islamoo

ពលរដ្ឋ​ខ្មែរឥស្លាម​រាប់​រយនាក់ ប្រមូលផ្តុំ​គ្នា​តវ៉ា​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​បឹងកក់

នៅថ្ងៃទី៣០ ធ្នូនេះ មានពលរដ្ឋខ្មែរឥស្លាម រាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ា ចំពោះគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលសាងសង់ផ្លូវថ្មីកាត់របងវិហារឥស្លាមបឹងកក់ ពលរដ្ឋខ្មែរឥស្លាមទាំងនោះអះអាងថា ពួកគេមិនគាំទ្រចំពោះគម្រោងសង់ផ្លូវកាត់វិហារនេះឡើយ ព្រោះវាឲ្យប៉ះពាល់ និងបង្កភាពអានាធិបតេយ្យដល់បរិវេណព្រះវិហារដែលជាទីសក្ការបូជារបស់សាសនាឥស្លាម។

ខណៈដែលពលរដ្ឋខ្មែរឥស្លាម កំពុងឈរស្រែកតវ៉ាលើករណីសង់ផ្លូវកាត់នេះ គេសង្កេតឃើញមានកងកម្លាំងប្រដាប់អាវុធជាច្រើន ឈរត្រៀបត្រានៅបរិវេណវិហារឥស្លាមបឹងកក់នេះដែរ។

ជុំវិញភាពចម្រូងចម្រាសនៃការសាងសង់ផ្លូវកាត់វិហារឥស្លាម បានផ្ទុះឡើងដោយសារតែការផ្ទុយមតិគ្នារវាងតំណាងសាសនាឥស្លាម នៅតំបន់បឹងកក់នេះ។ ការផ្ទុយមតិគ្នានេះដោយសារតែលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំសាសនិកខ្មែរឥស្លាមមួយរូប បានបន្តប្រកាសគាំទ្រគម្រោងសង់ផ្លូវរបស់អាជ្ញាធរសាលារាជធានីភ្នំពេញ។ លោកថា គម្រោងសង់ផ្លូវសាធារណៈថ្មីមានសារៈសំខាន់ ដោយលោកនិយាយថា វារំដោះការកកស្ទះចរាចរណ៍ និងការរៀបចំប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀងតាមបណ្តោយផ្លុវថ្មី រួមទាំងលើកកម្ពស់សោភ័ណ ភាពវិហារឥស្លាមបឹងកក់កណ្តាលរាជធានីភ្នំពេញផង។
ប៉ុន្តែ លោក អ៉ះម៉ាត់ យ៉ះយ៉ា តំណាងខ្មែរឥស្លាមម្នាក់ដែលធ្លាប់ចាញ់ក្តីពីបទបរិហាកេរ្តិ៍លោក អូស្មាន ហាស្សាន់ ពាក់ព័ន្ធបញ្ហានេះកន្លងទៅ ធ្លាប់បានលើកហេតុផលជំទាស់នឹងគម្រោងសង់ផ្លូវកាត់របងវិហារដាច់ខាត។ លោកបានលើកហេតុផលថា វានឹងធ្វើឲ្យប៉ះពាល់ និងបង្កភាពអានាធិបតេយ្យដល់បរិវេណវិហារដែលជាទីសក្ការបូជារបស់សាសនាឥស្លាម៕

សូមអញ្ជើញទស្សនាវីដេអូរដូចខាងក្រោម៖

ប្រភព៖ thmeythmey

Leave a Reply