ពលរដ្ឋ​នៅ​ពីរ​សង្កាត់​ផ្សេង​គ្នា​តវ៉ា​មិន​ឲ្យ​បូម​ខ្សាច់​ពី​ទន្លេ​ចូល​ព្រែក ខ្លាច​ប៉ះពាល់​ផ្ទះ​ពួកគេ​​
Posted On : មិនា, 29, 2015 | By សំឡេងទីក្រុង

ដោយ៖​ ណាត សុភាព​ | ថ្ងៃអាទិត្យ ទី29 មិនា 2015, VOD

ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ព្រែក​បារាំង ក្នុង​ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ប្រមូលផ្ដុំ​គ្នា​តវ៉ា​បញ្ឈប់​ការ​បូម​ខ្សាច់​ពី​ទន្លេ​ចូល​ព្រែក ព្រោះ​ខ្លាច​ប៉ះពាល់​ផ្ទះ​ពួកគាត់​ចំនួន​ពីរ​សង្កាត់​នៅ​តំបន់​នោះ​ ។​

​សង្កាត់​ទាំងនោះ​រួមមាន សង្កាត់​និរោធ និង​សង្កាត់​ច្បារអំពៅ ។​

​តំណាង​សហគមន៍​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ អ្នកស្រី អៀង ញ៉ ប្រាប់​VOD​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា តាម​គម្រោង​របស់​សាលាខណ្ឌ​ច្បារអំពៅ ត្រូវ​បូម​ខ្សាច់​លុប​ព្រែក​បារាំង រួច​ធ្វើ​ផ្លូវ​បេតុង​ទទឹង​១៤​ម៉ែត្រ​ ។ អ្នកស្រី​អះអាងថា ការអនុវត្ត​ជាក់ស្តែង អាជ្ញាធរ​ធ្វើ​ផ្លូវ​ដល់​ទៅ​១៦​ម៉ែត្រ នាំឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​គ្រួសារ ដែល​កំពុង​រស់នៅ​ក្បែរ​ប្រឡាយ​ព្រែក​បារាំង​នោះ​ ។ អ្នកស្រី​ថា អ្នកស្រី​មិន​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នោះទេ តែ​អ្នកស្រី​ស្នើ​ទៅ​អភិបាលខណ្ឌ នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យធ្វើ​ផ្លូវ​បេតុង​នៅ​តំបន់​នោះ​ត្រឹមតែ​៨​ម៉ែត្រ ទុក​៨​ម៉ែត្រ​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន​នៅនឹងកន្លែង​ ។​

 

​អ្នកស្រី អៀង ញ៉ បញ្ជាក់ថា នៅ​ពេល​ពួកគាត់​តវ៉ា​នោះ​អភិបាល​ខណ្ឌ​ច្បារអំពៅ លោក អ៊ាង ស៊ីផា​ន បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នឹង​ពួក​គាត់​៥​នាក់​ទៅ​ជួប​ពិភាក្សា​នៅ​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃ​៣១ ខែ​មីនា ឆ្នាំ​២០១៥​ខាងមុខ​ ។ VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អភិបាល​ខណ្ឌ​ច្បារអំពៅ លោក អ៊ាង ស៊ីផា​ន បាន​ទេ​នៅ​ថ្ងៃនេះ​ ។​

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ការប៉ះពាល់​ផ្ទះ​នោះ ឲ្យដឹងថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ ដោយសារ​រដ្ឋ​មាន​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ទទឹង​១៤​ម៉ែត្រ តែ​ចុះ​អនុវត្ត​ជាក់ស្តែង​១៦​ម៉ែត្រ​ចាប់ពី​តំបន់​បុរី​ប៉េង​ហួត​បឹង​ស្នោ ដល់​សង្កាត់​ព្រែកប្រា ដោយ​ផ្លូវ​នោះ​ឆ្លងកាត់​សង្កាត់​ពីរ​គឺ​សង្កាត់​និរោធ និង​សង្កាត់​ច្បារអំពៅ ​។ ពួក​គាត់​អះអាង​ថា ការអភិវឌ្ឍន៍​ធ្វើ​ផ្លូវ​នោះ​ត្រូវ​បូម​ខ្សាច់​ពី​ទន្លេ​ចូលទៅក្នុង​ព្រែក ដើម្បី​លុប​ព្រែក​ធ្វើជា​ផ្លូវ​វិញ​ ។ ករណី​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ប្រឈម​នឹង​ការប៉ះពាល់ ទើប​ពួកគេ​ចេញមុខ​តវ៉ា​បែបនេះ ​៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!