ពលរដ្ឋ​ពីរ​ខេត្ត​មក​សុំ​រដ្ឋសភា​ជួយ​អន្តរាគមន៍​រឿង​ដីធ្លី
Posted On : May, 19, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញបុស្តិ៍ Tue, 19 May 2015 ប៉ិច សុធារី

ភ្នំពេញៈ ប្រជាពលរដ្ឋ​​​​ពីរ​ក្រុម មាន​គ្នា​​ជាង​ ១០០​ នាក់ មកពី​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ​បាន​​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​​​នៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​ស្នើសុំ​កិច្ចអន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ​ឲ្យ​​ជួយ​​ដោះស្រាយ​បញ្ហា​​​ជម្លោះ​​ដីធ្លី​របស់​ពួកគេ ដែល​កំពុង​រង​នូវ​ភាព​​អយុត្តិធម៌​។

តំណាង​ប្រជាពលរដ្ឋ ៦៣ គ្រួសារ នៅ​ចំណុច​​​​ពាមប៉ោអូរបី ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ធី សុផល បាន​ឲ្យ​ដឹង​​​​​​ថា កាលពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ អភិបាល​ខេត្ត​ក្រចេះ បាន​សម្រេច​វៀល​ដី​ជាង ២៥០ ​ហិកតា​ពី​ក្រុមហ៊ុន​វៀតណាម ប៊ិញភឿក ២ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាស្រ័យ​ផល​ជាក់ស្តែង ប៉ុន្តែ​អភិបាលរង​ស្រុក​ស្នួល លោក សាន់ ណាល់ បាន​រំលោភ​យក​ដី​កម្មសិទ្ធិ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​​កាន់កាប់​អាស្រ័យ​ផល​ នោះ ដោយ​បែងចែក​ដីជា​ឡូត៍ រួច​ហើយ​បង្គាប់​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​ឆ្នោត​យក​។

លោក​បាន​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង និង​ផល​ដំណាំ ដែល​​ពួកគាត់​​កាន់កាប់​​ជាយូរ​ឆ្នាំ​មក​​ហើយ។ ចំណែក​​ប្រជាពលរដ្ឋ​ខ្លះ ដែល​គ្មាន​ដី​នៅ​ទី​នោះ​បែរ​ជា​មាន​ឈ្មោះ ឯ​ពលរដ្ឋ ៣៨ ​គ្រួសារ​​ដែល​មាន​ដី បែរ​ជា​មិន​មាន​ឈ្មោះ​​ក្នុង​ស្ថិតិ​ចាប់​ឆ្នោត​ទៅ​វិញ​។

លោក សុផល បាន​​ស្នើ​ «សុំ​ឲ្យ​​សម្តេច​តេជោ ហ៊ុន សែន​ និង​ក្រសួង​​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ទៅ​តាម​​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ផង​។ ដី​របស់​​​អ្នក​​ណា​ប៉ុន​ណា ឲ្យ​​អ្នក​នោះ​កាន់កាប់​ប៉ុណ្ណោះ​ទៅ​»។

មន្ត្រី​អគ្គលេខាធិការដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ែន បុណ្ណារិទ្ធ ដែល​បាន​ទទួល​​ចេញ​មក​ទទួល​យក​ញត្តិ​របស់​​ពលរដ្ឋ​ បាន​​ថ្លែង​ថា លោក​នឹង​រៀបចំ​ញត្តិ​នេះ ទៅ​តាម​បែបបទ​ឋានានុក្រម ហើយ​​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​​​​​ធ្វើការ​សម្រេច។

