ពលរដ្ឋប្រតិកម្មទៅនឹងសេចក្ដីសម្រេចរបស់សាលារាជធានីរឿងអភិវឌ្ឍទីក្រុងរណប
Posted On : March, 18, 2015 | By សំឡេងទីក្រុង
ដោយ៖ ម៉ម មុនីរតន៍, វិទ្យុអាស៊ីសេរី, ថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៥
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ចាត់ទុកដំណោះស្រាយរបស់អាជ្ញាធរក្រុង ដើម្បីបញ្ចប់វិវាទនេះថា ធ្វើឡើងដដែលៗ ដែលពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរពុំអាចទទួលយកបានឡើយ។
ប្រតិកម្មនេះ ធ្វើឡើងនៅបន្ទាប់ពីអភិបាលសាលារាជធានីភ្នំពេញ បានសន្យាចំពោះមុខអ្នកមានជម្លោះដីធ្លីថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារនេះ នឹងមិនធ្វើប៉ះពាល់ប្រជាពលរដ្ឋទេ។
ភ្លាមៗ ក្រោយពីអភិបាលក្រុងបានប្រកាសរំសាយអង្គប្រជុំដែលរៀបចំឡើងនៅ ក្នុងបរិវេណរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី គ្រឿងចក្រដែលត្រៀមរួចជាស្រេចនៅខាងក្រៅ ក៏បានចាប់អនុវត្តទៅតាមគម្រោងស្ថាបនាផ្លូវដែលមានចម្ងាយប្រមាណ ១០០ម៉ែត្រពីអ័ក្សផ្លូវលេខ ៦អា។
ការចាប់ផ្តើមនេះធ្វើឲ្យពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី មានក្តីព្រួយបារម្ភ និងជំរុញឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង។
រស់នៅភូមិដើមគរ លោក ជា សុផាត ពលរដ្ឋដែលរងគ្រោះម្នាក់ និងជាប្រធានសហគមន៍ភូមិដើមគរ ក្នុងចំណោមពលរដ្ឋ ៣សង្កាត់ផ្សេងទៀត ឲ្យដឹងនៅថ្ងៃទី១៨ មីនា ថា គម្រោងដែលចាប់អនុវត្តដោយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់លោក ពុង ឃាវសែ នៅពេលនេះ គឺប្រជាពលរដ្ឋមិនទាន់បានយល់ព្រមនោះទេ។ លោកបន្តថា សាលារាជធានីភ្នំពេញ បានយល់ព្រមហៃអើតែម្នាក់ឯង ចំណែកប្រជាពលរដ្ឋនៅពុំទាន់បានឯកភាពទទួលយកគោលការណ៍នេះនៅឡើយទេ៖ «មាន គោលការណ៍ប៉ុណ្ណឹងដដែលហ្នឹង។ ដូច្នេះ បានន័យប្រជាជនយើងខ្ញុំមិនអាចទទួលយកបានទេ នូវផលប៉ះពាល់ដីស្រែចម្ការ ក៏ដូចជាដីលំនៅឋាន មិនអាចទទួលយកបានទេ»។
កិច្ចប្រជុំដែលរៀបចំត្រីភាគីក្នុងនោះមានតំណាងប្រជាពលរដ្ឋ ភាគីក្រុមហ៊ុន និងអាជ្ញាធរក្រុង កាលពីព្រឹកថ្ងៃទី១៨ មីនា នៅទីស្នាក់ការក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នោះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានផ្ដល់គោលនយោបាយ ២ជម្រើសទៅដល់អ្នកភូមិ គឺទីមួយព្រមទទួលយកលុយដែលស្មើទៅនឹងតម្លៃដីដែលបានទិញមុនមក រស់នៅ និងទីពីរព្រមទទួលផ្ទះមួយល្វែងនៅក្នុងក្រុមហ៊ុន ដែលមានទំហំ ៤ម៉ែត្រ គុណ ១២ម៉ែត្រ និងតូបលក់ដូរមួយ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីចាត់ទុកថា ដំណោះស្រាយជាថ្មីទៀតនៅពេលនេះ គឺមិនខុសគ្នាពីដំណោះស្រាយលើកមុនៗឡើយ។ ពលរដ្ឋទាំងបីសង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ គឺសង្កាត់ព្រែកលាភ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកតាសេក ធ្លាប់បានតវ៉ាជាច្រើនលើកមកហើយ ជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នៅតែពុំទទួលបានលទ្ធផលចាប់តាំងពីមានវិវាទ ក្រោយឆ្នាំ២០១១ មក បន្ទាប់ពីក្រុមហ៊ុននេះ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលសាងសង់ជាទីក្រុងរណបជ្រោយចង្វារ។
