ពលរដ្ឋ​រង​នូវ​ការ​បណ្តេញចេញ​នៅ​ខណ្ឌ​ដង្កោ​បន្ត​រស់នៅ​លើ​ដី​របស់​ខ្លួន
Posted On : មករា, 8, 2015 | By សំឡេងទីក្រុង

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៥

ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់​នៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ បាន​បន្ត​រស់នៅ​ទាំង​ហាល​ខ្យល់ ហាល​ភ្លៀង​លើ​ដី​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ការ​ឈូសឆាយ​ផ្ទះ និង​រឹបអូស​ទ្រព្យសម្បត្តិ​ពួកគេ​កាលពី​ថ្ងៃ​ទី​៥ មករា​មក​នេះ ដោយ​កម្លាំង​អាជ្ញាធរ​ចម្រុះ​របស់​ខណ្ឌ​ដង្កោ​។

ប្រជាពលរដ្ឋ​នឹង​ជួបជុំ​គ្នា​តវ៉ា នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​ទី​៨ មករា​ថ្ងៃ​នេះ ដើម្បី​សុំ​ឲ្យ​រដ្ឋសភា​អន្តរាគមន៍​លើ​ករណី​របស់​ពួកគាត់​។

បើ​តាម​ពលរដ្ឋ​ឈ្មោះ ទិល សារ៉ន អាយុ​ ៥៣​ ឆ្នាំ ឲ្យ​ដឹង​ម្សិលមិញ​ថា ផ្ទះ​ចំនួន​ ១១​ ខ្នង​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក​អភិបាលរង ប្រាជ្ញ សីហា និង​លោក​មេភូមិ ឈ្មោះ ពេជ្រ ប៉ុន យក​គ្រឿងចក្រ​មក​បំផ្លាញ​រាប​ដល់​ដី នៅ​ថ្ងៃ​ទី​៥ សីហា ដើម្បី​យក​ទៅ​ឲ្យ​ឈ្មួញ​ម្នាក់ ឈ្មោះ ម៉ៅ សុផល ដែល​ពួកគេ​បាន​អះអាង​ថា ជា​ឧត្តមសេនីយ៍ទោ​ (ផ្កាយ​ពីរ)​។

ប៉ុន្តែ​អាជ្ញាធរ​ឲ្យ​ដឹង​ម្សិលមិញ​ថា ការ​រុះរើ​ជា​ការ​យក​ដី​ជា​សម្បត្តិ​រដ្ឋ​មក​វិញ​ដើម្បី​ធ្វើ​ជា​តំបន់​អាងស្តុក​ទឹក​។

អ្នកស្រី ទិល សារ៉ន និយាយ​ថា​៖ «យើង​ធ្លាប់​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​១៩៨៥​មក មាន​ប័ណ្ណ​ស្នាក់នៅ ហើយ​មាន​ដាំ​បន្លែ​ត្រកួន កញ្ឆែត​ពេញ​លើ​ដី និង​មាន​សង់​ផ្ទះ​នៅ​ទី​នេះ​ទៀត​។ អាជ្ញាធរ​ខណ្ឌ​បាន​បំផ្លាញ​ផ្ទះ​យើង មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​។ យើង​គ្មាន​កន្លែង​នៅ​ទេ មាន​តែ​ដេក​លើ​ដី លើ​គ្រែ​កន្លែង​ដី​យើង​វិញ​»។

ហេតុការណ៍​នៅ​ថ្ងៃ​ទី​៥ មករា ត្រូវ​អ្នកស្រី ទិល សារ៉ន ដែល​ជា​អ្នក​មាន​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មាន​មនុស្ស​ជាង​១០០​នាក់ មិន​ត្រឹមតែ​បំផ្លាញ​ផ្ទះ តែ​បាន​ចាប់​យក​របស់​របរ មាន​ម៉ាស៊ីន​បូមទឹក ថ្នាំ​ពន្យារ​ជីវិត​របស់​អ្នកស្រី​ទៅ​ជាមួយ​ផង។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «អស់​ហើយ គេ​មក​កកូរកកាយ​របស់​យើង​អស់​ហើយ គេ​មក​ធ្វើ​ដូច​ចោរប្លន់​អ៊ីចឹង​»​។

ដី​ទំនាស់​ខាង​លើ ត្រូវ​បាន​ពួកគាត់​ដែល​ជា​ពលរដ្ឋ​អះអាង​ថា រស់នៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៥ មក​ម្ល៉េះ ហើយ​ពី​ដើម​មក​ស្ថិត​នៅក្នុង​ភូមិ​ត្នោតជ្រំ សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ទើប​តែ​បច្ចុប្បន្ន​ត្រូវ​បាន​កាត់បញ្ចូល​ទៅក្នុង​រដ្ឋបាល​គ្រប់គ្រង​របស់​ ខណ្ឌ​ដង្កោ សង្កាត់​ដង្កោ​វិញ​។