ចំណែក អភិបាលរង​ស្រុក​ស្នួល លោក សាន់ ណាល់ បាន​បកស្រាយ​ថា ការ​បែងចែក​ដីធ្លី​ជា​ឡូត៍​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ធ្វើ​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ និង​ការ​ស័្មគ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ប៉ុណ្ណោះ ព្រោះ​កន្លងមក​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រំលាយ​​ដី​ចូល​គ្នា ដើម្បី​ឲ្យ​អាជ្ញាធរ​រៀបចំ​ជា​ដីឡូត៍​ឲ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ ២ ហិកតា ប៉ុន្តែ​​ក្រោយពី​អាជ្ញាធរ​រៀបចំ​រួច ស្រាប់តែ​ពលរដ្ឋ​ខ្លះ​​​មិន​សុខចិត្ត​ទៅវិញ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្វើ​ទៅ​តាម​នីតិវិធី​ និង​មតិ​រួម​ពី​​ថ្នាក់​ខេត្ត​​ និង​ថ្នាក់​ជាតិ មាន​ពលរដ្ឋ​នៅ​ទី​នោះ​ប៉ុន្មាន​ខ្ញុំ​នឹង​ចែក​ជូន​ពួក​គាត់​ប៉ុណ្ណឹង»​។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ម្សិលមិញ​ប្រជាពលរដ្ឋ​ជាង ៥០ នាក់​តំណាង​ឲ្យ ២៥៣ ​គ្រួសារ នៅ​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​​ព្រះវិហារ ដែល​កំពុង​ស្នាក់នៅ​វត្ត​សាមគ្គី​រង្ស៊ី រាជធានី​ភ្នំពេញ​ក៏​បាន​ទៅ​ដាក់​ញត្តិ​​នៅ​រដ្ឋសភា​ជាថ្មី​ដែរ​ដើម្បី​ឲ្យ​ ជួយ​អន្តរាគមន៍​ទៅ​អភិបាល​ខេត្ត និង​អ្នក​ពាក់ព័ន្ធ ពន្លឿន​ការ​ដោះស្រាយ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​ដល់​ពួកគាត់​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​រដូវ​បង្ក​បង្កើន​ផល​បាន​មក​ដល់។

តំណាង​ប្រជាពលរដ្ឋ លោក ញ៉ែម សារ៉ាត់ បាន​និយាយ​នៅ​មុខ​រដ្ឋសភា​ថា ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ឃុបឃិត​គ្នា​​យក​គ្រឿង​ចក្រ ទៅ​ឈូសឆាយ​ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និង​វត្តអារាម ប៉ុន្តែ​នៅតែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​។

លោក​បាន​បញ្ជាក់​ថា៖ «​សូម​ឲ្យ​រដ្ឋសភា​ជួយ​ពន្លឿន​ការ​ដោះស្រាយ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​ឲ្យ​ ប្រជាពលរដ្ឋ​បាន​រស់នៅ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ផង ព្រោះ​ពួកខ្ញុំ​កំពុង​ជួប​ការ​លំបាក​គ្មាន​ដី គ្មាន​ស្រែ​ចម្ការ​បង្កបង្កើន​ផល​​ជាង​ ៤ ​ឆ្នាំ​ហើយ​»​។

ទាក់ទង​នឹង​ការ​ដាក់ញត្តិ​របស់​ប្រជាពលរដ្ឋ​នេះ ប្រធាន​គណៈកម្មការ​​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​ថ្លែង​ថា លោក​បាន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​ទាំងនោះ​ហើយ ហើយ​​នឹង​ធ្វើការ​ពិនិត្យ អង្កេត និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

លោក​ថា៖ «​យើង​ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​ហ្នឹង ហើយ​​បើ​ករណី​ចាំបាច់​យើង​នឹង​អញ្ជើញ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រដ្ឋមន្ត្រី ឬ​ក៏​គណៈអភិបាល​ខេត្ត​ដើម្បី​​បំភ្លឺ ផ្តល់​របាយការណ៍​ដល់​គណៈកម្មការ​នៃ​​រដ្ឋសភា​»។

បើ​តាម​លោក ឆៃអ៊ាង គណៈកម្មការ​ក៏​បាន​ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ ដើម្បី​កោះ​ហៅ​អភិបាល​​​​​ខេត្ត​​ក្រចេះ លោក សរ ចំរុង ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា នៅ​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា​ខាង​មុខ​នេះ​ដែរ ជុំវិញ​បញ្ហា​ដីធ្លី​នៅក្នុង​ខេត្ត រួម​ទាំង​ករណី​ពលរដ្ឋ​ទាំង​​ ៦៣ ​គ្រួសារ​នៅ​ស្រុក​ស្នួល ប៉ុន្តែ​ក្រសួង​នៅ​ពុំ​ទាន់​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៩ ​ខែ​កុម្ភៈ​បាន​រកឃើញ​ថា មាន​ប្រជាពលរដ្ឋ ១០៦២៥ ​គ្រួសារ ស្មើ​ប្រមាណ ៤៩៥១៩ ​នាក់ ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ចំនួន ១៣ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៣​ មាន​ចំនួន ៣៤៧៥​ គ្រួសារ។ ចំនួន​នេះ មាន​ការ​កើន​ជាង ២ ដង​​បើ​ធៀប​នឹង​ឆ្នាំ​​ ២០១២ ដែល​មាន ៥៦៧២ គ្រួសារ៕

Urban Voice Cambodia

Urban Voice Cambodia