ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ផ្ដើម​ផ្សព្វផ្សាយ​ពី​បញ្ហា​របស់​ខ្លួន​តាម​រយៈ​គេហទំព័រ
Posted On : August, 1, 2014 | By សំឡេងទីក្រុង

វិទ្យុ អាស៊ីសេរី ដោយ ខែ សុណង ថ្ងៃទី ៣១ កក្ដដា ឆ្នាំ ២០១៤

គេហទំព័រ​សំឡេង​ទីក្រុង ៦១០

សមាគម​ធាង​ត្នោត បាន​រៀបចំ​សិក្ខា​សាលា​ស្ដីពី សំឡេង​ទីក្រុង សម្រាប់​ការ​អភិវឌ្ឍ នៅ​ថ្ងៃ​ទី​៣១ កក្កដា នៅ​សណ្ឋាគារ​អាស៊ី (Asia) រាជធានី​ភ្នំពេញ ដែល​មាន​តំណាង​សហគមន៍​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ សង្គម​ស៊ីវិល បណ្ដាញ​ព្រះសង្ឃ និង​និស្សិត ប្រមាណ ១០០​នាក់​ចូលរួម។

ការ​ជួប​ជុំ​គ្នា​ក្នុង​សិក្ខា​សាលា​នេះ គឺ​គេ​ចង់​ឲ្យ​សហគមន៍​ទាំង​នោះ ចូលរួម​ក្នុង​សកម្មភាព​រាយការណ៍​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​ក្រុង ដើម្បី​សម្ដែង​មតិ និង​បញ្ជូន​សារ​ទៅ​ដល់​រដ្ឋាភិបាល។

សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ថា​មាន​ការ​បិទ​បាំង​មិន​ផ្សាយ​ព័ត៌មាន​ដែល​ជា​ភាព​រង​គ្រោះ​របស់​ពួក​គេ ហើយ​នាំ​គ្នា​ងាក​មក​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​គេហទំព័រ​មួយ របស់​អង្គការ​សង្គម​ស៊ីវិល​វិញ។

ការ​លើក​ឡើង​នេះ នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​អំពី​សំឡេង​ទីក្រុង សម្រាប់​ការ​អភិវឌ្ឍ ដែល​រៀបចំ​ដោយ​សមាគម​ធាង​ត្នោត នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។

ប្រធាន​អង្គការ​ធាង​ត្នោត លោក អ៊ី សារ៉ុំ មាន​ប្រសាសន៍​ថា ដោយ​ការ​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​សំណាក់​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន ទើប​អង្គការ​លោក​បង្កើត​គេហទំព័រ​មួយ​ឈ្មោះ​ថា សំឡេង​ទីក្រុង នេះ​ឡើង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ និង​ទស្សនៈ​របស់​ខ្លួន ដាក់​បញ្ចូល​ក្នុង​គេហទំព័រ​នេះ។ លោក​ថា អង្គការ​លោក​បាន​ណែនាំ​ឲ្យ​សហគមន៍ ចេះ​ប្រើ​បច្ចេកវិទ្យា​មួយ​នេះ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន ដែល​ជា​ភាព​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ក្រុង៖ «សំឡេង»។

យុវជន​មួយ​រូប គឺ​លោក ពៅ បញ្ញា ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​៣៤៧ រាជធានី​ភ្នំពេញ មាន​មតិ​ថា សហគមន៍​របស់​គាត់​កំពុង​ប្រឈម​ទៅ​នឹង​ការ​បណ្ដេញ​ចេញ ដែល​ពួក​គេ​បាន​ដឹង​តាំង​ពី​ឆ្នាំ​២០០៧។ យុវជន​រូប​នេះ​បន្ត​ថា តាម​រយៈ​គេហទំព័រ​នេះ ពួក​គេ​អាច​សម្ដែង​នូវ​ទុក្ខ​កង្វល់​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​ក្រុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ពេល​បច្ចុប្បន្ន៖ «សំឡេង»។

ទាក់ទង​ទៅ​នឹង​ការ​បង្កើត​គេហទំព័រ​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​មតិ​ថា នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ក្នុង​ការ​សម្ដែង​មតិ។ តែ​ទោះ​ជា​យ៉ាង​ណា សាលា​រាជធានី​ក៏​មាន​គេហទំព័រ​របស់​ខ្លួន ក្រៅ​ពី​នេះ​ក៏​មាន​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) ដែល​មាន​ប្រអប់​សម្រាប់​ទទួល​សំណូមពរ និង​មតិ​នានា​ពី​ពលរដ្ឋ៖ «សំឡេង»។

គេហទំព័រ​ដែល​ក្រុម​សហគមន៍​កំពុង​តែ​ប្រើប្រាស់ ដើម្បី​ដាក់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ក្រុង​នោះ មាន​អាសយដ្ឋាន www.urbanvoicecambodia.net

Urban Voice Cambodia

Urban Voice Cambodia