លោក ប៉ា សុជាតិវង្ស ថ្លែងនៅក្នុងកិច្ចប្រជុំនោះថា ការពិតបើកុំឲ្យមានការអភិវឌ្ឍរបស់រដ្ឋាភិបាលដីនៅតំបន់ដែលមាន ជម្លោះនេះ ក៏ពុំមានតម្លៃប៉ុន្មាននោះដែរ។ ហេតុនេះ លោកអះអាងថា ដើម្បីឈ្នះៗទាំងអស់គ្នា ប្រជាពលរដ្ឋគួរទទួលទទួលយកសំណូមពរនេះ ហើយថា ទៅថ្ងៃខាងមុខតម្លៃដីនេះអាចនឹងឡើងខ្ពស់ជាងនេះថែមទៀត។ បើទោះជាបែបណា លោក ប៉ា សុជាតិវង្ស បានសន្យាថា ការអភិវឌ្ឍជាទីក្រុងរណបនេះ នឹងមិនបណ្ដេញពលរដ្ឋចេញដោយដោះដូរទៅកាន់ទីតាំងថ្មីនោះទេ៖ «ដើម្បី បញ្ជាក់អំពីគោលការណ៍ ដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ ជាមួយនឹងការពាក់ព័ន្ធផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋយើង។ មានន័យថា បងប្អូនឥតមានអ្នកណាមួយខាតជាមួយនឹងគម្រោងអភិវឌ្ឍន៍នេះទាំងអស់»។
ថ្វីបើនៅក្នុងកិច្ចប្រជុំត្រីភាគីនោះ លោក ពុង ឃាវសែ ម្ចាស់គម្រោងវិនិយោគក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី បានអះអាងថា ខ្លួនបានដោះស្រាយជាគោលនយោបាយជាមួយពលរដ្ឋបានជាង ១០០គ្រួសារហើយក្ដី ក៏អ្នកភូមិនិយាយថា ជម្លោះនេះនៅតែមិនថមថយឡើយ។
ដំណោះស្រាយរឿងដីស្រែចម្ការ និងដីលំនៅឋានដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍជាទីក្រុងរណប នៅបន្តមានចម្រូងចម្រាសដោះមិនទាន់ចេញនៅឡើយផង ខាងក្រុមហ៊ុន និងអាជ្ញាធរបានបន្តស្ថាបនាផ្លូវមួយខ្សែទៀត ស្របនឹងផ្លូវលេខ ៦អា ដែលមានទំហំទទឹង ១០ម៉ែត្រ ដោយពុំបានសិក្សាពីហេតុផលប៉ះពាល់ជាមួយអ្នកភូមិទេ។
ទាក់ទងបញ្ហានេះ មន្ត្រីច្បាប់សិទ្ធិលំនៅឋានលោក ណន អូនី ចាត់ទុកថា វាជារឿងដែលគួរឲ្យសោកស្ដាយ ដែលយន្តការដោះស្រាយមិនទាន់បានបង្ហាញជាលទ្ធផលនៅឡើយផង ទន្ទឹមគ្នានោះ ស្រាប់តែគម្រោងស្ថាបនាផ្លូវក៏ចាប់ផ្ដើមដំណើរការដែរ។ លោក ណន អូនី មើលឃើញថា គម្រោងវិនិយោគនេះ គឺពិតជាបានរំលោភសិទ្ធិជាមូលដ្ឋានទៅលើម្ចាស់អចលនទ្រព្យ ហើយសំណងនោះទៀតសោត ក៏ពុំបានឃើញដំណោះស្រាយឲ្យបានសមរម្យថែមទៀត៖ «សំណើ របស់ប្រជាពលរដ្ឋនៅផ្លូវ ៦អាហ្នឹង គាត់សុំឲ្យយកលទ្ធផលនៃផលប៉ះពាល់សិក្សាហ្នឹងមកបង្ហាញជូនសិន ជូនប្រជាពលរដ្ឋ។ បង្ហាញទៅថា តើកម្រិតនៃផលប៉ះពាល់គម្រោងផ្លូវ ១០០ម៉ែត្រហ្នឹង តើមានទំហំប៉ុន្មាន»។
ថ្វីបើអាជ្ញាធររាជធានីភ្នំពេញ បានអះអាងថា ការអភិវឌ្ឍទីក្រុងរណបនេះ នឹងមិនធ្វើឲ្យប្រជាពលរដ្ឋខាតបង់ ផ្ទុយទៅវិញប្រជាពលរដ្ឋនឹងរឹតតែចំណេញពីគម្រោងនេះក៏ដោយ ក៏អង្គការសង្គមស៊ីវិលដែលឃ្លាំមើលការវិនិយោគនេះ ចាត់ទុកថា រដ្ឋាភិបាលនៅតែបន្តគាបសង្កត់ពលរដ្ឋរបស់ខ្លួន តាមរយៈគម្រោងអភិវឌ្ឍន៍ដូចនៅតំបន់ផ្សេងទៀតកន្លងមកដដែល៕