផ្នែក​ខាង​ត្បូង អ្នក​បើកបរ​កង់​បី ម៉ូតូ​រ៉ឺម៉ក រថយន្ត​ទេសចរណ៍ ពួក​គេ​ជា​ញឹកញាប់​បាន​បើកបរ​មិន​តាម​បណ្តោយ​ស្ពាន​កាច់​កុង​ចុះ​ឡើង​នោះ​ទេ គេ​បើកបរ​ផ្លូវ​កាត់​រំលោភ​ច្បាប់ គឺ​បើក​បញ្ច្រាស​ទិស​ខាង​ក្រោម​ស្ពាន​ផ្នែក​ខាង​ត្បូង ដើម្បី​ឆ្លង​ឆ្ពោះ​ទៅ​វត្ត​ស្ទឹងមានជ័យ និង​ផ្លូវ​ផ្សារ​ស្ទឹងមានជ័យ។

មន្ត្រី​ប៉ូលិស​ចរាចរណ៍​ដែល​អង្គុយ​ផាក​ពិន័យ​យានយន្ត​បើកបរ​ល្មើស​ច្បាប់​នៅ​ខាង​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្នែក​ខាង​កើត​អះអាង​ថា មិន​អាច​មើល​អស់​សកម្មភាព​អ្នក​បើកបរ​បញ្ច្រាស​ទិស​ក្រោម​ស្ពាន​នោះ​ទេ ទាល់​តែ​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ដែរ។

ស្ត្រី​វ័យ​ចំណាស់​ជា​កម្មករ​បោស​សំរាម​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ឈ្មោះ ជុំ ពេញ ឲ្យ​ដឹង​ថា គាត់​ទទួល​ភារកិច្ច​បោស​សំរាម​លើ​មហាវិថី​ព្រះមុនីរ៉េត ចាប់​ពី​ស្តុប​ផ្សារ​ដើម​គ រហូត​ដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ហើយ​មាន​អ្នក​បោស​បន្ត​ពី​គាត់ មិន​ដឹង​ថា​អ្នក​បោស​នោះ​បោស​អស់ ឬ​មិន​អស់​សំរាម​ទេ ទើប​មាន​ការ​រិះគន់​ពី​មហាជន​រឿង​សំរាម​នេះ៖ «គេ​បោស​ត​ពី​ខ្ញុំ​ទៅ​ហើយ​នេះ ទៅ​ដល់​ស្តុប។ ខ្ញុំ​បោស​នេះ​ត​ពី​គេ​ទៅ​ដល់​ស្ពាន​ស្ទឹងមានជ័យ។ យើង​អា​ចុះ​ពី​ស្ពាន​មក​ណា មក​ត្រឹម​ហ្នឹង ទាំង​សង​ខាង បោស​ខាង​នេះ​ហើយ ទៅ​បោស​ខាង​នោះ​អ៊ីចឹង»

ពាក់ព័ន្ធ​នឹង​ការ​រិះគន់​នោះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា សាលា​រាជធានី​ភ្នំពេញ ថ្លែង​អំណរគុណ​ចំពោះ​មតិ​រិះគន់​ដើម្បី​អភិវឌ្ឍ​ជាតិ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ស្នើ​ឲ្យ​មន្ទីរ​សាធារណការ​ថែទាំ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ឲ្យ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន៖ «ខ្ញុំ​ទទួល​សំណូមពរ​ហ្នឹង ពីព្រោះ​ការ​និយាយ​នេះ​យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​ទៅ​ជា​អ៊ីចឹង​ទេ អី​អី​ទេ ខ្ញុំ​អរគុណ​ច្រើន ខ្ញុំ​នឹង​ប្រាប់​ទៅ​មន្ទីរ​សាធារណការ​ឥឡូវ​នេះ»

ស្ពាន​អាកាស​ស្ទឹងមានជ័យ សម្ពោធ​ឲ្យ​ប្រើប្រាស់​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។ ស្ពាន​នេះ​សង់​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ជា​ប្រចាំ ដែល​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​យានយន្ត​គ្រប់​ប្រភេទ​ចាប់​ពី​ស្តុប​ស្ទឹងមានជ័យ នៃ​ព្រំប្រទល់​ខណ្ឌ​ទួលគោក ខណ្ឌ​ចំការមន និង​ខណ្ឌ​មានជ័យ។

ស្ពាន​អាកាស​នេះ ចំណាយ​ថវិកា​ជិត ១៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​ដែល​បាន​មក​ពី​ការ​វិនិយោគ​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលការណ៍ យក​ក្រុង​ចិញ្ចឹម​ក្រុង។ ស្ពាន​អាកាស​ស្ទឹងមានជ័យ សាងសង់​ស្ពាន​សរុប​ចំនួន ៥​ខ្សែ ក្នុង​នោះ​មាន​ស្ពាន​មេ ១​ខ្សែ ស្ពាន​តូចៗ​ចំនួន ៣​ខ្សែ និង​ស្ពាន​ក្រោម​ដី​ចំនួន ១​ខ្សែ៕

Urban Voice Cambodia

Urban Voice Cambodia