ក្រោយ​ហេតុការណ៍​ថ្ងៃ​ទី​៥ មករា​ភ្លាម ពលរដ្ឋ បាន​ដាក់​ពាក្យប្តឹង​ទៅ​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន ប្តឹង​លោក ប្រាជ្ញ សីហា អភិបាល​រង​ខណ្ឌ​ដង្កោ និង​លោក ពេជ្រ ប៉ុន ប្រធាន​ភូមិខ្វារ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ដោយ​លួច​ទ្រព្យសម្បត្តិ រួមមាន​ធុងបាស់​មួយ​គូ សម្លៀកបំពាក់ និង​របស់របរ​ប្រើប្រាស់ មួយ​ចំនួន​ធំ។ ល។ ដោយ​គ្មាន​បាន​ជូន​ដំណឹង​ជា​មុន និង​មាន​ការ​បង្ហាញ​ដីកា​ឡើយ។

ពលរដ្ឋ​បាន​សរសេរ​នៅក្នុង​ពាក្យបណ្តឹង​ថា៖ «នៅពេល​ប្រតិបត្តិការ កង​សន្តិសុខ​ខណ្ឌ​ដង្កោ បាន​វាយ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ឈ្មោះ គង់ ប៊ន ឲ្យ​សន្លប់​ដេក​នឹង​ដី​។ នេះ​ហើយ​ជា​អំពើ​ព្រៃផ្សៃ​របស់​កងកម្លាំង​សន្តិសុខ​ខណ្ឌ​ដង្កោ»។

លោក ប្រាជ្ញ សីហា អភិបាល​រង​ខណ្ឌ​ដង្កោ មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ចំពោះ​ការ​ដឹកនាំ​កម្លាំង​ឈូសឆាយ​ផ្ទះ​ពលរដ្ឋ ​នោះ​ឡើយ ដោយ​លោក​បាន​ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា ៖ «ខ្ញុំ​ជាប់​រវល់ តែ​ខ្ញុំ​មាន​ឯកសារ​បញ្ជាក់»។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន មាន​ប្រសាសន៍​ថា ករណី​ទំនាស់​នេះ កើតឡើង​យូរ​ឆ្នាំ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រាជធានី ហៅ​ទៅ​ចរចា​គ្នា និង​បាន​ធ្លាប់​ចុះ​មក​វាស់វែង​លើ​ដីធ្លី​របស់​ពួកគាត់​ដែរ​។

លោក​ភារម្យ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា៖​«​នេះ​ជា​ការ​ឈូសឆាយ ដោយ​គ្មាន​លិខិត ដីកា​អី​ទាំងអស់​»។

ប៉ុន្តែ​លោក វើក សាមឿន ចៅសង្កាត់​ដង្កោ បាន​អះអាង​ថា ពួក​ពលរដ្ឋ​ទាំងនោះ​គាត់​ទើប​មក​រស់នៅ​ទី​នេះ ក្រោយ​មាន​សេចក្តី​ជូនដំណឹង​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​២០០៦ ដើម្បី​កំណត់​តំបន់​ធ្វើ​ជា​អាង​ស្តុក​ទឹក​បឹង​ជើងឯក​ចំនួន​ជាង​៥០០​ហិកតា ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​ឈ្មួញដី ម៉ៅ សុផល នោះ​ឡើយ​។

លោក​ថា សាលា​រាជធានី បាន​ជូន​ដំណឹង​គាត់​ជាច្រើន​លើក​ហើយ ឲ្យ​រុះរើ​ចេញ ព្រោះ​ជា​ដី​រដ្ឋ តែ​គាត់​មិន​ព្រម។ លោក​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ៖ «នេះ​ជា​ការ​សម្រេចចិត្ត​ចុងក្រោយ​របស់​អាជ្ញាធរ ដើម្បី​អនុវត្ត​ការ​រុះរើ​នេះ​។ ចំពោះ​របស់​ដែល​បាន​បាត់បង់ ពួកគាត់ អាច​ទៅ​ទាក់ទង​យក​នៅ​សាលា​ខណ្ឌ​វិញ​បាន​»។

លោក ម៉ៅ សុផល ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ជា​ឈ្មួញ​យក​ដី​នោះ​មិន​អាច​សុំ​ធ្វើការ​ទាក់ទង​ដើម្បី​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ​៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!